COVID-19
ជាតិ
សង្គមជាតិ
ក្រសួង៖ ខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្តខ្លះ...នៅលួចបើក
05, Jun 2020 , 12:39 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងព័ត៌មាន)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងព័ត៌មាន)
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ទទួលបានរបាយការណ៍ថា កន្លែងខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្ត រង្គសាល និង ឌីស្កូតែកខ្លះ ក្នុងរាជធានីខេត្តមួយចំនួន នៅតែលួចបើក ក្នុងអំឡុងនៃការហាមឃាត់នៅឡើយ។ ក្រសួង ប្រាប់អាជ្ញាធរដែនដី ឲ្យចុះទៅបិទអាជីវកម្មទាំងនេះវិញ។



លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសរសេរលិខិតជូនទៅគ្រប់អភិបាលរាជធានីខេត្ត ដើម្បីប្រាប់ពីបញ្ហានេះ។ លោក លើកឡើងថា វិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការបិទអាជីវកម្មខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្ត រង្គសាល និង ឌីស្កូតែ នៅតែបន្តអនុវត្ត។

តាមរយៈលិខិតដែលធ្វើឡើងនៅថ្ងៃ៣ ខែមិថុនា លោករដ្ឋមន្រ្តី ស្នើឲ្យអភិបាលរាជធានីខេត្ត ត្រួតពិនិត្យនិងអនុវត្តវិធានការលើអាជីវកម្មប្រភេទទាំងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថា៖«ក្រសួង បានស្នើសុំឲ្យអភិបាល [រាជធានី] ខេត្ត ត្រួតពិនិត្យលើអាជីវកម្មណា ដែលយើងហាមហ្នឹង ហើយលួចបើកក្នុងអំឡុងពេលកូវីដ-១៩។ អាជ្ញាធរដែនដី នឹងមានសមត្ថកិច្ចក្នុងការបិទ និងផ្អាកអាជីវកម្ម»។

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា បើសមត្ថកិច្ចចុះទៅឃើញអាជីវកម្មប្រភេទទាំងនេះ លួចបើកទៀត សមត្ថកិច្ចនឹងចុះណែនាំ ផ្អាក និង បិទអាជីវកម្មនោះ ដោយរង់ចាំទាល់តែរាជរដ្ឋាភិបាលប្រកាសឲ្យឲ្យបើកវិញ។ លោក បន្តថា ពេលវិស័យទេសចរណ៍កំពុងតែមានការងើបឡើងវិញ ក្រោយកម្ពុជាធូរស្បើយនឹងជំងឺកូវីដ១៩ ម្ចាស់ក្លិបកម្សាន្ត ខារ៉ាអូខេ និង ប៊ីហ្កាឌិន ក៏ចង់បើកអាជីវកម្មវិញដែរ។

លោក និយាយដូច្នេះថា៖«ក្រោយពីប្រទេសយើងបានព្យាបាល [អ្នកជំងឺកូវីដ១៩] ជាសះស្បើយ [ជិត] អស់ទៅ អ៊ីចឹងប្រជាជនខ្លះក៏ចេញដើរលេង  ជាហេតុធ្វើឲ្យអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក ប៊ីហ្កាឌិនមួយចំនួន លួចបើកដំណើរការឡើងវិញ ខណៈរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ មិនទាន់ចេញប្រកាសឲ្យបើកដំណើរការវិញ»។

លោក អះអាងថា ការណ៍ដែលមិនទាន់ឲ្យបើកប្រភេទសេវាកម្មខាងលើ ក៏ព្រោះតែ កន្លែងទាំងអស់នោះ ជាកន្លែងដែលងាយនឹងឆ្លងជំងឺកូវីដ១៩។ លោក បញ្ជាក់ថា ក្រសួងនឹងប្រកាសឲ្យបើកដំណើរការវិញនៅពេលដែលស្ថានភាពធូរស្បើយវិញ៕

Tag:
 COVID-19
  ក្លិប
  ខារ៉ាអូខេ
© រក្សាសិទ្ធិដោយ thmeythmey.com