COVID-19
អន្តរជាតិ
ប្រមុខ UN គាំទ្រ​ឲ្យ​វ៉ាក់សាំង COVID-19 ជា​សម្បត្តិ​សាធារណ​សកល​សម្រាប់​ម​នុស្ស​ទាំងអស់​
05, Jun 2020 , 12:01 pm        
រូបភាព
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ។ រូបភាព AFP
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ។ រូបភាព AFP
ដោយ:
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ប្រមុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៤ ខែមិថុនា បាន​លើកឡើងថា វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ COVID-19 ត្រូវតែ​អាច​យកទៅ​ប្រើប្រាស់​បា​នស​ម្រា​ប់​មនុស្ស​ទាំងអស់​។ លោក ហ្គូ​តេ​រ៉េ​ស លើក​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ដែល​ធ្វើឡើង​ដើម្បី​ប្រមែប្រមូល​ថវិកា​សម្រាប់​ការអភិវឌ្ឍ​វ៉ាក់សាំង​។

 
​កិច្ចប្រជុំ​ដែល​ស្តីពី​ការអភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 រៀបចំឡើង​ដោយ​អង់គ្លេស  មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​៥០ និង​បុគ្គល​សំខាន់​មួយចំនួន​ដូច​មហាសេដ្ឋី Bill Gates ជាដើម​។ កិច្ចប្រជុំ​នេះ​មានបំណង​ស្វែងរក​ថវិកា​៧,៤​ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ភាពស៊ាំ​ដែល​ត្រូវបាន​ផ្អាក​ដោយសារ​ជំងឺ COVID-19 និង​ការគាំទ្រ​ការស្រាវជ្រាវ​វ៉ាក់សាំង COVID-19 ។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP​។​
 
​តាមរយៈ​វីដេអូ ក្នុង​កិច្ចប្រជុំ​នោះ ប្រមុខ​UN លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​និយាយថា វ៉ាក់សាំង​ត្រូវតែ​ជា​សម្បត្តិ​សាធារណ​សកល ជា​វ៉ាក់សាំង​របស់​មនុស្ស​គ្រប់រូប ហើយ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​កំពុង​អំពាវនាវ​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា​៖ «​គេ​ចាំបាច់​ត្រូវមាន​សាមគ្គីភាព​សកល ដើម្បី​ធានាថា​មនុស្ស​គ្រប់រូប នៅ​គ្រប់​ទីកន្លែង អាច​ទទួលបាន​(​វ៉ាក់សាំង​)»​។​
 
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះដែរ  បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​សុខាភិបាល​សកល​ក្នុង​សម័យថ្មី និង​ការរួបរួម​មនុស្សជាតិ​ដើម្បី​ប្រយុទ្ធ​ទៅនឹង​ជំងឺឆ្លង​គ្រប់​ប្រភេទ និង​ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​។​
 
​តាំងតែ​ពី​ជំងឺ COVID-19 បាន​ផ្ទុះ​ឡើងមក ការផ្តោត​សំខាន់​របស់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​នីមួយៗ​គឺ​ការបង្ការ​ជំងឺ​COVID-19  ដែលជា​ហេតុ​បណ្តាល​ឲ្យ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​សម្រាប់​ជំងឺឆ្លង​ផ្សេងៗ​ត្រូវបាន​ផ្អាក​ឬ​រំខាន​។ អង្គការ​អន្តរជាតិ​ធំៗ​ដូចជា WHO, UNICEF និង​សម្ព័ន្ធ​វ៉ាក់សាំង Gavi បាន​ព្រមាន​កាលពី​ខែ​មុន​ថា ការផ្តល់​វ៉ាក់សាំង​សម្រាប់​ជំងឺឆ្លង ត្រូវបាន​ផ្អាក​ក្នុង​បណ្តារ​ប្រទេស​ជាង​៧០ និង​ប៉ះពាល់​ដល់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ ជាង​៨០​លាន​នាក់​។ 
 
​យោងតាម UNICEF យុទ្ធនាការ​បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​ត្រូវ​ផ្អាក​ក្នុងប្រទេស​ជាច្រើន ចំណែកឯ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ត្រូវ​ផ្អាក​ក្នុងប្រទេស​ចំនួន​២៧​។ ចំណែកឯ​លោក Seth Berkley ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​វ៉ាក់សាំង Gavi បាន​លើកឡើងថា បើទោះបីជា​កុមារ​នៅ​ទូទាំង​ពិភពលោក​ទទួល​បានកា​រ​បង្ការ​ជំងឺ​ច្រើនជាង​មុន ប៉ុន្តែ​ការប៉ះពាល់​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង និង​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ឡើងវិញ​ជំងឺ​ស្វិតដៃជើង ជំងឺ​កញ្ជ្រឹល និង​ជំងឺខាន់លឿង​។​
 
​មើលឃើញ​បញ្ហា​ខាងលើនេះ លោក ហ្គូ​តេ​រ៉េ​ស ក៏បាន​អំពាវនាវ​ឲ្យ​កិច្ចប្រជុំ ស្វែងរក​វី​ធី​សាស្ត្រ​ដែលមាន​សុវត្ថិភាព​ក្នុង​ការចែក​ចែក​វ៉ាក់សាំង បើទោះបីជា​ជំងឺ COVID-19 នៅ​បន្ត​រាតត្បាត និង​ធានាថា វ៉ាក់សាំង​សម្រាប់​ជំងឺ COVID-19 នឹងមាន​ដល់​មនុស្ស​គ្រប់រូប​៕

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com