ជាតិ
HRW ស្នើឱ្យ​កម្ពុជា ស៊ើបអង្កេត​លើ​ករណី​ចាប់​សកម្មជន​នយោបាយ​ថៃ​ម្នាក់ នៅ​កម្ពុជា​
05, Jun 2020 , 11:27 am        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ស្នើឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​លោក Wanchalearm Satsaksit ដែលជា​សកម្មជន​នយោបាយ​ថៃ ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​។​




​លោក Wanchalearm Satsaksit ត្រូវបាន​គេ​ចាប់ជំរិត​នៅមុខ​ខុន​ដូ មួយកន្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពីល្ងាច​ថ្ងៃទី​៤ មិថុនា​។ ករណី​ចាប់ជំរិត​នេះ កើតឡើង​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Wanchalearm Satsaksit បានចេញ​វីដេអូ​ឃ្លី​ប​មួយ ដោយនិយាយ​ជា​ភាសា​ថៃ ក្នុងន័យ​រិះគន់​លើ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ កាលពី​ថ្ងៃទី​៣ មិថុនា​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​សកម្ម​ជន​នយោបាយ​ថៃ លោក Wanchalearm Satsaksit ដែល​កំពុង​រស់នៅ​កម្ពុជា​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ដែល​បាន​តាមដាន​ករណីនេះ បាន​ស្នើឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​លោក Wanchalearm Satsaksit ដែលជា​សកម្មជន​នយោបាយ​ថៃ​នេះ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៥ មិថុនា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប្រ៊ែ​ដ អាដាម បាន​សង្កត់​ដូច្នេះ​ថា​៖«​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ នៅតាម​ដងផ្លូវ​រាជធានី​ភ្នំពេញ​នេះ ទាមទារ​ឱ្យមាន​ការឆ្លើយតប​ភ្លាមៗ​ពី​អាជ្ញាធរ​កម្ពុជា​។ អាជ្ញាធរ​កម្ពុជា គួរតែមាន​វិធានការ​ជាបន្ទាន់​មួយ ដើម្បី​ធានា​សុវត្ថិភាព​ដល់​លោក Wanchalearm នៅ​កន្លែង​ដែល​គាត់​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​នឹង​ករណីនេះ អគ្គ​ស្នងការរង និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន អះអាងថា ខ្លួន​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ​។ ចំណែក​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​មិនទាន់​ដឹង​ករណី​នេះដែរ ។ លោក ខៀវ សុភ័គ សង្កត់ធ្ងន់ថា​៖« ពូ​មិនទាន់​ទទួលបាន​ព័ត៌មាន​ហ្នឹង​ទេ ពូ​ទើប​ដឹងពី​អ្នកកាសែត​ដែល​ទើប​សួរ​ដែរ​ទេ​»​។​
 
​ក្រុម​ប្រដាប់អាវុធ​មួយក្រុម បាន​ចាប់ជំរិត​លោក Wanchalearm នៅ​ម៉ោង​ប្រហែល ៥ ៖ ៥៤ នាទី ព្រឹក​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ២០២០ នៅពេលដែល​សកម្មជន​នយោបាយ​ថៃ​រូបនេះ បាន​ដើរ​នៅតាម​ផ្លូវ ដើម្បី​ទិញ​ម្ហូប​នៅ​ពីមុខ​កន្លែង​ស្នាក់​នៅខ្លួន​។ ក្រុម​ចាប់ជំរិត​នោះ បាន​ចាប់​លោក Wanchalearm បញ្ចូល​ក្នុង​ឡាន​ខ្មៅ​មួយគ្រឿង​។ នេះ​បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទទួលបាន​ព័ត៌មាន​នេះ​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​បន្ថែមថា មិត្តភក្តិ​របស់លោក Wanchalearm ក៏បាន​ទាក់ទង​ទៅ​លោក Wanchalearm នៅ​គ្រា​ចាប់ជំរិត​ដែរ ដោយ​ឭ​សំឡេង​គាត់​និយាយថា​«​ខ្ញុំ​ពិបាក​ដកដង្ហើម​ណាស់​» មុននឹង​ទូរ​សព្ទ​ត្រូវបាន​បិទ​។​
 
​លោក Wanchalearm គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​តែងតែ​ចេញមុខ​រិះគន់​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​។ លោក Wanchalearm ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត​ត្រា​។ លោក Wanchalearm បាន​រត់គេចខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ក្រោយពី​យោធា​ថៃ តាម​ចាប់ខ្លួន​។ ដោយឡែក​អាជ្ញាធរ​ថៃ ក៏​ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៨​ថា ពួកគេ​នឹង​តាម​ចាប់ខ្លួន​លោក Wanchalearm ត្រឡប់​យកទៅ​ប្រទេស​ថៃ​វិញ​ផងដែរ​៕

Tag:
 សិទ្ធិមនុស្ស​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com