ភ្នំពេញ៖ រដ្ឋសភា បន្តប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន២ទៀត នៅព្រឹកថ្ងៃទី៥ ឧសភានេះ។
សេចក្តីព្រាងច្បាប់ទាំង២នោះ រួមមានសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ។
ចំពោះសេចក្តីព្រាងច្បាប់ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ គឺវាជួយដល់កម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
មិនតែប៉ុណ្ណោះ ច្បាប់នេះក៏មានវិសាលភាពក្នុងការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើ និងទទួលសំណើរទាំងអស់ ទោះបីជារដ្ឋទាំងនោះ មិនមានកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាក៏ដោយ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖«ច្បាប់នេះមិនមានវិសាលភាពអនុវត្តចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា»។
ច្បាប់នេះក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ។
កម្ពុជាបានចុះសន្ធិសញ្ញាទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌកន្លងមកដែរ។ ក្នុងនោះកម្ពុជាបានចុះសន្ធិសញ្ញាពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាខ្លះ ត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀតកំពុងស្ថិតក្នុងនីតិវិធី ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។ នេះបើតាមលោក ផៃ ស៊ីផាន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់កន្លងមកថា៖«ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើនរួមទាំងប្រទេសដែលមានសន្ធិសញ្ញាជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុងមួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ»។
សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ។ ជាពិសេសបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផង៕