កីឡាជាតិ
ជាតិ
វេជ្ជបណ្ឌិត ស្តើង ជា ប្រាប់​របៀប​ហូប​អាហារ កុំ​ឲ្យ​ប៉ះពាល់​សុខភាព​អំឡុងពេល​លេង​កីឡា​
03, Jun 2020 , 8:59 am        
រូបភាព
លោក ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជា
លោក ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជា
ដោយ:
​អ្នកលេង​កីឡា មិនអាច​ទទួលទាន​អាហារ​ផ្តេសផ្តាស ខុស​ក្បួនខ្នាត​វិទ្យាសាស្ត្រ​កីឡា​នោះទេ ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ការទទួល​ទាន​អាហារ​មុន និង​ក្នុងអំឡុងពេល​ហ្វឹកហាត់ ឬ​លេង​កីឡា វា​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ប្រភេទ​អាហារ​។ តើ​ត្រូវ​ទទួលទាន​អាហារ​ដោយ​របៀប​ណា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​? 

 
 
​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា​កម្ពុជា បានលើកឡើង​ពី​របៀប​ទទួលទាន​អាហារ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្នុងអំឡុងពេល​ហ្វឹកហាត់ និង​លេង​កីឡា​។ បើតាម​វេជ្ជបណ្ឌិត​រូបនេះ អាហារ​ខ្លះ​អាច​ហូប​មុន អាហារ​ខ្លះ​អាច​ហូប​ក្នុងអំឡុងពេល និង​អាហារ​ខ្លះ​អាច​ហូប​ក្រោយ​ការហ្វឹកហាត់ និង​លេង​កីឡា​។ 
 
​ប៉ុន្តែ​ការហូប​អាហារ​ទាំងនោះ​ត្រូវ​ធ្វើតាម​ពេលវេលា​កំណត់​ក្នុង​វិទ្យាសាស្ត្រ​កីឡា​។ ហើយ​មុន​ជ្រើសរើស​អាហារ អ្នក​ហ្វឹកហាត់ ឬ​អ្នកលេង​កីឡា​ត្រូវ​គិតពី​ផលប៉ះពាល់​នៃ​អាហារ​។ ក្នុងន័យនេះ គឺ​ត្រូវ​ជ្រើសរើស​អាហារ​ណា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​។  
 
​ពាក់ព័ន្ធ​ការទទួល​ទាន​អាហារ លោក ស្តើង ជា បាន​ពន្យល់ថា​៖«​ចំពោះ​ចំណី​គោក ឬ​វត្ថុ​រឹងៗ យើង​ត្រូវ​ទទួលទាន​ឲ្យ​បាន​៤​ម៉ោង​មុន​ហ្វឹកហាត់ ឬ​លេង​កីឡា រីឯ​ចំណី​រាវៗ​យើង​ត្រូវ​ទទួលទាន​ឲ្យ​បាន​២​ទៅ​៣​ម៉ោង បើ​ទឹក​ដែល​ផ្តល់​ថាមពល​ត្រូវ​ទទួលទាន​ឲ្យ​បាន​១​ម៉ោង ឬ​កន្លះ​ម៉ោង​មុន​។ តែ​ចំណី​យើង​ត្រូវ​គិតគូ​ថា ចំណី​ណា​ដែល​អាច​ទទួលទាន​បាន​ដោយ​គ្មាន​ទុក្ខទោស​ដល់​យើង ពីព្រោះ​បុគ្គល​ម្នាក់ៗ​មាន​ទម្លាប់​ខុសៗ​គ្នា​»​។​
 
​ដោយឡែក កីឡាករ ឬ​អ្នក​ហាត់​កីឡា​អាច​ហូប​ទឹកបាន​គ្រប់ពេលវេលា​ទាំង​មុន ក្រោយ និង​ក្នុងអំឡុងពេល​ប្រកួត និង​ហ្វឹកហាត់​។ បន្ថែម​លើ​នេះ កីឡាករ ឬ​អ្នក​ហាត់​កីឡា​ទាំងអស់ គួរ​ហូប​ទឹក​រៀងរាល់​១៥​នាទី​ម្តង ដើម្បី​ជួយ​ស្តារ និង​បំពេញ​ជាតិ​ទឹក​ក្នុង​សារពាង្គកាយ​។ នេះ​ជាការ​បន្ថែម​របស់លោក ស្តើង ជា​។  
 
​សម្រាប់​លោក ស្តើង ជា ក្រៅពី​យល់ដឹង​ពី​របៀបរបប​នៃ​ការបរិភោក​អាហារ អ្នក​ហាត់​កីឡា ឬ​អ្នកលេង​កីឡា គួរ​យល់ដឹង​ពី​របៀប​នៃ​ការហាត់​កីឡា ឬ​លេង​កីឡា​។ ជាពិសេស​អ្នក​ហាត់​កីឡា​ទាំងអស់​ត្រូវធ្វើ​ចលនា​កម្តៅ​សាច់ដុំ​មុនពេល​ហ្វឹកហាត់ បន្ទាប់មក​ត្រូវ​ចលនា​សម្រួល​សាច់ដុំ​មកវិញ ក្រោយ​ការហ្វឹកហាត់ ឬ​ប្រកួត​។ ព្រោះ​ការធ្វើ​បែបនេះ វា​អាចជួយ​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សុខភាព​៕  

Tag:
 ស្តើង ជា​
© រក្សាសិទ្ធិដោយ thmeythmey.com