ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយ​ជាង​៤០​លាន​ដុល្លារ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល និង​សេដ្ឋកិច្ច​
04, Jun 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៤១. ៤​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​ចំនួន​៣ ដែល​នឹង​ជួយ​ឲ្យ​ធនធានមនុស្ស​កម្ពុជា​, សុខាភិបាល និង​ការអភិវឌ្ឍន៍​សង្គម មាន​ភាព​កាន់តែ​ប្រសើរ​។ ជំនួយឥតសំណង​នេះ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៥ មិថុនា​។

 
​កម្ពុជា​-​ជប៉ុន នឹង​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន ៤ ៥០១ លាន​យ៉េន ឬ​ប្រហែល​នឹង ៤១.៤​លាន​ដុល្លារ នៅ​ថ្ងៃទី ៥ ខែមិថុនា​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ 
 
​ជំនួយឥតសំណង​នេះ គឺ​សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន​បី​នៅក្នុង​វិស័យ​អប់រំ សុខាភិបាល និង​ការអភិវឌ្ឍន៍​សង្គម​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស​កម្ពុជា ដែល​បាន​បញ្ជាក់ថា គម្រោង​ទី​១​គឺ​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ចំនួន ៣៤៨​លាន​យ៉េន ឬ​ស្មើនឹង​៣.២​លាន​ដុល្លារ​។ គម្រោង​ទី​២ គឺ​ការធ្វើ​ឲ្យ​ប្រសើរឡើង នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ២ ១៥៣​លាន​យ៉េន ឬ​ប្រមាណ​ជា ២៩.៨​លាន​ដុល្លារ និង​គម្រោង​ទី​៣ គឺ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​សម្រាប់​ការពារ និង​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២០០០​លាន​យ៉េន ឬ​ប្រមាណ ១៨.៤​លាន​ដុល្លារ​។​
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រមទាំង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២៕
 

Tag:
 ជំនួយឥតសំណង​
  សុខភាព​
  អប់រំ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com