ភ្នំពេញ៖ គិតត្រឹមរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា សម្រេចបានចំណូលរដ្ឋបាលថ្នាក់ជាតិ ៨ ៤២៨ ២៧៧លានរៀល (ជាង២០០០លានដុល្លារ) ។ ចំនួននេះ មានការកើនឡើង១០,២៩ភាគរយទៀតផង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញរបាយការណ៍មួយ ស្តីពីការអនុវត្តថវិកា ថា ចំណូលរដ្ឋបាលជាតិ ដែលកម្ពុជាសម្រេចបាននេះ ដោយសារតែមានប្រភពសំខាន់ចំនួន៣ ជួយទ្រទ្រង់សេដ្ឋកិច្ច ស្របពេលដែលកម្ពុជា កំពុងប្រឈមមុខនឹងជំងឺកូវីដ១៩។ បើតាមក្រសួងសេដ្ឋកិច្ច ប្រភពចំណូលទាំង៣នោះ រួមមានចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ជាង១,៧០០លានដុល្លារ) ស្មើនឹង៨៤,៦៤ភាគរយ, ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ជាង២៣០លានដុល្លារ) ស្មើនឹង១១,៤៦ភាគរយ និងអំណោយ ៣២៨,៧៧៥លានរៀល (ប្រមាណ៨០លានដុល្លារ) ប្រមាណ៣,៩០ភាគរយ។
ជាមួយគ្នានេះ កម្ពុជាក៏មានការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប ក្នុងរយៈពេល៤ខែមកនេះ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
របាយការណ៍ក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ដូច្នេះថា៖«គិតត្រឹមខែមេសា នៃឆ្នាំ២០២០នេះ តុល្យភាពប្រតិបត្តិការដុល(ចំណូលដកចំណាយ) មានសមតុល្យចំនួន៣,០៦៦, ០២០លានរៀល ឬបានកើនឡើង១៥,៧២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩»។
ក្រសួងសេដ្ឋកិច្ច វាយតម្លៃថា ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ មានលទ្ធផលល្អ ពោលគឺកើនឡើង១០,២៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ បើទោះចំណាយសរុបក៏មានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះកើនឡើង ៣១,៥៦ភាគរយ។ « បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវី៥-១៩) នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់ រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០»។ នេះជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច៕