COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ighalo បន្ត​សុបិន​លេង​ឲ្យ Man Utd ដល់​ឆ្នាំ​២០២១ ក្រោយ​ចរចា​ពន្យារពេល​ខ្ចី​ជើង​ជោគជ័យ​
02, Jun 2020 , 4:36 pm        
រូបភាព
​ខ្សែប្រយុទ្ធ Odion Ighalo បាន​បន្ត​កិច្ចសន្យា​ស្នាក់នៅ​ជាមួយ​ក្រុម Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង រហូតដល់​ខែមករា ឆ្នាំ ២០២១​។ ការពន្យារ​ពេលនេះ នឹងធ្វើ​ឲ្យ Ighalo អាច​បញ្ចប់​រដូវ​កាល ២០១៩-២០ ក្នុង​ក្របខណ្ឌ Premier League ជាមួយ​បិសាច​ក្រហម​ដោយ​រីករាយ​។​


Ighalo សញ្ជាតិ​នី​ហ្សេ​រី​យ៉ា វ័យ​៣០​ឆ្នាំ បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម Man Utd ក្នុង​ខែមករា ឆ្នាំ​២០១៩ ពី​ក្រុម Shanghai Shenua នៃ​លី​គ​កំពូល​ចិន (CSL) ក្នុង​កិច្ច​ស​ន្សា​ខ្ចី​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា​។ 
 
​ដោយសារ​ដល់​វេលា​កំណត់ ហើយ​ក្រុម​មិនមាន​ជម្រើស​ក្នុងការ​ទិញយក​កីឡាករ​រូបនេះ​ផ្តាច់​នោះ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Man Utd បាន​ចរចា​ដើម្បី​ពន្យារ​ការខ្ចី​ជើង Ighalo បន្ត​រហូតដល់​ដើមឆ្នាំ​២០២១​។​
 
​ក្រោយ​ចរចា​បាន​ជោគជ័យ លោក Solskjaer បាន​និយាយថា​៖«​នេះ​គឺជា​ក្តី​សុបិន​សម្រាប់ Ighalo ហើយ​សង្ឃឹមថា​គាត់​អាច​បញ្ចប់​នូវ​អ្វីដែល​គាត់​បានចាប់ផ្តើម និង​ឈ្នះ​ពានរង្វាន់​ជាមួយ​យើង​។ Shanghai Shenua បានធ្វើ​ដំណើរ​ឆ្ពោះទៅមុខ​យ៉ាង​ល្អ​ដោយ​អនុញ្ញាត​ឲ្យ​គាត់​លេង​ជាមួយ​ក្លិប​ក្នុង​សុបិន​របស់គាត់​»​។​
 
​ចាប់តាំងពី​ផ្លាស់​ទៅ​ទឹកដី Old Trafford មក អតីត​សមាជិក​ក្រុម Watford រូបនេះ​រកបាន ៤​គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន​៨​ប្រកួត រួមទាំង​ការរក​គ្រាប់​បាល់​ក្នុង​ជ័យជម្នះ ៥-០ លើ​ក្រុម LASK ក្នុង​ក្របខណ្ឌ Europa League នៅ​ថ្ងៃទី​១២ ខែមីនា ដែលជា​ការប្រកួត​ចុងក្រោយ​របស់ Man Utd មុន​ការប្រកួត​ទាំងអស់​ត្រូវ​ផ្អាក ដោយសារ​ជំងឺ COVID-19​។​
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការពិភាក្សាគ្នា​រវាង​ក្លិប សហព័ន្ធ និង​រដ្ឋាភិបាល​អង់គ្លេស ការប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ បានសម្រេច​ចាប់ផ្តើម​ឡើងវិញ នៅ​ថ្ងៃទី​១៧ ខែមិថុនា​។​
 
​បច្ចុប្បន្ន ក្រុម​របស់លោក Solskjaer ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​តារាង Premier League ដោយ​រកបាន​៤៥​ពិន្ទុ ពី​ការប្រកួត​២៩​លើក ដោយ​តាម​ពីក្រោម​ក្រុម​លេខ​៤ Chelsea ចំនួន​៣​ពិន្ទុ​។ Man Utd មាន​កាតព្វកិច្ច​សំខាន់​ក្នុងការ​ដណ្តើមយក​ចំណាត់ថ្នាក់ Top 4 ឲ្យ​បាន​ដើម្បី​យក​កៅអី​លេង Champions League រដូវ​កាល​ក្រោយ​។​
 
​ក្រៅពីនេះ ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​ជំនាន់ ក៏​ស្ថិតក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ FA Cup ផងដែរ ហើយក៏​ស្ថិតក្នុង​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ Europa League ដោយ​នាំមុខ​ក្រុម LASK ចំនួន ៥ គ្រាប់​សម្រាប់​ការប្រកួត​ជើង​ទី​១៕

Tag:
 Manchester United
  Premier League
  Odion Ighalo
© រក្សាសិទ្ធិដោយ thmeythmey.com