COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​កាណាដា ទាត់ចោល​សំណើ​អាមេរិក​ដែល​ចង់​អញ្ជើញ​រុស្ស៊ី​ចូល​ក្រុម​ប្រទេស G7
02, Jun 2020 , 3:25 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ខាងឆ្វេង) ជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នាកិច្ចប្រជុំG7 នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៩។ រូបភាព៖ Twitter, Justin Trudeau
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ខាងឆ្វេង) ជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នាកិច្ចប្រជុំG7 នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៩។ រូបភាព៖ Twitter, Justin Trudeau
​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​ចេញមុខ​បដិសេធ​មិន​ឲ្យ​រុស្ស៊ី​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) នាពេលខាងមុខ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ឡើយ។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កាណាដា នៅ​ថ្ងៃទី​១ ខែមិថុនា បែបនេះ ធ្វើឡើង​ដោយ​សំអាងថា រុស្ស៊ី​មិន​សាក​សម​មក​ចូលប្រជុំ​G7 នោះទេ ព្រោះ​ប្រទេសមួយ​នេះ មិន​គោរព​ច្បាប់ទម្លាប់ និង​បំពាន​ច្បាប់​អន្តរជាតិ​។




​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ ដែល​គ្រោង​​ប្រារព្ធ​ឡើង នៅ​ខែមិថុនា ខាងមុខ នា​និវេសនដ្ឋាន​ Camp David ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គ្រោង​អញ្ជើញ​រុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា និង​អូស្ត្រាលី​ឲ្យ​មក​ចូលរួម​។ ការបន្ថែម​សមាជិក​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​G7 នេះ គឺ​លោក​ត្រាំ បាន​សំអាងថា កិច្ចប្រជុំ​មួយ​នេះ គឺ​ហួស​សម័យ និង​មិន​សក្តិ​សម ក្នុងការ​តំណាង​ឲ្យ​ពិភពលោក​ទាំងមូល​។​
 
​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​ក្នុង​ខែមិថុនា​នេះ ត្រូវបាន​អាមេរិក​លើក​ពេល​ប្រជុំ ដោយសារតែ​ស្ថានភាព​COVID-19 នៅ​អាមេរិក និង​ការបដិសេធ ​មិន​ទៅ​ចូលរួម​របស់​សមាជិក​មួយចំនួន ដូចជា​អាល្លឺម៉ង់​ជាដើម​។ បើតាម​លោក​ត្រាំ កិច្ចប្រជុំ​G7 អាច​ធ្វើឡើង​សារជាថ្មី​ នៅក្នុង​ខែកញ្ញា​ខាងមុខ​។ 
 
​ទាក់ទង​នឹង​ការចូលរួម​របស់​រុស្ស៊ី​ក្នុងជំនួប G7 នេះ កាណាដា​បាន​លើកឡើងថា រុស្ស៊ី​មិន​សាក​សម ក្នុងការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃទី​១ ខែមិថុនា នាយករដ្ឋមន្ត្រី Justin Trudeau បាន​អះអាងថា រុស្ស៊ី​មិន​សក្តិ​សម​ចូលរួម​ក្នុង​កិច្ចប្រជុំ G7 ឡើយ ព្រោះ​ប្រទេសមួយ​នេះ មិន​គោរព​ច្បាប់​អន្តរជាតិ និង​បំពាន​បទដ្ឋាន​អន្តរជាតិ​។ ប្រមុខ​រដ្ឋាភិបាល​កាណាដា សំដៅ​ទៅលើ​សកម្មភាពរ​បស់​រុស្ស៊ី កាលពី​ឆ្នាំ​២០១៤ ដែល​បាន​លេប​ត្របាក់​ យក​ទឹកដី​គ្រី​មៀ​។ 
 
​ក្រៅពី​ហាម​វត្តមាន​រុស្ស៊ី កាណាដា​ក៏​បដិសេធ​ការបន្ថែម​សមាជិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Trudeau បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ពិតជា​សំខាន់​ណាស់ ក្នុងការ​រក្សា​សមាជិក​ប្រជុំ​ឲ្យ​នៅ​ដដែល ហើយ​ត្រូវ​ប្រាកដថា យើង​កំពុងតែ​សហការ​ជាមួយគ្នា​ជា​អន្តរជាតិ នៅក្នុង​ពេលនេះ ដើម្បី​ដោះស្រាយ​វិបត្តិ​(COVID-19) »​។ ក្នុងន័យនេះ ការបន្ថែម​សមាជិក គឺ​មិន​សំខាន់​ឡើយ ប៉ុន្តែ​កិច្ចប្រជុំ​នេះ ត្រូវការ​ការសហការ​គ្នា​ពី​សមាជិក G7 ទាំងអស់ ។ 
 
​សូមបញ្ជាក់ថា កាលពីមុន​ឆ្នាំ ២០១៤ រុស្ស៊ី ​ក៏​ជា​សមាជិក​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​នេះដែរ ដែល​ពេលនោះ គឺ​គេ​ហៅថា​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៨ (G8)។ ប៉ុន្តែ​ដោយសារតែ រុស្ស៊ី​លេប​ត្របាក់​យក​ទឹកដី​គ្រី​មៀ​ នៅក្នុង​ឆ្នាំ​២០១៤ សមាជិក​ទាំងអស់​ បាន​សម្រេច​ដក​រុស្ស៊ី​ចេញពី​កិច្ចប្រជុំ​G8​។ បន្ទាប់ពី​ដក​សមាជិកភាព​រុស្ស៊ី​ចេញពី​កិច្ចប្រជុំ G8 ត្រូវបាន​ប្តូរ​មកជា G7 វិញ​។ សមាជិក G7 មាន​អាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និង​អង់គ្លេស​៕

Tag:
 G7
  កាណាដា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com