ជាតិ
ថេរ​សភា​ខេត្តសៀមរាប ប្រកាស​ផ្សឹក​ព្រះអង្គ លួ​ន សុ​វ៉ាត​
04, Jun 2020 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប ព្រះអង្គ ជុំ គឹម​ឡេង បានចេញ​សង្ឃ​សម្រេច​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត ដែល​គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ក្នុងភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ចេញពី​ភេទ​ជា​បព្វជិត កាលពី​ថ្ងៃទី​៣ មិថុនា​។ ការប្រកាស​ផ្សឹក​ព្រះសង្ឃ លួ​ន សុ​វ៉ាត ក្រោម​សេចក្តី​សន្មត​ថា ព្រះអង្គ បាន​សេពមេថុនធម្ម (​មាតុគ្រាម​) ខុស​ធម៌​វិន័យ​។​


​ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប បាន​មាន​ថេរ​ដីកា​រថា អង្គប្រជុំ​ថេរ​សភា បាន​ស្ដាប់​វីដេអូ​សារ​ជា​សំឡេង​សន្ទនា​រៀបរាប់​រវាង ភិក្ខុ លួ​ន សុ​វ៉ាត ជា​ស្ត្រី​ជា​ម្ដាយ និង​កូនស្រី នៅក្នុង​វីដេអូ​បែកធ្លាយ​មួយ រួមទាំង​កំណត់ហេតុ​ពី​ភាគី​ខាង​ស្រី ទើប​ឈានដល់​ការ​សន្មត​ថា ព្រះអង្គ​សេពមេថុនធម្ម (​មាតុគ្រាម​) ជាមួយ​ស្ត្រីភេទ​ពិតប្រាកដ​មែន​។​
 
​ព្រះអង្គ ជុំ គឹម​ឡេង ប្រធាន​ថេរ​សភា​ខេត្តសៀមរាប មាន​ថេរ​ដីការ​ក្នុង​លិខិត​ដូច្នេះ​ថា​៖«​តាម​ព្រះ​វិន័យ​ចែង​ក្នុង​សិក្ខាបទ ត្រង់​អាបត្តិ​បរាជិក (​សេពមេថុនធម្ម​) ភិក្ខុ​អង្គណា​បាន​ប្រព្រឹត្ត​ធ្វើឱ្យ​កន្លង ត្រូវតែ​ចាកចេញ​ពី​ភិក្ខុភាវៈ​»​។​
 
​តាមរយៈ​សេចក្តីប្រកាស​នេះ ប្រធាន​ថេរ​សភា​ខេត្តសៀមរាប មាន​ថេរ​ដីការ​សង្កត់ធ្ងន់ថា ព្រះអង្គ លួ​ន សុ​វ៉ាត លែង​ជា​បុព្វ​ជិត​ទៀតហើយ​។ «​ក្រោយ​ថ្ងៃ​ចេញ​សង្ឃ​សម្រេច​នេះ បើ​ឈ្មោះ លួ​ន សុ​វ៉ាត នៅតែ​បន្ត​គ្រង​សង្ឃ​ចីវរ​ជា​បុព្វ​ជិត​ដូច​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា ចាត់ទុកជា​បុគ្គល​នេះ​ប្រព្រឹត្ត​ក្លែងភេទ សូម​ព្រះ​មេគណ​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​»​។ នេះ​បើតាម​ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប ។

សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងព្រះអង្គ លួន សុវ៉ាត ដើម្បីសុំថេរដីការតប នឹងការសម្រេចផ្សឹកព្រះអង្គ បាននៅឡើយទេ៕

Tag:
 លួ​ន សុ​វ៉ាត​
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com