ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ក្រៅពី​ញ៊ាំ​ប្រៃ ជំងឺលើសឈាម​ក៏​អាចមកពី​ទម្លាប់​ទាំង​នេះដែរ​
03, Jun 2020 , 6:59 am        
រូបភាព
​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ស​សៃ​ឈាម​បេះដូង ខ្សោយតម្រងនោម ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​គាំងបេះដូង​។ ហើយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នេះ​អាច​បណ្ដាលមកពី​កត្តា​ផ្សេងៗ​រួមបញ្ចូល​ទាំង​របប​អាហារ​និង​របៀប​រស់នៅ​ប្រចាំថ្ងៃ​។ ទោះជា​យ៉ាងណា​ទម្លាប់​ទូទៅ​មួយចំនួន​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ផងដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​ជៀសវាង ឬ​បញ្ឈប់​ភ្លាម​ដើម្បី​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​លើស​សម្ពាធ​ឈាម ៖

 
១. ទទួលទាន​ស្ករ​ច្រើនពេក​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ការទទួល​ទាន​ប្រៃ​ច្រើន​អាច​បង្កបញ្ហា​លើ​សម្ពាធ​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ស្ករ​ក៏​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សម្ពាធ​ឈាម​ដែរ​? ការទទួល​ទាន​ស្ករ​លើស​កម្រិត​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដោយ​មូលហេតុ​ពីរ​។ ទីមួយ​វា​ធ្វើឱ្យ​អ្នក​ធាត់​លើស​ទម្ងន់​។ ហើយ​មូលហេតុ​ល​ទី​ពីរ​នោះ គឺ​វា​បង្ក​ការ​រលាក​ក្នុង​រាងកាយ​។​
 
២. ការប្រើប្រាស់​ថ្នាំ​មួយចំនួន​
 
​ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​ដែល​អ្នក​ទទួលទាន​អាចជា​មូលហេតុ​ពីក្រោយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ឧទាហរណ៍​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត ថ្នាំ​ពន្យារកំណើត និង​ពពួក​ថ្នាំ NSAIDs ជាដើម​។ ថ្នាំ​រុក្ខជាតិ​មួយចំនួន​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​របស់​អ្នក​ឡើង​ខ្ពស់​ផងដែរ ចូរ​ប្រយ័ត្ន​។​
 
៣. គេង​មិនបាន​គ្រប់គ្រាន់​
 
​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក NCBI បានឱ្យដឹងថា ប្រមាណ​ជា ៩០ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​គ្រប់ ឬ​មាន​ជំងឺ​គេង​មិន​លក់​នឹង​អាច​ជួបប្រទះ​នូវ​បញ្ហា​សុខភាព​គួរអោយ​បារម្ភ​ជាច្រើន រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដើម្បី​ជាការ​ប្រសើរ​គួរ​គេង​ឱ្យបាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​ពិតជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​បាន ក៏ប៉ុន្តែ​ការទទួល​ទាន​ច្រើន​លើស​វិញ​នឹង​បង្ក​ទៅជា​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។ ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​សុខភាព​នេះ​។​
 
៥. ស្ត្រេ​ស​
 
​ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com