អន្តរជាតិ
មន្ទីរ​បញ្ច​កោណ បញ្ជូនទាហាន​ប្រមាណ ១៦០០​នាក់​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​
03, Jun 2020 , 10:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មន្ទីរ​បញ្ច​កោណ បាន​បញ្ជូនទាហាន​ប្រមាណ​ជា​១៦០០​នាក់ នៅក្នុង​តំបន់​សភាជាតិ​អាមេរិក (National Capitol Region) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ទប់ស្កាត់ និង​បង្ការ​សកម្មភាព​ក្រុមបាតុករ និង​កុបករ ដែល​កំពុងតែ​រីកធំឡើង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក លោក Johnathan Hoffman នៅ​ថ្ងៃទី​២ ខែមិថុនា​។


​បាតុកម្ម​ទាំង​ហិង្សា និង​អហិង្សា ទាមទារ​យុត្តិធម៌ និង​បញ្ឈប់​ការ​រើស​អើ​ស​ពូជសាសន៍​កាន់តែ​រីកធំឡើង​ក្នុង​តំបន់​ជាច្រើន ក្នុង​ទឹកដី​អាមេរិក​។ បាតុករ​ជាច្រើន​ពាន់​នាក់ បានធ្វើ​បាតុកម្ម ដោយ​មិន​គោរព​បម្រាម​គោចរ​នាពេល​យប់​នៅក្នុង​ទីក្រុង​មួយចំនួន​។ ប៉ូលិស​ចំនួន ៥​នាក់​ត្រូវបាន​គេ​បាញ់ នៅក្នុង​ទីក្រុង​ចំនួន​២ ប៉ុន្តែ​គ្រាន់តែ​ត្រូវរបួស​តែប៉ុណ្ណោះ នៅ​យប់​ថ្ងៃទី​១ ខែមិថុនា​។  
 
​ចំណែក​នៅ​តំបន់​សភា​អាមេរិក​នៃ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី វិញ ក្រុមបាតុករ នៅ​ថ្ងៃទី​២ ខែមិថុនា បាន​កាន់​បដា និង​ស្រែកថា «​ភាព​ស្ងៀមស្ងាត់ គឺជា​អំពើហិង្សា​» និង «​គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព​»​។ អត្ថន័យ​នៃ​ការស្រែក​ទាំងពីរ​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​អាមេរិក ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ស្បែក​ខ្មៅ​នាពេល​កន្លងមក ដែល​ត្រូវបាន​ពួក​ស្បែ​កស​មួយចំនួន​រើសអើង និង​ធ្វើបាប​។ 
 
​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​បង្ការ​បញ្ហា​ចលាចល​នៅ​តំបន់​សភា​អាមេរិក មន្ទីរ​បញ្ច​កោណ បាន​បញ្ជូនទាហាន​ប្រមាណ​ជា ១៦០០​នាក់ ទៅក្នុង​តំបន់​នេះ​។ តំបន់​សភា​អាមេរិក គឺ​ស្ថិតនៅក្នុង​ទីតាំង​មួយ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក Johnathan Hoffman ទាហាន​អាមេរិក​ជាច្រើន​នាក់ ត្រូវដាក់​ឲ្យ​ឈរជើង​នៅ​តំបន់​សភា​អាមេរិក​។ ក្នុងន័យនេះ លោក Hoffman បាន​បញ្ជាក់ថា កងកម្លាំង​ទាហាន​ទាំងនេះ ប្រចាំការ​តែ​នៅ​តំបន់​សភា​អាមេរិក​តែប៉ុណ្ណោះ មិនមែន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ទាំងមូល​ឡើយ​។ 
 
​ទន្ទឹមគ្នានេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​រូបនេះ បាន​បន្តទៀតថា ទាហាន​ដែល​គេ​បញ្ជូន​ទៅក្នុង​តំបន់​នេះ គឺធ្វើឡើង​ក្នុង​ស្ថានការណ៍​អាសន្ន​កម្រិត​ខ្ពស់ ក្រោម​បទបញ្ជា Title X​។ បើទោះបីជា​យ៉ាងណាក៏ដោយ លោក Hoffman មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ឡើយ​ជុំវិញ​បទបញ្ជា Title X នេះ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់ថា កង​ទាហាន​ទាំងអស់នេះ នឹងមិន​ជួយ​ការពារ​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​ស៊ីវិល​ឡើយ​។ 
 
​គ្មាន​ឡើយ​ទាហាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មានតែ​កង​ឆ្មាំ​ការពារជាតិ​ដែលជា​កម្លាំងយោធា​បម្រុង​ប៉ុណ្ណោះ​។ កង​ឆ្មាំ​ការពារជាតិ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន មាន​ប្រមាណ ៣៦០០​នាក់ ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រចាំការ ដើម្បី​ទប់ស្កាត់​ក្រុមបាតុករ​។ ឆាប់ៗ​ខាងមុខនេះ កង​ឆ្មាំ​ជាតិ​ចំនួន ១៣០០​នាក់​បន្ថែមទៀត ត្រូវគេ​បញ្ជូនមក​រដ្ឋធានី​វ៉ាស៊ីនតោន​។ មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន CNN បែបនេះ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២ ខែមិថុនា បាតុកម្ម​ទាមទារ​យុត្តិធម៌​សម្រាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ គឺមាន​រយៈពេល ៨​ថ្ងៃ​ជាប់​គ្នា​ហើយ​។ ក្នុង​រយៈពេល​នេះ មាន​ប្រជាជន​ជាច្រើន មិន​ពេល​ចិត្ត​ឡើយ​ទៅលើ​ទង្វើ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងការ​ឆ្លើយតប​នឹង​បាតុកម្ម​។ សូម្បីតែ​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​របស់លោក​ប្រធានាធិបតី​មួយចំនួន ក៏​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​ត្រាំ​ដែរ​៕ 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com