អន្តរជាតិ
កូរ៉េខាងត្បូង​ចង់​ក្លាយជា​សមាជិក​ក្រុម​ប្រទេស G7 អចិន្ត្រៃយ៍ មិនមែន​ចាំ​គេ​អញ្ជើញ​ម្ដងម្កាល​ឡើយ​
02, Jun 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន ។​ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន ។​ រូបភាព Xinhua
​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២ ខែមិថុនា ប្រកាសថា កូរ៉េខាងត្បូង​រំពឹង​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រទេស​រីកចម្រើន​លើ​ពិ​ព​លោក មិនមែនជា​ប្រទេស​ដែល​ត្រូវបាន​អញ្ជើញ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​ម្ដងម្កាល​ឡើយ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នក​លើក​គំនិត​ពង្រីក​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) ដោយ​បញ្ចូល​ប្រទេស​មួយចំនួនទៀត​ក្នុងនោះ​មាន​កូរ៉េខាងត្បូង​ផងដែរ​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​បំណង​ពង្រីក​សមាជិក​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ G7 ព្រោះ​លោក​យល់ឃើញថា G7 មិនបាន​តំណាង​ឲ្យ​ស្ថានភាព​ពិភពលោក​សព្វថ្ងៃ​ឡើយ​។ លោក ត្រាំ បាន​ចុច​ឈ្មោះ​កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា រុស្ស៊ី និង​ប្រេ​ស៊ី​ល​ផងដែរ​។ បើ​ផែនការ​លេចចេញ​ជា​រូបរាង G7 នឹង​ប្ដូរ​រូបរាង​ទៅជា G11 ឬ​G12 វិញ​មិន​ខាន​។​
 
​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១ ខែមិថុនា លោក ត្រាំ និង​សម​ភាគី មូ​ន ចេ​អ៊ី​ន បាន​ឯកភាពគ្នា​បញ្ចូល​កូរ៉េខាងត្បូង​ក្នុង​ក្រុម​ប្រទេស​ថ្មី​បន្ថែម​ពីលើ​ជប៉ុន កាណាដា អ៊ីតាលី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ លោក មូ​ន គាំទ្រ​គំនិត​លោក ត្រាំ ហើយ​មាន​ឆន្ទៈ​ទៅ​ចូលរួម​នៅ​អាមេរិក​ផងដែរ ប្រសិន​មានការ​រៀបចំ​។ 
 
​អ្នកនាំពាក្យ​វិមាន​ប្រ​ធានា​ធិ​ប​កូរ៉េខាងត្បូង លោក Kang Min-seok និយាយថា បើ​លោក មូ​ន ទៅ​ប្រជុំ​អាមេរិក​មែន​នោះ មានន័យថា កូរ៉េខាងត្បូង​នឹង​ក្លាយជា​សមាជិក​យន្តការ​ថ្មី មិនមែនជា​ប្រទេស​ដែល​ត្រូវបាន​អញ្ជើញ​តែម្ដង ឬ​បណ្ដោះអាសន្ន​ឡើយ​។ បើតាម​មន្ត្រី​រូបនេះ ការអញ្ជើញ​នេះ មានន័យ​ស្មើនឹង​កូរ៉េខាងត្បូង​កំពុង​រះ​ឡើង​ក្នុងនាម​ជា​ប្រទេស​នាំមុខ​មួយ​ក្នុង​សណ្ដាប់ធ្នាប់​អន្តរជាតិ ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​សាកល និង​ជំរុញ​ផលប្រយោជន៍​ខ្លួនឯង​ផ្ទាល់​។​
 
​មន្ត្រី​ដដែល​នេះ បញ្ជាក់ថា លោក មូ​ន ជា​មេដឹកនាំ​បរទេស​ទីមួយ​ដែល​បាន​ជជែក​ជាមួយ​លោក ត្រាំ ពី​គម្រោង​ពង្រីក G7 ។ 
 
​យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏ត្រូវ​ប្រយ័ត្ន​ផងដែរ​។ មន្ត្រី​សេត​វិមាន​ប្រកាស​ចំហ​រថា កិច្ចប្រជុំ​ប្រទេស​រីកចម្រើន​ដែល​លោក ត្រាំ គ្រោង​រៀបចំ​នៅ​ខែកញ្ញា ឬ​ពេល​ក្រោយៗ នឹង​ផ្ដោតលើ​ប្រធានបទ​ចិន​។ លើកលែង​រុស្ស៊ី​ចេញ ប្រទេស​ដែល​លោក ត្រាំ ចង់​អញ្ជើញ​គឺជា​ប្រទេស​មាន​គោលនយោបាយ​ផ្ទុយ​ពី​ចិន​ដូចជា​អូស្ត្រាលី ឬ​មាន​ជម្លោះ​ជាមួយ​ចិន​ដូចជា​ឥណ្ឌា​ជាដើម​។ កូរ៉េខាងត្បូង ជា​សម្ព័ន្ធមិត្ត​ស្និទ្ធ​មួយ​របស់​អាមេរិក តែ​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​ផងដែរ​៕ 
 

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  អាមេរិក​
 G7
© រក្សាសិទ្ធិដោយ thmeythmey.com