សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បង្ហាញគម្រោងរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិធំៗ៣នៅឆ្នាំនេះ។ សហព័ន្ធ ប្តេជ្ញាថា នឹងបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែងកាលពីពេលថ្មីៗ សហព័ន្ធ បានបាញ់ថ្នាំសម្លាប់មេរោគក្នុងទីលានហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់កីឡាករ។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបង្ហាញពីគម្រោងរៀបចំការប្រកួតធំៗ៣ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា ក្នុងការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងរៀបចំការប្រកួតកីឡាឡើងវិញ។ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិទាំង៣នោះ រួមមានការប្រកួតជើងឯកថ្នាក់ជាតិ, ពានរង្វាន់សម្តេច ស ខេង និងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍។
បើតាមប្រធានអង្គភាពកីឡានគរបាលជាតិរូបនេះ ការប្រកួតជើងឯកថ្នាក់ជាតិ ដែលទទួលបានថវិកាទ្រទ្រង់ពីក្រសួងអប់រំ យុវជននិងកីឡា និងការប្រកួតពានរង្វាន់សម្តេច ស ខេង គ្រោងរៀបចំនៅក្នុងខែមិថុនា នេះ។ តាមគម្រោងការប្រកួតជើងឯកថ្នាក់ជាតិ គ្រោងធ្វើឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០២០ តែត្រូវបានលើកពេលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ដោយឡែក ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង មិនទាន់បានកំណត់ពេលរៀបចំច្បាស់លាស់នៅឡើយទេ។ ការមិនទាន់កំណត់នេះ ដោយសារប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្រោងបញ្ចូនកីឡាករចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ កំពុងប្រឈមការរាតត្បាតនៃជំងឺកូវីដ-១៩។
«យើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ប៉ុន្តែយើងបានពន្យារពេលអត់មានកំណត់កាលបរិច្ឆេទនោះទេ។ យើងប្រកួតក្នុងប្រទេស អាចប្រកួតបាន ប៉ុន្តែពេលអ្នកមកពីក្រៅប្រទេសមក ហើយប្រទេសជុំវិញយើងដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ជាដើមមិនធូរស្រាលនៅឡើយទេ(កូវីដ-១៩)ដូច្នេះវាមិនដឹងពន្យារពេលដល់ណានោះទេ»។ នេះជាការលើកឡើងរបស់លោក ជា ប៊ុនហេង។
ទោះបីស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នឹងបន្តអនុវត្តឲ្យបានតឹងរ៉ឹងនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈការរក្សាគម្លាតសង្គ និងបុគ្គល លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសនៅពេលចាំបាច់។ នេះជាការប្តេជ្ញារបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីស។
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា កាលពីថ្ងៃទី២៨ ឧសភា បានបាញ់ថ្នាំសម្លាប់មេរោគតាមទីលានហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់កីឡាករ មុនអនុញ្ញាតឲ្យពួកគេចូលហ្វឹកហាត់ និងស្នាក់នៅ។ ការធ្វើបែបនេះ គឺដើម្បីធានាថា ទីលានសូហ្វតិន្នីសមិនមែនជាកន្លែងចម្លងជំងឺកូវីដ-១៩។
ប្រធានអង្គភាពកីឡានគរបាលជាតិខាងលើរំពឹងថា តាមរយៈការប្រកួតពានរង្វាន់ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេច ស ខេង នឹងអាចជួយស្តារសមត្ថភាពរបស់កីឡាករឲ្យមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីពួកគេផ្អាកការហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមកនេះ៕