COVID-19
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋ​ហុងកុង បន្ត​ផែនការ​រំឭក​ការបង្ក្រាប​នៅ​ធាន​អាន​មិន តែ​មិន​ប្រមូលផ្ដុំ​
04, Jun 2020 , 1:15 pm        
រូបភាព
ការជួបជុំអុជទៀនរំឭកការបង្ក្រាបនៅធានអានមិន។រូបភាព AP
ការជួបជុំអុជទៀនរំឭកការបង្ក្រាបនៅធានអានមិន។រូបភាព AP
ដោយ:
ពលរដ្ឋ​ហុងកុង នៅ​ថ្ងៃទី​៤ ខែមិថុនា នេះ​នឹង​ប្រារព្ធ​ពិធី​រំឭក​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន ដោយ​ដុត​ទៀត​នៅតាម​កន្លែង​រៀងៗ​ខ្លួន​ជុំវិញ​ទីក្រុង​ហុងកុង ដោយ​មិន​ប្រមូលផ្ដុំ​ដូច​ផែនការ​ឡើយ​។ ប៉ូលិស​ហុងកុង បាន​បដិសេធ​មិន​ឲ្យ​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ ក្រោម​ហេតុផល​បង្ការ​ការចម្លង​ជំងឺ COVID-19។

 
​ហុងកុង គឺជា​ទីកន្លែង​តែមួយគត់​ក្នុងប្រទេស​ចិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​រំឭក​ពី​ព្រឹត្តិការណ៍​នេះ​។ ការបដិសេធ​មិន​ឲ្យ​មានការ​ជួបជុំ​រំឭក​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២០​នេះ គឺជា​ការហាម​ប្រាម​លើកដំបូង​បង្អស់​ក្នុង​រយៈពេល​៣០​ឆ្នាំ​។ ការជួបជុំ​នេះ​ត្រូវបាន​ហាមប្រាម​ក្រោម​ហេតុផល​សុខាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​លើសពី​៨​នាក់​នៅ​ទីសាធារណៈ​។​
 
​យ៉ាងណាមិញ អ្នករៀបចំ​ការជួបជុំ​បាន​ចោទប្រកាន់​ប៉ូលិស​ថា ប្រើប្រាស់ COVID-19 ជា​លេស​ដើម្បី​ហាមប្រាម​ការជួបជុំ​។ លោក Lee Cheuk-yan ប្រធាន​សម្ព័ន្ធ​ហុងកុង​ដែល​រៀបចំ​ការជួបជុំ​រំឭក​ព្រឹ​ត្រិ​ការណ៍​ជា​រឿង​រាល់​ឆ្នាំ​បាន លើកឡើងថា​៖«​បើសិនជា​គេ​មិន​ឲ្យ​យើង​ជួបជុំគ្នា​អុជ​ទៀន យើង​នឹង​អុជ​ទៀន​ពេញទី​ក្រុង​»​។ លោក​បន្ថែមទៀតថា ការអុជ​ទៀន នឹង​នៅ​ម៉ោង​៨​យប់ បើទោះបីជា​នៅទីណា​ក៏ដោយ​។​
 
​ដោយ​ពុំ​អាច​ជួបជុំគ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​សួន Victoria បាន ពលរដ្ឋ​ហុងកុង គ្រោង​នឹង​រំឭក​ព្រឹត្តិការណ៍​នេះ​នៅតាម​កន្លែង​រៀងៗ​ខ្លួន​។ លោក Chiu Yan-loy សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ និង​ជា​សមាជិក​សម្ព័ន្ធ​ហុងកុង បាន​លើកឡើងថា គេ​គ្រោង​នឹង​ចែកចាយ​ទៀន​នៅ​ទីតាំង​ពី​១០០ ទៅ​២០០​កន្លែង នៅ​ជុំវិញ​ទីក្រុង​។ 
 
​ចំណែកឯ​ផែនទី​ឌីជីថល និង​ឈ្មោះ​ទីកន្លែង​រាប់សិប​ត្រូវបាន​ផ្ញើ​ចេញ​ក្នុងន័យ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ហុងកុង​ជួបជុំ​នៅ​កន្លែង​ដែល​កំណត់​ទាំងនេះ ដើម្បី​អុជ​ទៀន​រំឭក​ព្រឹត្តិការណ៍​នេះ​ជា​លក្ខណ​ទ្រង់ទ្រាយ​តូច​។ បន្ថែម​ពីនេះ ព្រះវិហារ​កាតូលិក​ចំនួន​៧ ក៏បាន​ប្រកាសថា នឹង​បើកទ្វារ​ដើម្បី​ឲ្យ​មានការ​ជួបជុំ​រំឭក​ព្រឹ​តិ្ត​ការណ៍​នេះ​ផងដែរ​។ 
 
​ចំណែកឯ​អាជ្ញាធរ​ហុងកុង​វិញ ក៏​មិន​បង្អែបង្អង់​ក្នុងការ​ចាត់វិធានការ​ដែរ​។ ប៉ូលិស​បង្ក្រាប​បាតុកម្ម បានដាក់​ចេញ​វិធានការ​ត្រៀម​មិន​ឲ្យ​មានការ​ជួបជុំ តាំងពី​សប្តាហ៍​មុន​មក​។ ជុំវិញ​ការហាម​ប្រាម​នេះ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រមុខ​ការបរទេស​អា​មេ​រិ​ក បាន​លើកឡើងថា ចិន​មាន​ចេតនា​បំបិទ​សំឡេង និង​ជម្រើស​របស់​ពលរដ្ឋ​ហុងកុង និង​ធ្វើ​ឲ្យ​ពួកគេ​ដូច​ជាពលរដ្ឋ​ចិនដីគោក​ដែរ​។ 
 
​ក្រៅតែពី​ក្រុង​ហុងកុង កោះ​តៃវ៉ាន់ និង​សហគមន៍​ចិន​នៅ​ប្រទេស​លោកខាងលិច​ ក៏​ប្រារព្ធ​ពិធី​រំឭក​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន​នេះដែរ​។ តៃវ៉ាន់ ថែម​​ទាំង​បានទាមទារ​ឲ្យ​ចិន សុំទោស​ចំពោះ​ការបង្ក្រាប​នៅ​ឆ្នាំ​១៩៨៩ នោះ ប៉ុន្តែ​ត្រូវបាន​ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ចាត់ទុក​ពាក្យសម្តី​នេះ​ថា​គ្មាន​ន័យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com