អត្ថបទពាណិជ្ជកម្ម
ភីអិនអិន ក្រុងពាលីរឿងថ្មី ពណ៌ជីវិត បើកបង្ហាញតួឯកស្រីថ្មីលើកដំបូង
× ស្ថានីយទូរទស្សន៍ ភីអិនអិន រៀបចំពិធីក្រុងពាលីភាពយន្តភាគថ្មីរបស់ខ្លួនរឿង«ពណ៌ជីវិត» នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយសហការរៀបចំផលិតពីផលិតកម្ម PR Production សម្រិតសម្រាំងយកគុណភាពរឿងជាចម្បង។
តាមរយៈការផ្ដើមគំនិតចងក្រងនិពន្ធ និងផលិតខ្សែភាពយន្តភាគខ្មែរនេះឡើង គឺដើម្បីបំពេញតម្រូវការទីផ្សារភាពយន្ត សម្រាប់អ្នកគាំទ្រឲ្យកាន់តែសម្បូរបែប។ ទស្សនិកជនប្រាកដជាភ្ញាក់ផ្អើល ជាមួយនឹងវត្តមានតារាសម្ដែងស្រីថ្មី សម្រាប់រឿងភាគរបស់ ភីអិនអិន គឺអ្នកនាង សិទ្ធី នីកា។
បើតាមការឲ្យដឹងពីផលិតករ តារាសម្ដែងស្រីស្រស់សោភា សិទ្ធី នីកា ត្រូវបានចាប់តួសម្ដែងជាមួយ លោក វ៉ៃ ហាំង ដែលជាតារាឈានមុខប្រចាំឲ្យស្ថានីយទូរទស្សន៍ភី អិនអិន តែម្ដង។ ខុសពីខ្សែភាពយន្តមុនៗ ដែលភាគច្រើនគេសង្កេតឃើញ វ៉ៃ ហាំង ចាប់ដៃគូសម្ដែងជាមួយកញ្ញា យូប៊ីន លើកនេះទស្សនិកជន នឹងប្លែកអារម្មណ៍ ដោយផលិតករបានសម្រចប្ដូរដៃគូសម្ដែង របស់តារាប្រុសរូបនេះ។ បន្ថែមពីនេះទៀត រឿង «ពណ៌ជីវិត» ក៏ជាសាច់រឿងបង្ហាញពីតថភាពនៃការរស់នៅ ទំនាក់ទំនងការងារ ស្នេហា មនោសញ្ចេតនា ដែលញ៉ាំងឲ្យអ្នកទស្សនាបានយល់កាន់តែច្បាស់ថា តើជីវិតត្រូវបត់បែនតាមរបៀបណា ហើយរឿងរ៉ាវអ្វីខ្លះដែលខ្លួនត្រូវបានជួបប្រទះ។ តួយ៉ាង ដូចជា លោក វ៉ៃ ហាំង និងអ្នកនាង សិទ្ធី នីកា ដែលជាតួអង្គធំក្នុងរឿង ហើយត្រូវប្រឈមមុខ នឹងការទទួលខុសត្រូវក្នុងជីវិតដ៏ច្រើន ។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិន បានលើកឡើងថា៖«ចំពោះខ្សែភាពយន្តភាគរឿង «ពណ៌ជីវិត» ឆ្លុះបញ្ចាំងគ្រប់រសជាតិនៃជីវិត និងការងារ ភាពអាត្មានិយម ប្រើប្រាស់មនោសញ្ចេតនាមិត្តភាព ព្រមទាំងបានបង្ហាញនូវគុណភាពតម្លៃ និងភាពទទួលខុសត្រូវការងារ។ បន្ថែមពីនេះទៀត ក្នុងរឿងនេះ ទស្សនិកជននឹងឃើញនូវការសម្ដែងចរិតតួអង្គថ្មីរបស់តារាសម្ដែង ខាត់ វ៉ៃហាំង ដែលកន្លងមក វ៉ៃ ហាំង គាត់សម្ដែងបែបតួអង្គសុភាពបុរស តស៊ូដើម្បីស្នេហា តែនៅក្នុងរឿងនេះ គាត់ត្រូវបានសម្ដែងជាតួអង្គក្បត់ចិត្តភរិយា ទៅលបលួចស្រឡាញ់មិត្តភក្តិតួឯកស្រីវិញ។ យើងជឿជាក់ថា រឿង «ពណ៌ជីវិត» នឹងនាំមកនូវទស្សនីយភាពថ្មីប្លែកអារម្មណ៍ សម្រាប់ទស្សនិកជន»។
ក្នុងពីធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង របស់ស្ថានីយទូរទស្សន៍ភីអិនអិន ផលិតករ អ្នកដឹកនាំភាពយន្ត និងតារាសម្ដែងល្បីៗ ទាំងតារាជើងចាស់ និងតារាដែលទើបរះ មានដូចជា លោក ជា សំណាង លោក អ៊ុន សុទ្ធា លោក វ៉ៃ ហាំង អ្នកនាង សិទ្ធី នីកា កញ្ញា Fah Fah លោក Summer កញ្ញា ប៉ុប ពី រួមនឹងសិល្បករ សិល្បការនី ជាច្រើនរូបទៀត ។
ភីអិនអីន រំពឹង និងសង្ឃឹមយ៉ាងជឿជាក់ថា ទស្សនិកជន នឹងគាំទ្ររឿងភាគខ្មែរមួយនេះ នៅពេលចាប់ផ្សាយ នៅលើកញ្ចក់ទូរស្សន៍ជាផ្លូវការ។ ការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចលករដ៏សំខាន់មួយ ដែលធ្វើឲ្យក្រុមការងារ ភីអិនអិន ក៏ដូជាផលិតកម្ម និងតារាភាពយន្ត អាចបន្តនាំយក និងផលិតភាពយន្តភាគថ្មីៗ បានកាន់តែមានគុណភាពខ្ពស់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com