ជាតិ
សង្គមជាតិ
អាជ្ញាធរ ឃាត់កង់យុវជនមួយក្រុម ដែលជិះយកញត្តិពីកោះកុងទៅជូននាយករដ្ឋមន្រ្តី ក្រោមហេតុផលថា មិនសុំការអនុញ្ញាត
03, Jun 2020 , 6:25 pm        
រូបភាព
ក្រុមយុវជនដែលយកញត្តិពីកោះកុងមកភ្នំពេញ។ (រូបពីទំព័រហ្វេសប៊ុករបស់ លោក អាឡិច និង Ma Chettra)
ក្រុមយុវជនដែលយកញត្តិពីកោះកុងមកភ្នំពេញ។ (រូបពីទំព័រហ្វេសប៊ុករបស់ លោក អាឡិច និង Ma Chettra)
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី លើកហេតុផលថា យុទ្ធនាការជិះកង់របស់យុវជនមួយក្រុម យកញ្ញត្តិ ទៅជូនសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការស្នើសុំឲ្យដាក់កោះកុងក្រៅជាតំបន់ការពារ គឺមិនបានសុំការអនុញ្ញាត ទើបអាជ្ញាធរ ចុះឃាត់កង់របស់ពួកគេ។ ប៉ុន្តែ ក្រុមយុវជន អះអាងថា យុទ្ធនាការនេះ មិនមែនជាលក្ខណៈទ្រង់ទ្រាយធំឡើយ ហើយអាជ្ញាធរក៏ដឹងឮតាមបណ្ដាលសង្គមដែរ។ យ៉ាងណា ក្រុមយុវជន ប្តេជ្ញាបន្តដំណើរដោយថ្មើរជើង យកញត្តិទៅដាក់ជូននាយករដ្ឋមន្រ្តី បើមិនបានកង់ពីអាជ្ញាធរវិញ។



អង្គការមាតាធម្មជាតិ ជាអ្នកបង្កើតយុទ្ធនាការជិះកង់នេះ ដោយគ្រោងធ្វើដំណើរពីថ្ងៃទី២ ដល់៥ខែមិថុនា ក្នុងគោលបំណង់យកញត្តិទៅដាក់នៅខុទ្ធកាល័យរបស់សម្ដេច ហ៊ុន សែន ឲ្យទាន់ទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ មិថុនា។ ញត្តិនេះ ទាមទារឲ្យដាក់កោះកុងក្រៅជាតំបន់ការពារធម្មជាតិ និងរក្សាភាពដើមនៃកោះ។

ដើមហេតុនៃការដាក់ញត្តិនេះ ព្រោះយុវជនទាំងនោះ បារម្ភថា តំបន់កោះកុងក្រៅ រងការបាត់បង់ឬខូចខាតសភាពដើម ដោយការអភិវឌ្ឍណាមួយ។ នេះបើតាមលោក មួង សុភ័ក្រ្ត ជាសមាជិកម្នាក់នៃក្រុមអ្នកជិះកង់ ដែលប្រាប់សារព័ត៌មានថ្មី តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣ មិថុនា ដោយបន្ថែមថា កន្លងមក ក្រុមលោក ធ្លាប់បានដាក់ញត្តិនៅខេត្តកោះកុងនិងក្រសួងបរិស្ថាន ប៉ុន្តែគ្មានការឆ្លើយតប។

លោក បញ្ជាក់ថា ការធ្វើយុទ្ធនាការនេះ មិនមានអ្នកចូលរួមច្រើននាក់ ហើយធ្វើឡើងដោយគ្មានហិង្សារ ដូច្នេះហើយ ទើបក្រុមលោក គិតថា មិនចាំបាច់សុំការអនុញ្ញាតឡើយ។

កញ្ញា ងួន វតី ជាអ្នកជិះកង់ម្នាក់ក្នុងយុទ្ធនាការនេះដែរ ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមកញ្ញា មានគ្នា១៨នាក់ និងមានអ្នកជិះកង់១១នាក់ ហើយអ្នកផ្សេងទៀត គឺជិះម៉ូតូដើម្បីងាយស្រួលក្នុងផ្លាស់ប្ដូរគ្នា។ កញ្ញា វតី បន្តថា អាជ្ញាធរបានឃាត់ដំណើររបស់ក្រុមកញ្ញា នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយទាមទារឲ្យពិនិត្យសុខភាព។ លើសពីនេះ ទាមទារផ្ដល់អត្ដសញ្ញាណប័ណ្ណ មើលញត្តិ និងឲ្យក្រុមកញ្ញា ផ្ដិតមេដៃ ទៅលើក្រដាសស្នាមដែលអាជ្ញាធរបានសរសេរ។ បន្ទាប់មក អាជ្ញាធរក៏បានលើកកង់របស់ក្រុម ដាក់ឡានយកទៅទុកនៅអធិការស្រុកកោះកុង។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កញ្ញា វតី រៀបរាប់ថា៖«មកដល់ពេលនេះ អាជ្ញាធរ មិនទាន់ប្រគល់កង់ឲ្យវិញទេ មិនដឹងធ្វើយ៉ាងណាដែរ មានតែដើរបន្ត ហើយក៏មិនថាយប់ សម្រាកនៅកន្លែងណាដែរ ហើយគម្រោង ដាក់ញត្តិនៅថ្ងៃទី៥នៃទិវាបរិស្ថានពិភពលោកនេះ ក៏ប្រលែលយឺតដែរ។ ប៉ុន្តែពួកខ្ញុំនឹងបន្តដំណើរដោយថ្មើរជើងបន្តទៀត ទៅភ្នំពេញ»។

យុវជន មួង សុភ័ក្រ្ត និងយុវតី ងួន វតី ចាត់ទុក ការចុះរារាំងរបស់សមត្ថកិច្ចច្រើននាក់ រួមទាំងមានអាវុធ ដោយឃាត់កង់របស់ក្រុមយុវជននេះ ហាក់បីដូចជាបំបាក់ស្មារតីរបស់យុវជន។ កញ្ញា វតី យល់ថា ដើម្បីជាដំណោះស្រាយ អាជ្ញាធរគួរជួយសម្រួលយុទ្ធនាការនេះ។ 

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា ការឃាត់កង់នេះ គឺដោយសារក្រុមយុវជន មិនបានសុំការអនុញ្ញាត។ លោក ថ្លែងថា៖«គាត់ ជិះកង់ពីកោះកុងទៅភ្នំពេញ ដោយគ្មានសុំច្បាប់ពីអាជ្ញាធរអ្វីទាំងអស់ នេះជាមូលហេតុដែលយើងតម្រូវឲ្យគាត់សុំការអនុញ្ញាត សុំច្បាប់ឬជូនដំណឹង ដើម្បីឲ្យអាជ្ញាធរការពារសុវត្ថិភាពជូនពួគាត់។ ចំណុចទី២ ពួកគាត់អត់ព្រមធ្វើតាមការណៃនាំរបស់ពួកយើងទាំងអស់...ហើយនឹងសួរនាំពីគោលបំណងពីណាទៅណា គាត់មិនព្រមធ្វើទេ។ ពួកគាត់ មានៈចង់យកញត្តិទៅដាក់ខុទ្ធកាល័យសម្ដេច ហ៊ុន សែន»។

លើសពីនេះ អភិបាលរង សង្កត់ធ្ងន់ថា អង្គការមាតាធម្មជាតិ ត្រូវក្រសួងមហាផ្ទៃលុបឈ្មោះចេញហើយ ប៉ុន្តែអង្គការនេះ បែរជានៅតែបន្តសកម្មភាព និងផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើបណ្ដាញសង្គម។

លោក បន្តថា ក្រុមយុវជនចង់សង្គ្រោះកោះកុងក្រៅ ដោយគ្មានបញ្ជាក់ពីមូលហេតុនៃបញ្ហាដែលកំពុងកើតនៅកោះកុងក្រៅ នាបច្ចុប្បន្ននេះឡើយ។ លោក ប្រាប់ថា កង់របស់ក្រុមយុវជន នឹងប្រគល់ឲ្យវិញ លុះត្រាពួកគាត់ទៅសុំច្បាប់ក្នុងការធ្វើយុទ្ធនាការនេះ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ៕

Tag:
 អាជ្ញាធរចាប់កង់យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com