កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​ក្លិប​បាល់បោះ NBA ថា លោក​ត្រាំ ខ្វះ​ភាព​ដឹកនាំ​ជុំវិញ​បាតុកម្ម​នៅ​អាមេរិក​
04, Jun 2020 , 10:42 am        
រូបភាព
លោក Gregg Popovich ប្រធាន​និងជាគ្រូក្រុមបាល់បោះ San Antonio Spurs (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោក Gregg Popovich ប្រធាន​និងជាគ្រូក្រុមបាល់បោះ San Antonio Spurs (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
 ​លោក Gregg Popovich ប្រធាន និង​ជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់បោះ San Antonio Spurs នៃ​លី​គ (NBA) បាន​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ដែល​ខ្វះ​ភាពជា​អ្នកដឹកនាំ ចំពោះ​ចលាចល​ទូទាំងប្រទេស​ដែល​កើតឡើង​ដោយសារ​ការស្លាប់​បុរស​ស្បែក​ខ្មៅ George Floyd​។​


​លោក Popovich ដែលជា​អ្នក​រិះគន់​លោក​ត្រាំ យូរ​មកហើយ​បាន​ប្រាប់​ទស្សនា​វ​ដ្តី The Nation នៅ​ថ្ងៃទី​១ ខែមិថុនា​ថា បញ្ហា​ដែល​មិនទាន់​ដោះស្រាយ​ជុំវិញ​ទង្វើ​របស់​ប៉ូលិស​ស្បែ​កស និង​ការរើសអើង​ជាតិ​សាសន៍​នៅ​អាមេរិក​បាន​បង្កើត​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ក្នុង​ទីក្រុង​ជាង​៧០ និង​ទីប្រជុំជន​មួយចំនួន​អស់​រយៈពេល​៣​យប់​ជាប់​គ្នា​។​
 
​បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក​វ័យ​៤៦​ឆ្នាំ George Floyd បាន​ស្លាប់ ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី ដែល​ករណីនេះ បានកើត​ឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា​។ 
 
​បុរស​សញ្ជាតិ​អាមេរិក វ័យ​៧១​ឆ្នាំ​រូបនេះ​បាន​លើកឡើងថា​៖ «​អ្វីដែល​បាន​វាយប្រហារ​ខ្ញុំ គឺ​ការ​ឃើញ​អំពើហិង្សា និង​ការរើសអើង​ជាតិ​សាសន៍​របស់​ប៉ូលិស ហើយ​យើង​បានឃើញ​ករណីនេះ​នៅ​អាមេរិក​ពីមុនមក ប៉ុន្តែ​គ្មានអ្វី​ផ្លាស់ប្តូរ​នោះទេ​។ ទាំងនេះហើយ​ជា​មូល​ហេតុដែល​ការតវ៉ា​ផ្ទុះឡើង​កាន់តែខ្លាំង​»​។​
 
​ជុំវិញ​ករណី​ខាងលើ លោក Popovich បាន​រិះគន់​លោក​ត្រាំ​ចំៗ​តែម្តង​។ លោក​ថា ត្រាំ​ខ្វះ​ភាពជា​អ្នកដឹកនាំ និង​ការយល់ដឹង​អំពី​បញ្ហា​នេះ ដែលជា​មូលហេតុ​មិនអាច​មានការ​ផ្លាស់ប្តូរ​បាន ហើយ​ជនជាតិ​អាមេរិក​ស្បែ​កស​តែងតែ​គេចវេស​គិតគូរ​ពី​បញ្ហា​រើសអើង​ពូជសាសន៍​នេះ​។ 
 
​លោក Popovich ដែលជា​គ្រូបង្វឹក​ក្រុម San Antonio Spurs នៃ​លី​គ​កី​ឡ​បាល់បោះ​អាមេរិក (NBA) បន្តថា​ប្រធានាធិបតី​អាមេរិក​រូបនេះ មិនមែន​គ្រាន់តែ​ជា​អ្នកបែងចែក​ពណ៌​សម្បុរស្បែក​នោះទេ​ប៉ុណ្ណោះ ទេ​ប៉ុន្តែ​គឺជា​អ្នក​បំផ្លាញ​ផងដែរ​។ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ដែល​យើង​មាន​មេដឹកនាំ​ដែលមាន​ចរិត​រើសអើង និង​មិនដែល​ចាត់ទុក​បញ្ហា​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​ក្នុង​ក្រសែភ្នែក​ដូច្នេះ​ទេ​»៕
 

Tag:
 NBA
  Gregg Popovich
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com