កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីវាយកូនបាល់ Osaka ថាការរាលដាលហិង្សាកាន់តែធំធេងជាងការស្លាប់ George Floyd
× Naomi Osaka កីឡាការិនីវាយកូនបាល់ដ៏ល្បីរបស់ជប៉ុន បានបន្ទរសំឡេងបន្ថែមទៅកាន់ការតវ៉ាជុំវិញការស្លាប់របស់បុរសជនជាតិស្បែកខ្មៅនៅទឹកដីអាមេរិក។ កីឡាការិនីលំដាប់ទី១ពិភពលោករូបនេះ មើលឃើញថាការឃុំឃាំងប៉ូលិស និងការរិះគន់អ្នកបាតុកម្មចំពោះការលួចប្លន់ មានទំហំធំធេងជាងការស្លាប់របស់ George Floyd ទៅទៀត។
រលកនៃការតវ៉ាទាមទាររកយុត្តិធម៌ឲ្យ George ដែលបានស្លាប់ដោយសារប៉ូលិសស្បែកសឈ្មោះ Derek Chauvin ប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីនោះ បានរាលដាលកាន់តែខ្លាំង រហូតផ្ទុះជាអំពើហឹង្សានៅតាមបណ្តាក្រុងនានានៅអាមេរិក។ ក្រុមអ្នកតវ៉ា នាំគ្នាបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង។
ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅនិងប៉ូលិស នៅយប់ថ្ងៃទី៣០ ខែឧសភា នៅតាមបណ្តាទីក្រុងធំៗជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ថ្មីបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។
Osaka វ័យ២២ឆ្នាំ ដែលបានកើតនៅប្រទេសជប៉ុនដោយមានឪពុកជាជនជាតិហៃទី និងម្ដាយជនជាតិជប៉ុនបានផ្លាស់ប្តូររបៀបផុសលើបណ្តាញសង្គមបន្ទាប់ពីមរណភាពរបស់ George។ នាងបានបង្ហោះលើ twitter ថា៖« ភាពស្ងប់ស្ងាត់ជុំវិញការស្លាប់របស់ George គឺមិនអាចទៅរួចឡើយ។ វាមិនកើតឡើងចំពោះអ្នកមែន តែវាក៏មិនមានន័យថា មិនមានអ្វីកើតឡើងនោះទេ»។
នៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ ម្ចាស់ជើងឯក Australian Open ឆ្នាំ២០១៩នេះ បានបង្ហោះផ្ទាំងគំនូរ George លើជញ្ជាំង ក៏ដូចជាអ្នកផ្សេងទៀតជុំវិញការតវ៉ាមួយក្រោមប្រធានបទ «យុត្តិធម៌សម្រាប់ George Floyd»។
Osaka បន្ថែមថា រហូតមកទល់ពេលនេះនាងយល់ឃើញថា ការស្លាប់របស់ George វ័យ៤៦ឆ្នាំ ហាក់ថមថយទៅវិញ ហើយសំឡេងនៃការរិះគន់លើអ្នកបាតុកម្មដែលឆ្លៀតឱកាសលួចឥវាន់របស់ប្រជាពលរដ្ឋបែរជាគ្របដណ្តប់ខ្លាំងឡើងៗ៕
Tag:
Naomi Osaka
George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com