កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​បង្កើត​សាល​តម្កល់​មេដាយ និង​ស្នាដៃ​កីឡា​នានា ដើម្បី​ទុកជា​សម្បត្តិ​មនុស្សជាតិ​
03, Jun 2020 , 9:59 pm        
រូបភាព
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកម្ពុជា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកម្ពុជា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​សាល​តម្កល់​ឯកសារ​កីឡា ដើម្បី​ថែរក្សា​មេដាយ ពាន និង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​នានា​របស់​កីឡាករ​កីឡាការិនី​។ យុទ្ធនាការ​ប្រមូល​ស្នាដៃ​តាម​សហព័ន្ធ​កីឡា​ជាតិ​មក​តម្កល់ទុក​នេះ គឺ​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​មនុស្សជាតិ និង​កេរ​មរតក​ជូន​កីឡាករ ដែល​បាន​សាង​ស្នាដៃ​ជូន​ជាតិ​មាតុភូមិ​។

 
​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា ក្រសួង​បានជ្រើសរើស​យក​ជា​ន់ទី​៥​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឹ​ន​កីឡា បង្កើតជា​សាល​តម្កល់​ឯកសារ​កីឡា​កម្ពុជា​។ គោលបំណង នៃ​ការបង្កើត​សាល​តម្កល់​ឯកសារ​នេះ គឹ​ដើម្បី​ប្រមូល​មេដាយ ពាន និង​ស្នាដៃ​នានា​របស់​កីឡាករ ឬ​អតីត​កីឡាករ ដែល​ដណ្តើមបាន​លើ​ឆាក​អន្តរជាតិ​មក​រក្សាទុក​។ 
 
​ម្យ៉ាងទៀត ការបង្កើត​កន្លែង​តម្កល់​ស្នាដៃ​កីឡា​នេះ ក៏​ដើម្បី​បង្ការ​ការបាត់បង់ និង​លើកតម្កើង​ស្នាដៃ និង​កិត្តិយស​កីឡាករ ដែល​បាន​សាង​ស្នាដៃ​ជូន​ជាតិ​កម្ល​ង​មក​ផងដែរ​។ ជាពិសេស សម្រាប់​រក្សា​ទុកជា​សម្បត្តិ​មនុស្សជាតិ និង​កេរ​មរតក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ទស្សនា និង​សិក្សា​ស្រាវជ្រាវ​ចងក្រង​ទុកជា​ឯកសារ​ជាដើម​។ 
 
«​យើង​បង្កើត​សាល​តម្កល់​ឯកសារ​កីឡា​មួយ​នៅ​ជា​ន់ទី​៥​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ព្រោះ​ពាក់ព័ន្ធ​បញ្ហា​នឹង​កន្លងមក គឺ​យើង​អត់​ដែលមាន​ការរៀបចំ​បែប​នឹង​ទេ មេដាយ ដែល​កីឡាករ​កីឡាការិនី​ដណ្តើមបាន គាត់​យកទៅ​ផ្ទះ អ៊ីចឹង​យូរៗ​ទៅ​វា​អាច​បាត់បង់​។ ហេតុនេះហើយ​ទើប​យើង​ចង់​ថែរក្សា ដើម្បី​ជា​សម្បត្តិ​មនុស្សជាតិ ក៏ដូចជា​សម្បត្តិ​កេរ​មរតក​ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​យកមក​រក្សាទុក​ជូន​គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ុន សុខ​។ 
 
​ជាក់ស្តែង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រមូល​មេដាយ​កីឡាករ ដែល​ដណ្តើមបាន​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ដើម្បី​ដាក់​តម្កល់​ក្នុង​សាល​ឯកសារ​កីឡា​កម្ពុជា​៕  

Tag:
 ប៉ុន សុខ​
  ក្រសួង​អប់រំ យុវជន និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com