ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ចេះតែ​ស្រេកទឹក​ឥត​ឈប់ អាចមកពី​មូលហេតុ​ទាំងនេះ​
06, Jun 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ការ​ស្រេកទឹក​ឥត​ឈប់​អាចជា​អាកា​រៈ​នៃ​បញ្ហា​មួយចំនួន​។ ថា​តើ​បញ្ហា​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​មូលហេតុ​មួយចំនួន​ដែល​អាច​បណ្ដាលឱ្យ​អ្នក​ស្រេកទឹក​មិន​ឈប់ ៖

 
១. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​រាងកាយ​នឹងត្រូវ​ការ​ទឹក​បន្ថែម​នៅពេល​ជួបប្រទះ​បញ្ហា​ខ្វះ ឬ​ខ្សោះ​ជាតិ​ទឹក​។ អ្វីដែល​គួរឱ្យ​បារម្ភ​នោះ គឺ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្កបញ្ហា​ផ្សេងទៀត​ដូចជា​ប្រកាច់ សម្ពាធ​ឈាម​ចុះ​ទាប ខ្សោយតម្រងនោម សន្លប់ ហើយ​ថែមទាំង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង​។ មូលហេតុ​ទូទៅ​បំផុត​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​រួមបញ្ចូល​ទាំង​ការ​ក្អួត រាគ និង​បែកញើស​ហួសប្រមាណ​។​
 
២. ទឹកនោមផ្អែម​
 
​រោគសញ្ញា​ចម្បង​បំផុត ៣ នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ឃ្លាន​ខ្លាំង នោម​ញឹក និង​ស្រេកទឹក​មិន​ឈប់​។ អ្នកជំងឺ​ទឹកនោមផ្អែម​ស្រេកទឹក​មិន​ឈប់​ដោយសារតែ​កម្រិត​នៃ​ជាតិ​ស្ករ​គ្លុយកូស​កើនឡើង​ខ្ពស់​ក្នុង​ឈាម​។​ម្យ៉ាងទៀត​ការ​ស្រេកទឹក​មិន​ឈប់​នេះ​ក៏​បណ្ដាលមកពី​អ្នកជំងឺ​នោម​ញឹក​ជាង​ធម្មតា​ផងដែរ​។ ការទទួល​ទាន​ទឹក​កាន់តែច្រើន​ជួយ​រំលាយ​បរិមាណ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ចរន្តឈាម​និង​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។ ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់ ឃ្លាន​ខ្លាំង នោម​ញឹក​មាន​អម​មកជា​មួយ​អាកា​រៈ​ផ្សេងទៀត​ដូចជា​អស់កម្លាំង ព្រិល​ភ្នែក ស្រក​ទម្ងន់​ខ្លាំង ស្ពឹក ឬ​ឈឺ​ចាក់​ឆៀបៗ​ត្រង់​ដៃជើង និង​របួស​មិន​ងាយ​ជា ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។​
 
៣. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​
 
​ថ្នាំ​មួយចំនួន​រួមបញ្ចូល​ទាំង​ថ្នាំ​សម្រាប់​បញ្ហា​អា​ឡែក​ស៊ី​និង​វិលមុខ​ជាដើម​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ស្រេកទឹក​ខុសធម្មតា​។​
 
៤. ខ្វះ​គ្រាប់​ឈាមក្រហម​
 
​កង្វះ​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាលមកពី​ការបាត់បង់​ឈាម​អាចជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ក៏​ព្រោះ​រាងកាយ​ត្រូវការ​ទឹក​គ្រប់គ្រាន់​ដើម្បី​ស្ដារ​បរិមាណ​ឈាម​ឱ្យ​ធម្មតា​ឡើងវិញ​។ ហើយ​ស្ត្រី​ជា​អ្នក​ដែល​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ស្រេកទឹក​បែបនេះ​បំផុត​ខណៈពេល​មក​រដូវ​ដោយ​ពួកគេ​ត្រូវ​បាត់បង់​ឈាម​មួយចំនួន​។ ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់​មាន​អម​មកជា​មួយ​នូវ​អាកា​រៈ​ផ្សេងទៀត​ដូចជា​ស្បែក​ស្លេកស្លាំង ភាព​ខ្លី​នៃ​ដង្ហើម អស់កម្លាំង វិលមុខ និង​បេះដូង​
​លោត​ញាប់ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។​
 
៥. មក​រដូវ​
 
​ពិសេស​ប្រសិនបើ​អ្នក​មក​រដូវ​ដោយ​ធ្លាក់ឈាម​ខ្លាំង​។ ការបាត់បង់​ឈាម​ច្រើន​កំឡុងពេល​មក​រដូវ​នឹងធ្វើ​ឱ្យ​អ្នក​ស្រេកទឹក​ខ្លាំង​។ ការ​មក​រដូវ​ក៏​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​បរិ​មាណនៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​។​
 
៦. សម្ពាធ​ឈាម​ចុះ​ទាប​
 
​មាន​កត្តា​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ក្នុងនោះ​រួមបញ្ចូល​ទាំង​បញ្ហា​បេះដូង ការបាត់បង់​ឈាម បញ្ហា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន អា​ឡែក​ស៊ី​ធ្ងន់ធ្ងរ ការ​មាន​ផ្ទៃពោះ ស្ត្រេ​ស​រ៊ាំ​រ៉ៃ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ទម្លាប់​មិនល្អ​នៃ​ការទទួល​ទាន​ជាដើម​។ ហើយ​មួយ​ក្នុងចំណោម​អាកា​រៈ​ផ្សេងៗ​ដែល​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​ជួបប្រទះ គឺ​ការ​ស្រេកទឹក​មិន​ឈប់​។ នោះ​ក៏​ព្រោះ​រាងកាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កើន​សម្ពាធ​ឈាម​ប្រក្រតី​។ រោគសញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​រួមមាន​ធី​ង​ធោ​ង​ក្នុង​ខ្លួន អស់កម្លាំង ព្រិល​ភ្នែក ធ្លាក់​ទឹកចិត្ត និង​សន្លប់​បាត់ស្មារតី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com