ភ្នំពេញ៖ ថ្វីដ្បិតពិភពលោកជួបវិបត្តិកូវីដ-១៩(COVID-19) ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជានៅតែមានការកើនឡើងល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញមានការកើនឡើងនោះ ក្រៅពីអង្ករ មានចំណិតដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ និងម្រេចជាដើម។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣មិថុនា។
លោក វេង សាខុន បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកដូច្នេះថា ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃជំងឺកូវីដ-១៩ កម្ពុជាបាននាំចេញកសិផលមួយចំនួនដែលកើនឡើងក្នងពេលប្រាំខែចុងក្រោយមកនេះ។ ក្នុងនោះ ការនាំចេញផ្លែចេកស្រស់បានកើនឡើងរហូតដល់១៧២,៧៣ភាគរយ ក្នុងចំនួន ១២១ ៤១៥តោន។
ក្រៅពីផ្លែចេកស្រស់ ការនាំចេញផ្លែស្វាយស្រស់ក៏កើនឡើងជិត៥១ភាគរយ ក្នុងបរិមាណជាង៤,៤ម៉ឺនតោន។ ជាមួយគ្នានេះ ការនាំចេញគ្រប់ស្វាយចន្ទីក៏បានកើន២៥,៤៦ភាគរយ ក្នុងបរិមាណជាង១៩ម៉ឺនតោន ហើយការនាំចេញម្រេច គឺបានកើនឡើងជាង២២ភាគរយ ក្នុងបរិមាណជាង២,៥០០តោន។ រីឯចំណិតដំឡូងមីក្រៀម ដែលកម្ពុជានាំចេញជិត១លានតោននោះ ក៏មានការកើនឡើង៩,៧២ភាគរយ បើធៀបនឹងរយៈដូចគ្នា កាលពីឆ្នាំ២០១៩។
ទន្ទឹមនឹងមានការកើនឡើងនៃកសិផលបាននាំចេញក្នុងដំណាក់កាលកូវីដ-១៩នេះ ការនាំចេញកសិផលមួយចំនួនទៀតពីកម្ពុជាក៏មានការថយចុះដែរ។ ម្សៅដំឡូងមីនាំចេញពីកម្ពុជាបានត្រឹមតែជាង១ម៉ឺនតោន ដោយវាថយចុះរហូតដល់ ៩៧,៣០ភាគរយ។ ចំណែកគ្រាប់ពោតដែលត្រូវបាននាំចេញនោះមានត្រឹម ៣៥ ៦៣៦តោន ដោយថយចុះប្រហែល៣០ភាគរយ បើធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ កន្លងមក។ នេះបើតាមលោក វេង សាខុន។
កាលឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន។ ទីផ្សារកម្ពុជានៅចេញកសិផលរបស់ខ្លួនទៅ មានប្រមាណ ៣០ប្រទេសនៅទូទាំងពិភពលោក ក្នុងនោះវៀតណាម និងថៃ ជាទីផ្សារធំជាងគេ។ ចំណែកទីផ្សារដទៃទៀតមាន បារាំង, អង់គ្លេស, កាណាដា,ហូឡង់, ឆេក, អ៊ីតាលី, ឥណ្ឌា, ប៉ាគីស្ថាន, រុស្សី, កូរ៉េ, ជប៉ុន, ប៉េរ៉ូ, អារ៉ាប៊ីសាអូឌីត, មីយ៉ាន់ម៉ា, អូស្រា្តលី, តៃវ៉ាន់, សិង្ហបុរី, ម៉ាឡេស៊ី, អាល្លឺម៉ង, ស្វីស, កាហ្សាក់ស្ថាន,ហុងកុង, អាមេរិក, ប៊ុលហ្គារី និងនូវែលសេឡង់៕