កីឡាជាតិ
ជាតិ
លោក ប៉ែន ផាត ចង់​ប្រើ​ជីវិតចុងក្រោយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​
05, Jun 2020 , 9:29 am        
រូបភាព
ដោយ:
អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​លោក ប៉ែន ផាត ដែល​កំពុង​បង្វឹក​ក្រុមយុវជន​ជាមួយ​ក្លិប​មួយ​នៅ​ប្រទេស​ថៃ ចង់ឃើញ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ភាព​រីកចម្រើន​។ បុរស​វ័យ​៧២​ឆ្នាំ​រូបនេះ អះអាងថា លោក​ចង់​ប្រើ​ជីវិតចុងក្រោយ​របស់ខ្លួន​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ការអះអាង​បែបនេះ​របស់ លោក ធ្វើឡើង​ក្រោយ​មាន​ពា​ក្យា​ចចាមអារ៉ាម​ថា លោក​នឹង​មក​ចូលរួម​ជាមួយ​ក្លិប​មួយ​នៅ​កម្ពុជា​ចុងឆ្នាំ​នេះ​។

 
​លោក ប៉ែន ផាត អតីត​កីឡាករ​ជើង​ខ្លាំង​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០ ចង់​ប្រើប្រាស់​ជីវិតចុងក្រោយ​ជាមួយ​បាល់ទាត់​នៅ​កម្ពុជា​។ លោក ចង់យក​បទពិសោធ​បង្វឹក​របស់ខ្លួន​មក​ចែករំលែក​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ពួកគេ​បាន​យល់ បានដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ពោលគឺ លោក ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 
 
​បុរស​វ័យ​៧២​ឆ្នាំ​រូបនេះ​អះអាងថា ការចង់​ប្រើប្រាស់​ជីវិតចុងក្រោយ​ជាមួយ​បាល់ទាត់​នៅ​កម្ពុជា​នេះ​ដោយសារ​លោក​ចង់​ធ្វើ​សាង​ស្នាដៃ​មួយ ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​ការចងចាំ​មួយ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​បញ្ចប់​អាជីព​ជា​កីឡាករ លោក ប៉ែន ផាត មិនទាន់បាន​សាង​អ្វី​ស្នាដៃ​អ្វីមួយ​ជា​ដុំកំភួន​សម្រាប់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​នោះទេ​។  
 
«​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​កូន​ខ្មែរ​សម្រាប់​ជីវិតចុងក្រោយ​របស់ខ្ញុំ ទាន់​ខ្ញុំ​នៅ​រត់​បាន លេង​បាន មាន​កម្លាំង​ខ្លាំង​រត់​ទាត់​បាល់​លេង​បាន ដូច្នេះ​ទើប​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​នូវ​ជីវិតចុងក្រោយ​រប​ស់​ខ្ញុំ ដើម្បី​កសាង​អ្វីមួយ ដែលជា​អនុស្សាវរីយ៍​ដ៏​ថ្លៃថ្នូរ​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ែន ផាត ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​។ 
 
​បុរស​ដែល​កំពុង​បង្វឹក​ក្រុម Academy ជាមួយ​ក្លិប Thai Kids Soccer Academy Chonbori មួយ​នៅ​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ​រូបនេះ​បាន​បន្ថែមថា​៖«​ជា​ជីវិតចុងក្រោយ​របស់ខ្ញុំ នៅពេលនេះ​ខ្ញុំ​នៅ​រត់​បាន លេង​បាន ទាត់​បាន ហើយ​អាចធ្វើ​អ្វីៗ​ឲ្យ​ក្មេង​មើល​បាន អ៊ីចឹង​ខ្ញុំ​ចង់ទៅ​ជួយ​ចែករំលែក​អ្វីដែល​ខ្ញុំ​មាន​ឲ្យ​កូន​ខ្មែរ​យើង​បាន​យល់ បានដឹង ទាំងអស់គ្នា​»​។​
 
​ការអះអាង និង​ប្តេជ្ញាចិត្ត​របស់​អតីត​កីឡាករ​រហស្សនាម​ពស់​កេងកង​រូបនេះ ធ្វើឡើង​ស្របពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​នឹង​មក​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​(Academy)​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ បើសិន​ការលេចលឺ​នេះ​ជា​រឿង​ពិតមែន​នោះ លោក ប៉ែន ផាត ទំនងជា​អាច​សម្រេច​គោលបំណង​របស់ខ្លួន ដែល​ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 
 
​បុរស​សញ្ជាតិ​បារាំង​រូបនេះ បាន​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប TKS Academy តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០២០ មកម្ល៉េះ​។ ខណៈ​បច្ចុប្បន្ន​លោក​កំពុងស្នាក់នៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ថៃ​បាន​បិទ​ប្រទេស​មិន​ឲ្យ​មានការ​កោះ​ហើរ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក ប៉ែន ផាត ជា​អតីត​កីឡាករ​ល្បី​ល្បាយ​មួយរូប​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង​ឆ្នាំ​១៩៧០​។ លោក​បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​នៅ​អំឡុង​ឆ្នាំ​១៩៧២ ក្នុងអំឡុងពេល​កម្ពុជា​មាន​សង្គ្រាម​។ លោក​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​លេង​បាល់​ជាមួយ​ស្តេច​បាល់ទាត់​របស់​ប្រេ​ស៊ី​ល Pele ក្នុងអំឡុងពេល​លោក​លេង​ឲ្យ​ក្លិប​មួយ​របស់​ថៃ​៕     

Tag:
 ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com