COVID-19
ជាតិ
សង្គមជាតិ
ចិន​ផ្តល់​បរិក្ខារ​ពេទ្យ​ចំនួន​១២​មុខ​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង កូ​វីដ​-១៩
04, Jun 2020 , 8:59 am        
រូបភាព
រូបភាពពី​លោក ណឹម សុវត្ថិ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​នយោបាយ​និងកិច្ច​ការបរទេសនៃក្រសួងការពារជាតិ​កម្ពុជា​
រូបភាពពី​លោក ណឹម សុវត្ថិ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​នយោបាយ​និងកិច្ច​ការបរទេសនៃក្រសួងការពារជាតិ​កម្ពុជា​
ដោយ:
​ភ្នំពេញ​៖ ក្រសួងការពារជាតិ​ចិន​បាន​ចំណាយ​ថវិកា​៤​លាន​យ័ន​ (​ប្រមាណ​៥៦​ម៉ឺន​ដុល្លារ​) ​ទិញ​បរិក្ខារ​ពេទ្យ​ចំនួន​១២​មុខ ​ដែលមាន​ទម្ងន់​២​តោន​កន្លះ​ឲ្យ​កម្ពុជា​។ បរិក្ខារ​ពេទ្យ​ទាំងនោះ ​បានប្រគល់​ឲ្យ​ក្រសួង​ការពារ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា​ ដើម្បី​យកទៅ​ប្រើប្រាស់​នៅក្នុង​មន្ទីរពិសោធន៍ និង​​លើកកម្ពស់​សម​ត្ថ​ភាព​ដល់​ក្រុមគ្រូពេទ្យ​យោធា​កម្ពុជា ក្នុងការ​ពិនិត្យ និង​ស្វែងរក​រោគ​ឆ្លង​ផ្សេងៗ​ទៀត​។ 

 
​លោក លី ជី​ង​ហ្វឹ​ង អនុព័ន្ធយោធា​ចិន​ប្រចាំ​កម្ពុជា ​ដែល​តំណាង​ឲ្យ​ក្រសួង​ការពារ​ប្រទេស​ចិន បាន​លើកឡើងថា​ ក្រសួង​ការពារ​ចិន​ នឹង​បន្ត​បេ្ត​ជ្ញា​ចិត្ត​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការផ្តល់​សម្ភារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក លី ជី​ង​ហ្វឹ​ង ​អះអាងថា ជំនួយ​របស់​ចិន​នេះ ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​សា្មរ​តី​របស់​ចិន​ដែល​ជួយ​កម្ពុជា ​ប្រឆាំងនឹង​ជំងឺ​ក៏​កាច​សាហាវ​នេះ​។​
 
​ក្រសួង​ព័ត៌មាន​ ​​បាន​ស្រង់​សំដី​របស់លោក លី ជី​ង​ហ្វឹ​ង ដូច្នេះ​ថា​៖«​ប្រជាជន​ចិន និង​កងយោធពល​ខេរ​ភូមិន្ទ នៅតែ​បន្ត​កាន់​ដៃ​គ្នា ប្រកៀក​ស្មា​គ្នា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លុះត្រាតែ​ជំងឺ​នេះ ​បាត់បង់​ពី​ផែនដី​។ ភាគី​ចិន នៅតែ​បន្ត​គាំទ្រ​ភាគី​កម្ពុជា ទាំង​ស្មារតី និង​សម្ភារ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​»​។​


 រូបភាពពី​លោក ណឹម សុវត្ថិ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​នយោបាយ​និងកិច្ច​ការបរទេសនៃក្រសួងការពារជាតិ​កម្ពុជា​


​លោក ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បានបញ្ជាក់ថា ក្រោយ​កម្ពុជា​ទទួលបាន​ជំនួយ​នេះ​ពី​ចិន​ហើយ កម្ពុជា​ នឹង​បន្ត​ប្រតិបត្តិការ​ជាមួយ​ចិន​បន្ថែមទៀត ​ក្នុងការ​ត្រួតពិនិត្យ​លើ​រោគ​ឆ្លង​ផ្សេងៗ​ទៀត​។ លោក ណឹ​ម សុវត្ថិ បន្តថា កិច្ចសហប្រតិបត្តិការ​នេះ ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ ​រវាង​កងទ័ព​ក​ម្ពុ​ជា​-​ចិន​។ 
 
​នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​ចិន​បាន​ផ្តល់ជំនួយ​ជា​សម្ភារ​ពេទ្យ​មក​កម្ពុជា ដោយ​កន្លងមក ​ចិន​ក៏បាន​បញ្ជូន​ក្រុម​គ្រួ​ពេទ្យ​ចំនួន​៧​រូប ដែលមាន​បទពិសោធ​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ សម្រាប់​បង្ហាត់បង្រៀន​ជំនាញ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុមគ្រូពេទ្យ​បង្គោល​ នៃ​កងយោធពល​ខេ​រម​ភូមិន្ទ​រយៈពេល​២​ខែ​ផងដែរ​។​
 


រូបភាពពី​លោក ណឹម សុវត្ថិ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​នយោបាយ​និងកិច្ច​ការបរទេសនៃក្រសួងការពារជាតិ​កម្ពុជា​

​គិត​ត្រឹម​ថ្ងៃទី​៣ ខែមិថុនា​នេះ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ ចំនួន​១២៥​នាក់ អ្នកជា​សះស្បើយ​មាន​១២៣​នាក់ និង​នៅសល់​២​នាក់​ កំពុង​បន្ត​ការព្យាបាល ខណៈដែល​ចិន​មាន​អ្នក​ឆ្លង​ដល់​ទៅ​៨៣,០២១​នាក់ អ្នក​សា្ល​ប់​ចំនួន​៤,៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​៧៨,៣១៤​នាក់​៕  
 
 
 

Tag:
 ចិន​
 ​បរិក្ខារ​ពេទ្យ​
 ​ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com