សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ​ហុងកុង​ថា អាមេរិក​ប្រើ​ស្តង់ដារ​ពីរ​រវាង​បាតុកម្ម​នៅ​ហុងកុង និង​អាមេរិក​
02, Jun 2020 , 5:20 pm        
រូបភាព
 ក្រុម​បាតុករប្រមូល​ផ្តុំគ្នា​តវ៉ានៅ​មុខ​សេតវិមាន ក្រោយការស្លាប់ George Floyd។ រូបថត AFP
ក្រុម​បាតុករប្រមូល​ផ្តុំគ្នា​តវ៉ានៅ​មុខ​សេតវិមាន ក្រោយការស្លាប់ George Floyd។ រូបថត AFP
​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​២ ខែមិថុនា បាន​អះអាងថា អាមេរិក កំពុងតែ​ប្រើប្រាស់​«​ស្តង់ដារ​ពីរ​» ក្នុងការ​ឆ្លើយតប​នឹង​បាតុកម្ម​។ ការលើកឡើង​របស់​មេ​ដឹកនាំ​ហុងកុង​រូបនេះ ធ្វើឡើង បន្ទាប់ពី​អាមេរិក​ឆ្លើយតប​នឹង​បាតុកម្ម​នៅ​ហុងកុង ខុសគ្នា​នឹង​បាតុកម្ម​នៅក្នុង​ប្រទេស​ខ្លួន​។




​ការអនុម័ត​ផែនការ​លើ​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​របស់​សភា​ប្រជាជន​ចិន បូករួម​ការពិភាក្សា​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​លើក​ទី​ពីរ​របស់​សភា​ហុងកុង បានធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​ធ្វើបាតុកម្ម​សារជាថ្មី និង​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​។ ទាក់ទង​នឹង​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់លោក​ចាប់ផ្តើម​ដំណើរការ​លុបចោល​គោលនយោបាយ ដែល​ផ្តល់​សិទ្ធិ និង​ឋានៈ​ពិសេស​មួយចំនួន​ឲ្យ​ហុងកុង ។ 
 
​ជាការ​ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​អាមេរិក លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បាន​ចោទ​អាមេរិក​ថា ប្រើប្រាស់​«​ស្តង់ដារ​ពីរ​» ទៅលើ​បាតុកម្ម​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ដឹកនាំ​ដែនដី​ស្វយ័ត​ហុងកុង​រូបនេះ បាន​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ លោកស្រី​បានឃើញ​ច្បាស់​ណាស់ អាមេរិក កំពុង​ប្រើប្រាស់​ស្តង់ដារ​ពីរ ជុំវិញ​ការរិះគន់​លើ​បាតុកម្ម​នៅ​ហុងកុង​។ 
 
​ការធ្វើ​បាតុកម្ម​នៅក្នុង​ទឹកដី​អាមេរិក រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន គឺមាន​ប្រតិកម្ម​ផ្សេង ខុសពី​ប្រតិកម្ម​លើ​បាតុកម្ម​ក្នុង​ទឹកដី​ហុងកុង​។ លោកស្រី​ការី ឡាំ បាន​បញ្ជាក់ថា​បែបនេះ ដោយ​សំអាងថា បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង ក៏មាន​លក្ខណៈ​ស្រដៀង​នឹង​បាតុកម្ម​នៅក្នុង​ទឹកដី​អាមេរិក​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក បានអនុម័ត​វិធានការ​ដកហូត​គោលនយោបាយ ដែល​ផ្តល់​សិទ្ធិ​ពិសេស​ឲ្យ​ហុងកុង​។ 
 
​បន្ទាប់ពី​មាន​ករណី​ស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ ប្រជាជន​អាមេរិក​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅតាម​ទីក្រុង តំបន់​ផ្សេងៗ នៅ​ទូទាំង​អាមេរិក​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​លោក​ត្រាំ ពង្រាយ​យោធា​ជាច្រើន​នាក់​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ព្រមាន​ពង្រាយ​យោធា​នៅ​ទូទាំងប្រទេស ប្រសិនបើ​អភិបាលរដ្ឋ​នីមួយៗ មិនអាច​ទប់ស្កាត់​បាតុក​ម្ម​បាន​។ 
 
​នាពេល​កន្លងមក លោកស្រី​ ការី ឡាំ បាន​ព្រមាន​អាមេរិក​ថា ការដកហូត​សិទ្ធិ និង​ឋានៈ​ពិសេស​របស់​ហុងកុង ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក​ផងដែរ ព្រោះ​មាន​ក្រុមហ៊ុន​អាមេរិក​មិនតិច​ទេ ដែល​រកស៊ី​នៅ​ហុងកុង​។ 
 


ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រីការី ឡាំ។ រូបភាព៖ The Epoch Times

​សូមបញ្ជាក់ថា សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២៨ ខែឧសភា បានអនុម័ត​លើ​ផែនការ​សេចក្តីស្នើច្បាប់​ស​ន្តិ​សុខ​ជាតិ​ហុងកុង​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ឡើង​។ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ថ្មី​នេះ នឹង​បង្ការ​ការធ្វើ​វិទ្ធង្សនា ចលនា​ផ្ដាច់ខ្លួន អំពើ​ភេរវកម្ម និង​ការ​ជ្រៀត​ជ្រៀក​ពី​បរទេស​នៅក្នុង​ទីក្រុង​៕

Tag:
 ហុងកុង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com