អតីត​ស្តេច​ប្រដាល់ Floyd ចេញថ្លៃ​ធ្វើ​បុណ្យសព​ឲ្យ George Floyd ទាំងអស់​
កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ស្តេច​ប្រដាល់ Floyd ចេញថ្លៃ​ធ្វើ​បុណ្យសព​ឲ្យ George Floyd ទាំងអស់​
02, Jun 2020 , 11:45 am        
រូបភាព
​ស្តេច​ប្រដាល់​អាមេរិក Floyd Mayweather នឹង​ចេញថ្លៃ​ចំណាយ​លើ​ពិធី​បុណ្យសព​របស់ George Floyd ទាំងអស់​។ លោក Leonard Ellerbe ភ្នាក់ងារ​របស់ Floyd បាន​ប្រាប់​ទូរទស្សន៍ ESPN ដូច្នេះ​នៅ​ថ្ងៃទី​១ ខែមិថុនា​។​


 
​បុរស​ស្បែក​ខ្មៅ George Floyd បាន​ស្លាប់ ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី​អស់​រយៈពេល​ជិត​៩​នាទី​។ ករណីនេះ បានកើត​ឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា George បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។​
 
​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក​វ័យ​៤៦​ឆ្នាំ បានធ្វើ​ឲ្យ​មានប្រតិកម្ម​យ៉ាង​សាហាវ​នៅ​ទូទាំង​រដ្ឋ​នៅ​អាមេរិក ដោយ​ក្រុមអ្នកតវ៉ា នាំគ្នា​បាតុកម្ម​បំផ្លាញ ហាង​ទំនិញ ប៉ុស្តិ៍​ប៉ូលិស និង​ការដុត​បំផ្លាញ​ទីតាំង​មួយចំនួន​ផង ហើយ​ក្នុងនោះ ក៏មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​លួច​ឥ​វ៉ាន់​ពី​ក្នុង​ហាង​ផងដែរ​។​
 
​ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​នៃ​សព លោក Ellerbe បានបញ្ជាក់​ប្រាប់ ESPN ថា​ក្រុមគ្រួសារ​របស់ George បាន​ទទួលយក​ការផ្តល់ជូន​ជា​ប្រាក់​ពី​សំណាក់​អតីត​អ្នក​ប្រដាល់ Floyd ដើម្បី​ចំណាយ​សម្រាប់​ពិធី​បុណ្យសព​នោះ​។​
 
«​គាត់ [Floyd] ប្រហែលជា​ខឹង​នឹង​ខ្ញុំ​ចំពោះ​ការនិយាយ​បែបនេះ​ប៉ុន្តែ​ប្រា​ដក​ណាស់ Floyd ពិតជា​ចំណាយលុយ​សម្រាប់​ពិធី​បុណ្យសព​នោះ​»​។​
 
​ភ្នាក់ងារ​ប្រដាល់​សញ្ជាតិ​អាមេរិក​បន្ថែមថា Floyd ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៥ ស្ថាប័ន​ដែល​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ ២០១៧ ជាមួយនឹង​កំណត់ត្រា​ឈ្នះ​ទាំង​៥០​លើក មិន​ចង់​ឲ្យ​និយាយ​អំពី​ការបរិច្ចាគ​ប្រាក់​របស់គេ​សម្រាប់​ពិធី​បុណ្យសព​នេះឡើយ​។ ពិធី​បុណ្យសព​របស់ George Floyd នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ មិថុនា ក្នុង​ហ៊ូ​ស្តុ​ន សហរដ្ឋអាមេរិក​។​
 
​ការធ្វើ​កោសល្យវិច័យ​ជា​ផ្លូវការ​ជុំវិញ​ការស្លាប់​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ ខ​មិថុនា​បាន​រកឃើញថា George ពិ​ជា​បាន​ស្លាប់​ដោយសារតែ​ការ​សង្កត់ ក ពិតមែន​។ ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី​៣ និង​ករណី​ឃាតកម្ម​ធ្វេសប្រហែស​ក្នុងករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ George៕

Tag:
 Floyd Mayweather
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម