COVID-19
អន្តរជាតិ
អ៊ីតាលី បើកទទួល​អ្នកដំណើរ​ពី​អឺរ៉ុប​វិញ ក្រោយ​បិទ​៣​ខែ​ព្រោះ COVID-19
03, Jun 2020 , 8:39 pm        
រូបភាព
ដោយ:
អ៊ីតាលី សម្រេច​បើកទ្វារ​ប្រទេស​ជាថ្មី​សម្រាប់​ទទួល​អ្នកដំណើរ​ពី​តំបន់​អឺរ៉ុប នៅ​ថ្ងៃទី​៣ ខែមិថុនា ក្រោយ​បិទ​ប្រទេស​៣​ខែ​ដោយសារ COVID-19 ។ អ៊ីតាលី​សង្ឃឹមថា នឹង​អាច​ស្រោចស្រង់​ឧស្សាហកម្ម​ទេសចរណ៍​ដែលល​នៃ​កំណើនសេដ្ឋកិច្ច​ប្រទេស ខណៈ​រដូវក្តៅ​ចាប់ផ្ដើម​។

 
​ទោះជា​សម្រេច​ទទួលយក​ភ្ញៀវទេសចរ​ពី​អឺរ៉ុប​មែន តែ​ប្រទេស​អ៊ីតាលី​ក៏បាន​ដាក់​លក្ខខណ្ឌ​បង្ការ​ផងដែរ​។ ជើងហោះហើរ​អន្តរជាតិ ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​សម្រាប់តែ​ទីក្រុង​សំខាន់​៣​ប៉ុណ្ណោះ រួមមាន Milan, Rome និង Naples ។ 
 
​យ៉ាងណាមិញ គេ​បាន​លើក​កង្វល់​ពី​អ្នកដំណើរ​ដែល​ចូលទៅ​ប្រទេស​អ៊ីតាលី​ដោយ​ប្រើប្រាស់​មធ្យោបាយ ដូចជា រថយន្ត រថភ្លើង ឬ​នា​វាពី​បណ្ដា​ប្រទេសជិតខាង ខណៈ​ពួកគេ​នឹង​ទៅលេង​កន្លែង​ផ្សេងៗ​អំឡុងពេល​ដំណើរ​កម្សាន្ត​ពួកគេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ការ​រាលដាល COVID-19 អាច​ផ្ទុះឡើង​ដោយសារ​ការ​ចល័ត​មនុស្ស​បែបនេះ​។ 
 
​អ៊ីតាលី គឺជា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ទីមួយ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 ហើយ​បាន​រាយការណ៍​ករណី​ស្លាប់​ជាង ៣៣ ០០០​នាក់​។ ប្រទេស​ដែលមាន​ប្រជាជន​សរុប​៦០​លាន​នាក់​នេះ បានដាក់​បញ្ជា​បិទ​ប្រទេស​កាលពីដើម​ខែមីនា ហើយ​ចាប់ពីពេលនោះ​មក តួលេខ​ឆ្លង​ផ្ដើម​ថយចុះ​។
 
​ខណៈ​ប្រទេស​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​គិត​ចាប់ពី​សង្គ្រាម​លើក​ទី​២ ដង្ហើម​សេដ្ឋកិច្ច​ប្រទេស​អ៊ីតាលី ត្រូវការ​ជនបរទេស​មកវិញ ហើយ​លឿន​ថែម​ទៀតផង ។ ទាក់ទិន​បញ្ហា​នេះ អ្នកជំនាញ​ព្រមាន​ថា រដ្ឋាភិបាល​ប្រហែល​ញាប់ដៃ​ញាប់ជើង​បើកទ្វារ​ការធ្វើដំណើរ​ជាមួយ​តំបន់​អឺរ៉ុប​។ អាជ្ញាធរ​សុខាភិបាល​នៅ​បន្ត​រាយការណ៍​ករណី​ថ្មី​តិចតួច​ប្រចាំថ្ងៃ ជាពិសេស​ក្នុង​តំបន់ Lombardy ភាគ​ខាងជើង​នៃ​ប្រទេស​។​
 
​ដោយឡែក រដ្ឋាភិបាល​ស្វ៊ី​ស បាន​ព្រមាន​ប្រជាជន​ខ្លួន​ថា បើ​ពួកគេ​ទៅលេង​អ៊ីតាលី ពួកគេ​នឹងត្រូវ​ជាប់​វិធានការ​សុខភាព នៅពេល​មក​ប្រទេស​វិញ​។ បើតាម AFP ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ នឹង​បើក​ព្រំដែន​ខ្លួន​ជាមួយ​អាល្លឺម៉ង់ បារាំង និង​អូទ្រីស នា​ថ្ងៃទី​១៥ ខែមិថុនា ខាងមុខ ប៉ុន្តែ​បន្ត​បិទ​ជាមួយ​អ៊ីតាលី​។ 
 
​ទន្ទឹមនេះ រដ្ឋាភិបាល​អូទ្រីស ក៏​ប្រកាស​បើក​ព្រំដែន​ឡើងវិញ​ជាមួយ​ប្រទេស​អាល្លឺម៉ង់ ស្វ៊ី​ស និង​សាធារណរដ្ឋ​ឆែក ស្លូ​វ៉ា​គី និង​ហុង​គ្រី នៅ​ពាក់កណ្ដាល​ខែមិថុនា តែ​បិទ​ជាមួយ​អ៊ីតាលី​ដដែល​។ រដ្ឋមន្ត្រី​សុខាភិបាល​អូទ្រីស កាលពី​សប្តាហ៍​មុន បានចាត់ទុក​អ៊ីតាលី​ជា​តំបន់​ឆ្លង COVID-19 ខ្លាំង​ដដែល​។ ចំណែក បណ្ដា​ប្រទេស​ដទៃទៀត ដូចជា បែលហ្ស៊ិក និង​ចក្រភព​អង់គ្លេស នៅតែ​បន្ត​ផ្ដល់យោបល់​ប្រឆាំង ឬ​ហាមឃាត់​ការធ្វើដំណើរ​ទៅ​បរទេស​ដែល​ពុំ​ចាំបាច់​ទាំងឡាយ​។ 
 
​ជាការ​ឆ្លើយតប​ចំពោះ​ការលើកឡើង​ប្រឆាំង​អ៊ីតាលី​បែបនេះ រដ្ឋមន្ត្រីការបរទេស លោក Luigi Di Maio បាន​ព្រមាន​ប្រទេស​ទាំងនោះ​កុំ​ឲ្យ​ចាត់ទុក​ប្រទេស​អ៊ីតាលី​ដូចជា​មនុស្ស​កើត​ឃ្លង់​ឲ្យ​សោះ​។  លោក​បញ្ជាក់​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​អាល្លឺម៉ង់ ស្លូ​វេ​នី និង​ក្រិ​ក ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​គិតថា អ៊ីតាលី​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។ បើតាម AFP អ្នកដំណើរ​ពី​អឺរ៉ុប​ដែល​ទៅដល់​អ៊ីតាលី នឹង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ឡើយ ប្រសិនបើ​ពួកគេ​ពុំ​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ទ្វីប​ផ្សេង​។​
 
​បញ្ជា​បិទ​ប្រទេស​ដែល​រដ្ឋាភិបាល​អ៊ីតាលី​ដាក់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ដែល​គ្របដណ្ដប់​ប្រមាណ ១៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ (GDP) ។ ទីតាំង​ប្រវត្តិសាស្ត្រ និង​ភោជនីយដ្ឋាន​បិទទ្វារ ហើយ​សណ្ឋាគារ​ត្រូវ​ប្រើ​សម្រាប់​ថែទាំ​អ្នកជំងឺ​។ 
 
​ក្នុងពេល​២​សប្តាហ៍​ចុងក្រោយ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ឆ្នេរសមុទ្រ ផ្ដើម​បើកទទួល​ភ្ញៀវ​បណ្ដើរៗ ទោះជា​រដ្ឋាភិបាល​ប្រកាសថា​ពួកគេ​រក្សា​សិទ្ធិ​ដាក់​បញ្ជា​បិទ​ប្រទេស​តាម​តំបន់ ប្រសិនបើ​ឃើញ តួលេខ​ឆ្លង COVID-19 កើនឡើង​។ ទីភ្នាក់ងារ​ទេសចរណ៍​ជាតិ​អ៊ីតាលី អះអាងថា ប្រជាជន​អ៊ីតាលី​ប្រមាណ​៤០​ភាគរយ ជាទូទៅ ធ្វើដំណើរ​កម្សាន្ត​នៅ​បរទេស​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ពួកគេ ក៏ប៉ុន្តែ​ពួកគេ​អាច​បង្ខំចិត្ត​ធ្វើដំណើរ​កម្សាន្ត​នៅ​ប្រទេស​កំណើត​វិញ​ក្នុងឆ្នាំនេះ ជួយ​ដល់​អាជីវកម្ម​ក្នុងស្រុក​៕ 
 

Tag:
 អ៊ីតាលី​
  អឺរ៉ុប​
  COVID-19
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com