COVID-19
អន្តរជាតិ
WHO នៅតែ​ចង់​ធ្វើការ​ជាមួយ​អាមេរិក ក្រោយ​លោក ត្រាំ ផ្ដាច់ទំនាក់ទំនង​
02, Jun 2020 , 10:41 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។​ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។​ រូបភាព AFP
​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​ជំហរ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក ទោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ដាច់ទំនាក់ទំនង​ទ្វេភាគី និង​បង្វែរ​លុយ​ជំនួយ​ទៅកាន់​ស្ថាប័ន​ផ្សេង​ក្ដី​។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា ការចូលរួម​របស់​អា​មេ​រិ​ក បង្កើត​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​សម្បើម​ក្នុង​វិស័យ​សុខាភិបាល​អន្តរជាតិ​។​

 
​នៅ​ថ្ងៃទី​២៩ ខែឧសភា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្ដាច់ទំនាក់ទំនង​រវាង​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក ដែល​លោក​ចោទថា ជា​អាយ៉ង​របស់​ចិន​។ លោក ត្រាំ ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​ចាត់ទុកជា​កម្សោយ​របស់​អង្គការ​នេះ​ក្នុងការ​ឆ្លើយ​នឹង​ជំងឺ COVID-19 ដែល​ផ្ទុះ​ពីដំបូង​នៅ​ចិន ហើយ​បន្ត​រាលដាល​ពេញ​ពិភពលោក​។ លោក ថែមទាំង​បរិហារ WHO ថា មិន​អើពើ​នឹង​ការព្រមាន​ពី​ជំងឺ​នេះ​ទៀតផង​។​
 
​មុន​ផ្តាច់ទំនាក់ទំនង​នេះ លោក ត្រាំ ផ្អាក​ការផ្ដល់​វិភាគទាន​របស់​អាមេរិក​សម្រាប់​អង្គការ​អន្តរជាតិ​មួយ​នេះ ហើយ​ទុកពេល​ឲ្យ​៣០​ថ្ងៃ​ដើម្បី​ធ្វើកំណែទម្រង់​។ ប៉ុន្តែ​លោក ត្រាំ អះអាងថា លោក​មើលមិនឃើញ​ពី​សកម្មភាព​របស់ WHO ដែល​ចង់​ផ្លាស់ប្ដូរ​ឡើយ ទើប​សម្រេចចិត្ត​បញ្ចប់​ទំនាក់ទំនង​តែម្ដង​។​
 
​ទោះជា​យ៉ាងណា WHO នៅតែ​មានបំណង​ធ្វើការ​ជាមួយ​អាមេរិក​ដដែល​។ ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​នៅ​ថ្ងៃទី១ ខែមិថុនា អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា លោក​ទទួលបាន​សំណួរ​ពាក់​ព័ន្ធសម្ដី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៩ ខែឧសភា។ លោក Tedros បញ្ជាក់ថា ពិភពលោក​ទទួលបាន​ប្រយោជន៍​យូរ​មក​ហើយពី​ការចូលរួម​ដ៏​ខ្លាំងក្លា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​។ 
 
«​វិភាគទាន និង​សណ្ដាន​ចិត្ត​របស់​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​មកលើ​សុខាភិបាល​សាកល​ ហើយ​អាមេរិក​បាន​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ជុំវិញ​ពិភពលោក​។​» នេះ​ជាការ​លើកឡើង​របស់លោក Tedros ដែល​បន្ថែមថា WHO មាន​ក្ដី​ប្រាថ្នា​ចង់​ឲ្យ​ការសហការ​នេះ​បន្ត​ទៅមុខទៀត​។​
 
​ការដើរ​ចេញ​របស់​អា​មេ​រិ​ក រង​ការរិះគន់​ខ្លាំង​ពី​ប្រទេស​ឯទៀត ខណៈ​វា​ក៏​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​អង្គការ​មួយ​នេះ​។ វិភាគទាន​របស់​អាមេរិក​ដែល​កាលពី​ឆ្នាំ​២០១៩ មាន​ដល់​ទៅ​ជាង​៤០០​លាន​ដុល្លារ គឺជា​ចំណែក​ដ៏​ធំ​មួយ​ដែល​សម្រួល​ការចំណាយរ​បស់ WHO ក្នុង​បេសកកម្ម​លើកកម្ពស់​សុខុមាល​ភាព​សាធារណៈ ពិសេស​ក្នុងពេលដែល​ជំងឺ COVID-19 កំពុង​អុកឡុក​ពេញ​ពិភពលោក បូកផ្សំ​នឹង​ជំងឺ​ទៀត​នោះ​៕  

Tag:
 អាមេរិក​
 WHO
  ដូ​ណា​ល់ ត្រាំ​
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com