សង្គមអន្តរជាតិ​
អន្តរជាតិ
សហភាព​អឺរ៉ុប​និង​អង់គ្លេស ច្រានចោល​គំនិត​ក្នុងការ​បញ្ចូល​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ G7 ឡើងវិញ​
03, Jun 2020 , 7:39 pm        
រូបភាព
កិច្ចប្រជុំបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧(G7)។​រូបភាព AP
កិច្ចប្រជុំបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧(G7)។​រូបភាព AP
ដោយ:
​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២ ខែមិថុនា បាន​បដិសេធ​ការលើកឡើង​របស់លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ចង់​ពង្រីក​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ (G7) ដោយ​បញ្ចូល​ប្រទេស​រុស្ស៊ី​ឡើងវិញ​។ បន្ថែម​ពីនេះ សហភាព​អឺរ៉ុប​បាន​ព្រមាន​អាមេរិក ថា មិន​ផ្លាស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ​។

 
​ការនឹកឃើញ​ចង់​បញ្ចូល​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ G7 ឡើងវិញ កើតឡើង​ក្រោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​អះអាងថា G7 ជា​បណ្តុំ​ប្រទេស​ដែល​ហួស​សម័យ និង​ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ​អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និង​ឥណ្ឌា​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ខែកញ្ញា ឬ​ពេលវេលា​ខាងមុខ​។ ឆ្នាំនេះ អាមេរិក​ជា​ប្រធាន​នៃ​កិច្ចប្រជុំ G7 ។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាមរយៈ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​លើកឡើងថា G7 ជា​កិច្ចប្រជុំ​ពហុភាគី​យ៉ាងសំខាន់ ហើយ​ដែល​មិនអាច​កែប្រែ​ជា​រៀងរហូត​តាមតែ​ការនឹកឃើញ​របស់​ប្រធាន​ផ្លាស់​វេន​ឡើយ​។ ជុំវិញ​ការបដិសេដ​ការបញ្ចូល​រុស្ស៊ី​ឡើងវិញ សហភាព​អឺរ៉ុប​បាន​អះអាងថា​៖ «​ការចូលរួម​របស់​រុស្ស៊ី​ក្នុង​បណ្តា​ប្រទេស​G8 នឹងត្រូវ​ផ្អាក រហូតដល់​ពេលដែល​រុស្ស៊ី​កែប្រែ​អត្ត​ច​រិ​ក ដើម្បី​ឲ្យ​កិច្ចប្រជុំ G8 មានន័យ​សារជាថ្មី​។ តែ​វា មិនមែនជា​ករណី​នៅពេល​នេះឡើយ​»​។ 
 
​សហភាព​អឺរ៉ុប បន្ថែមទៀតថា បើទោះបី​វា​ជា​សិទ្ធិ​របស់​ប្រទេស​ដែលជា​ប្រធាន​កិច្ចប្រជុំ ក្នុង​ការអញ្ជើញ​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃ​មក​ចូលរួម​ប្រជុំ ដែល​បង្ហាញ​ពី​អាទិភាព​របស់​ប្រទេស​នោះ ការផ្លាស់ប្តូរ​សមាជិក​ភាព និង​ទម្រង់​មិនមែនជា​សិទ្ធិ​ឡើយ​។ ការសម្រេចចិត្ត​ទាក់ទង​នឹង​រឿងនេះ ត្រូវធ្វើ​ឡើងជា​ឯកច្ឆន្ទ​ក្នុងចំណោម​សមាជិក​ឯទៀត​។ អឺរ៉ុប​មិនមែនជា​សមាជិក G7 ប៉ុន្តែ​តែងមាន​មុខ​ក្នុង​កិច្ចប្រជុំ​។ សមាជិក​ពេញសិទ្ធិ​មាន​អាមេរិក ជប៉ុន កាណាដា អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​។  
 
​អង់គ្លេស​ដែលជា​សមាជិក G7 ក៏បាន​ច្រានចោល​គំនិត​ដែល​ចង់​បញ្ចូល​រុស្ស៊ី​ចូលក្នុង​កិច្ចប្រជុំ​វិញ​ដែរ​។ អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​អះអាងថា​៖ «​អង់គ្លេស​នឹងមិន​គាំទ្រ​ការ​ត្រឡប់​ចូលមក​វិញ​របស់​រុស្ស៊ី​ក្នុង G7 ឡើយ លុះត្រាតែ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​ឈ្លានពាន និង​អស្ថិរភាព ដែល​គំរាមកំហែង​ដល់​សុវត្ថិភាព​ពលរដ្ឋ​អង់គ្លេស និង​សន្តិសុខ​រួម​របស់​សម្ព័ន្ធភាព​យើង​»​។ ប៉ុន្តែ​អង់គ្លេស​ក៏​មិន​ច្រាន​ចោលការ​អញ្ជើញលោក  វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ឲ្យ​ចូលរួម​ក្នុងឋានៈ​ជា​ភ្ញៀវ​ឡើយ​។ 
 
​ទាក់ទង​ទៅនឹង​ការអញ្ជើញ​នេះ លោក​នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា ទើប​បានទទួល​ការអញ្ជើញ​ជា​ផ្លូវការ​ពី​អាមេរិក​។ និយាយ​សន្ទនា​គ្នា​តាមរយៈ​ទូរ​សព្ទ លោក ម៉ូ​ឌី លើកឡើងថា ឥណ្ឌា​រីករាយ​ក្នុងការ​ធ្វើការ​ជាមួយ​អាមេរិក និង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង G7 ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​នេះ​ប្រកបដោយ​ជោគជ័យ​។ 
 
​ចំណែកឯ​នៅ​ថ្ងៃទី​៣ ខែឧសភា​នេះ គេ​រំពឹងថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​G7 និង​ប្រជុំ​អន​ឡាញ​ជាមួយ​ប្រធាន​ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​ជំងឺ​រាតត្បាត​COVID-19 និង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​។​

© រក្សាសិទ្ធិដោយ thmeythmey.com