COVID-19
អន្តរជាតិ
សេត​វិមាន​អាមេរិក ស្នើ​ឲ្យ​ចិន​បញ្ចេញ​ព័ត៌មាន​ពិត​ក្នុងការ​បង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន​
05, Jun 2020 , 10:36 am        
រូបភាព
​ការសម្លាប់​រង្គាល​នៅ​ទីលាន​ធាន​អាន​មិន នៅក្នុង​ឆ្នាំ​១៩៨៩ គឺជា​រឿង​មិនអាច​បំភ្លេចបាន​។ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អាមេរិក​មួយរូប បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​៤ ខែមិថុនា ដោយ​បន្ថែមថា ចិន គួរតែ​បញ្ចេញ​តួលេខ​អ្នកស្លាប់ អ្នក​ឃុំខ្លួន និង​អ្នក​បាត់​ខ្លួន ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​។

 
​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន គឺ​កើតចេញពី​ចលនា​តវ៉ា​នឹង​រដ្ឋាភិបាល​ចិន​នៅក្នុង​ឆ្នាំ​១៩៨៩ ពី​សំណាក់​ក្រុមនិស្សិត និង​ប្រជាជន​ចិន​ផ្សេងទៀត ដើម្បី​ទាមទារ​សិទ្ធិសេរីភាព ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​សិទ្ធិ​បុគ្គល​បន្ថែម​។ ក្នុងការ​បង្ក្រាប​ការតវ៉ា​របស់​ប្រជាជន​នៅក្នុង​ឆ្នាំ​១៩៨៩ មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​សម្លាប់ ខណៈ​មនុស្ស​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន និង​ត្រូវគេ​ឃុំខ្លួន​។ 
 
​ដោយសារ​វា​ជា​រឿង​ដ៏​រសើប​មួយ​សម្រាប់​រដ្ឋាភិបាល​ចិន ក៏ដូចជា​បក្ស​កុម្មុយនីស្ត​ចិន គ្មាន​ឡើយ​ការអនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​រំឭក​ខួប​នៅក្នុង​ប្រទេស ហើយ​តួលេខ​អ្នកស្លាប់ អ្នក​ឃុំខ្លួន និង​អ្នក​បាត់​ខ្លួន នៅតែ​មិនទាន់​ត្រូវបាន​គេ​បញ្ចេញ​ដដែល រហូតមកដល់​ថ្ងៃនេះ​។ 
 
​នៅ​ចំ​ថ្ងៃ​រំឭក​ខួប​លើក​ទី​៣១ នៃ​ការបង្ក្រាប​នេះ អាមេរិក​បានចេញ​មុខ​ឲ្យ​ចិន​បញ្ចេញ​តួលេខ​អ្នកស្លាប់ អ្នក​ឃុំខ្លួន ហើយ​ថា​ចាត់ទុក​ព្រឹត្តិការណ៍​នៅ​ទីលាន​ធាន​អាន​មិន​នេះ គឺជា​ការសម្លាប់​រង្គាល​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោកស្រី Kayleigh McEnany អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ការសម្លាប់​រង្គាល​រប​ស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​ប្រជាជន​ស៊ីវិល គឺជា​សោកនាដកម្ម ដែល​មិនអាច​បំភ្លេចបាន​»​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោកស្រី​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក បាន​អំពាវនាវ​ឲ្យ​ចិន បញ្ចេញ​តួលេខ​ជុំវិញ​អ្នកស្លាប់ អ្នក​ឃុំខ្លួន និង​អ្នក​បាត់​ខ្លួន ជុំវិញ​ព្រឹត្តិការណ៍​ធាន​អាន​មិន​។ ជា​រៀងរាល់ឆ្នាំ អាមេរិក​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​ឲ្យ​ចិន​ចេញមុខ​ទទួលខុសត្រូវ​ពី​ការបង្ក្រាប​ដ៏​សាហាវ​នេះ​។ 
 
​សូមបញ្ជាក់ថា សម្រាប់​ទឹកដី​ចិន មានតែ​ហុងកុង​តែមួយ​ប៉ុណ្ណោះ ដែល​ប្រារព្ធ​ពិធី​រំឭក​ខួប​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន ចាប់តាំងពី​ឆ្នាំ ១៩៨៩​មក​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២០​នេះ រដ្ឋបាល​ស្វយ័ត​ហុងកុង បាន​ហាម​ប្រជាជន​របស់ខ្លួន មិន​ឲ្យ​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​នេះឡើយ ដោយ​ផ្អែក​ទៅតាម​ហេតុផល​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។ យ៉ាងណាក៏ដោយ ប្រជាជន​ហុងកុង​មួយចំនួន បាន​បដិសេធ​គោរព​ការហាមឃាត់​នេះ និង​ជួបជុំគ្នា​ដុត​ទៀន ដើម្បី​ប្រារព្ធ​ពិធី​រលឹក​ខួប​ដដែល​៕  

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com