សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មិន​គាំទ្រ​ចំណាត់ការ​របស់លោក ត្រាំ ក្នុងការ​បញ្ចេញ​ទ័ព​ទប់ទល់​បាតុករ​
04, Jun 2020 , 10:00 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper (ខាងស្តាំ) ស្តាប់សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាស់ ត្រាំ នៅសេតវិមាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper (ខាងស្តាំ) ស្តាប់សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាស់ ត្រាំ នៅសេតវិមាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ រូបភាព៖ AFP
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Mark Esper នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​ជំទាស់​ទៅនឹង​ចំណាត់ការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​បង្ក្រាប​ក្រុមបាតុករ​។ សម្រាប់​លោក Esper វា​មិនទាន់​ដល់ពេល​ឡើយ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា ពោលគឺ​ទាល់តែ​ស្ថានការណ៍​នៅក្នុង​ប្រទេស​មាន​ភាពលំបាក​បំផុត​។

 
​ការធ្វើ​បាតុកម្ម​នៅ​អាមេរិក កាន់​តែមាន​ទ្រង់ទ្រាយ​ធំ​ឡើង មនុស្ស​ជាច្រើន​ចាប់ផ្តើម​ចូលរួម​បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​ទាមទារ​រក​យុត្តិធម៌​ជូន​លោក George Floyd​។ បាតុកម្ម និង​កុបកម្ម បាន​កើតឡើង​ដំណាលគ្នា រថយន្ត ហាង​លក់ទំនិញ និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត ត្រូវ​វាយ​បំផ្លាញចោល​។ បម្រាម​គោចរ ដែល​អភិបាលក្រុង​មួយចំនួន​បានដាក់ ក៏​ក្រុមបាតុករ​លែងគោ​រព​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នាពេល​កន្លងមក បាន​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បង្ក្រាប​បាតុកម្ម ប្រសិនបើ​រដ្ឋ ឬ​ទីក្រុង​ណាមួយ មិន​ព្រម​ចាត់វិធានការ​ដើម្បី​ការពារ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​។ ការព្រមាន​របស់​ប្រធានាធិបតី​បែបនេះ គឺ​ដោយ​ផ្អែក​ទៅតាម​ច្បាប់​ឆ្លើយតប​នឹង​ការបះបោរ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អាច​នឹង​ប្រើ​កម្លាំងយោធា​ដោះស្រាយ​បញ្ហា​របស់​រដ្ឋ​នីមួយៗ​។ 
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មិន​យល់ស្រប​លើ​បញ្ហា​នេះឡើយ ព្រោះ​អាមេរិក​មិនទាន់​ដល់​ដំណាក់កាល​ប្រើប្រាស់​កម្លាំងយោធា​។ ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​ពី​មន្ទីរ​បញ្ច​កោណ លោក Mark Esper រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជម្រើស​ក្នុង​ប្រើប្រាស់​កម្លាំងយោធា ដែល​មានចែង​នៅក្នុង​ច្បាប់ (​ច្បាប់​ឆ្លើយតប​ការបះបោរ​) គួរតែ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កាលៈទេសៈ​ចុងក្រោយ និង​នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​ជាទីបំផុត​តែប៉ុណ្ណោះ​»​។ 
 
​ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មិន​គាំទ្រ​ឡើយ ការប្រើ​ច្បាប់​ឆ្លើយតប​ការបះបោរ ដើម្បី​បង្ក្រាប​ក្រុមបាតុករ និង​កុបករ ព្រោះ​ស្ថានភាព​អាមេរិក ក្នុងពេល​បច្ចុប្បន្ន គឺ​មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ខ្លាំងពេក​ឡើយ ហើយ​វា​អាច​ដោះស្រាយ​ដោយ​សន្តិវិធី​បាន​។ 
 
​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ដដែល​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់លោក​George Floyd ផងដែរ​។ បន្ថែម​ពីនេះ លោក Esper ទទូច​ឲ្យ​បញ្ឈប់​កា​រើសអើង​ពូជសាសន៍​គ្រប់​សកម្មភាព​ទាំងអស់ ដែល​កើតមាន​នៅក្នុង​ទឹកដី​អាមេរិក​៕ 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com