ព្រឹត្តិការណ៍​បង្ហាញ​ម៉ាស៊ីន​ហ្គេម PlayStation 5 ត្រូវ​លើក​ពេល​ព្រោះ​បាតុកម្ម​នៅ​អាមេរិក​
COVID-19
អន្តរជាតិ
ព្រឹត្តិការណ៍​បង្ហាញ​ម៉ាស៊ីន​ហ្គេម PlayStation 5 ត្រូវ​លើក​ពេល​ព្រោះ​បាតុកម្ម​នៅ​អាមេរិក​
02, Jun 2020 , 10:29 pm        
រូបភាព
​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Sony បានប្រកាស​ពន្យារពេល​ព្រឹត្តិការណ៍​បង្ហាញ​ម៉ាស៊ីន​ហ្គេម PlayStation 5 ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី​៤ ខែមិថុនា ព្រោះតែ​បាតុកម្ម​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​។

 
​ទោះ​មិនបាន​បញ្ជាក់​ចំៗ ក្រុមហ៊ុន Sony នៅ​ថ្ងៃទី​១ ខែមិថុនា បានបញ្ជាក់​លើ​បណ្ដាញ​សង្គម Twitter ថា​៖«​យើង​ដឹងថា អ្នកលេង​ហ្គេម​នៅ​ទូទាំង​ពិភពលោក រំភើបចិត្ត​ចង់​មើល ម៉ាស៊ីន​ហ្គេម PS5 ក៏ប៉ុន្តែ​យើង​គិតថា ឥឡូវនេះ​ពុំមែន​ជា​ពេលវេលា​សមរម្យ​ដើម្បី​អបអរសាទរ​ឡើយ​»​។ ពួកគេ​សង្កត់ធ្ងន់ថា​៖«​ហើយ​សម្រាប់​ពេលនេះ យើង​ចង់​ថយក្រោយ ហើយ​អនុញ្ញាត​ឲ្យ​សំឡេង​សំខាន់​ជាង​ត្រូវគេ​ស្ដាប់ឮ​»​។​
 
​បើតាម​សំណេរ​នេះ ក្រុមហ៊ុន Sony ច្បាស់​ណាស់ ចង់​សំដៅលើ​ប្រតិកម្ម​ចំពោះ​ករណី​ស្លាប់​របស់ George Floyd កាលពី​សប្តាហ៍​មុន ក្នុង​រដ្ឋ Minnesota ដែល​បង្ក​ជា​បាតុកម្មហិង្សា​នៅ​បណ្ដា​ទីក្រុង​សំខាន់​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​បរិយាកាស​ជំងឺ COVID-19 ។​
 



​បន្ថែម​ពី​ដាក់​បង្ហាញ​ម៉ាស៊ីន​ហ្គេម PlayStation 5 ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ ក៏មាន​គម្រោង​លើកយក​ហ្គេម​ខ្លះ​ដែល​កំពុង​អភិវឌ្ឍ​ហើយនឹង​តម្រូវ​សម្រាប់​ម៉ាស៊ីន​ហ្គេម​ចុងក្រោយ​របស់​ក្រុមហ៊ុន​នេះ​ផងដែរ​។  ក្រុមហ៊ុន Sony បាន​សន្យារ​រៀបចំ​កម្មវិធី​នេះ​រយៈពេល​១​ម៉ោង ដើម្បី​បង្ហាញ​វត្តមាន​ហ្គេម​មួយចំនួន ដែល​នឹងដាក់​ឲ្យ​លេង នៅពេល​ម៉ាស៊ីន​ហ្គេម PlayStation 5 ដាក់លក់​ជា​ផ្លូវការ​នាពេលខាងមុខ​។  
 
​សូមបញ្ជាក់ថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន Sony ផ្អាក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្រោយ​ការប្រកាស​ដូចគ្នានេះ​របស់​ក្រុមហ៊ុន​វីដេអូ​ហ្គេម EA ពន្យារពេល​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ហ្គេម Madden NFL 21  ហើយ​ការសម្រេច​របស់​ក្រុមហ៊ុន Google ផ្អាក​ការប្រកាស​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 beta របស់ខ្លួន​ផងដែរ​។ យ៉ាងណាមិញ ក្រុមហ៊ុន Sony ពុំទាន់​បង្ហាញ​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ដែល​លុបចោល​នេះឡើយ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  បាតុកម្ម​
  PlayStation 5
  Sony
© រក្សាសិទ្ធិដោយ thmeythmey.com