អន្តរជាតិ
អាជ្ញាធរ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ដំរី​មាន​ផ្ទៃពោះ​ងាប់​ដោយសារ​ផាវ​ផ្ទុះ​ក្នុង​មាត់​នៅ​ឥណ្ឌា
05, Jun 2020 , 2:42 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​បរិស្ថាន​ឥណ្ឌា Prakash Javadekar ប្រកាស​នៅ​ថ្ងៃទី​៤ ខែមិថុនា​ថា ករណី​ដំរី​មាន​ផ្ទៃពោះ​ត្រូវ​សម្លាប់​នៅ​ឥណ្ឌា ដោយ​ស៊ី​ផ្លែឈើ​បង្កប់​គ្រឿងផ្ទុះ នឹងត្រូវ​ស៊ើបអង្កេត​ដោយ​រដ្ឋាភិបាលកណ្ដាល​ដើម្បី​វែកមុខ​រក​ឃាតករ​។ បើតាម​អាជ្ញាធរ​តំបន់ មនុស្ស​២​នាក់​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​។​

 
«​រដ្ឋាភិបាលកណ្ដាល កំពុង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ឃាតកម្ម​លើស​ត្វ​ដំរី​មួយ​ក្បាល​ក្នុង​រដ្ឋ Kerala »​។ លោក​រដ្ឋមន្ត្រី Prakash Javadekar បញ្ជាក់​បែបនេះ​លើ Twitter លោក ដោយ​សង្កត់ធ្ងន់ថា អាជ្ញាធរ​នឹងមិន​ឈរ​នៅ​ស្ងៀម​ដោយ​មិន​ស៊ើបអង្កេត​រក​ជនល្មើស​ឡើយ ហើយ​នេះ​ពុំមែន​ជា​វប្បធម៌​ឥណ្ឌា​ដែល​យក​ផាវ​ទៅ​សម្លាប់សត្វ​បែបនេះ​ឡើយ​។ 
 
​ដំរីព្រៃ​មាន​ផ្ទៃពោះ​មួយ​ក្បាល​នេះ បាន​ដើរ​តែលតោល​ចូលទៅ​ភូមិ​មួយ​ក្បែរ​ឧទ្យាន​ជាតិ​ឥណ្ឌា​មួយ ក្នុង​ទីក្រុង Palakkad រដ្ឋ Kerala កាលពី​ថ្ងៃទី​២៣ ខែឧសភា ។ ដោយ​ភាព​ស្រេកឃ្លាន វា​បាន​លេប​ស៊ី​ចំណី​ដែល​គេ​ដាក់​បង្កប់​គ្រឿងផ្ទុះ​។ តាម​ទូរទស្សន៍​ក្នុងស្រុក​ឥណ្ឌា NDTV ផាវ​បាន​ផ្ទុះ​បែក​ក្នុង​មាត់​ដំរី​នេះ ហើយ​សត្វ​ដំរី​ដ៏​កម្សត់​នេះ​បាន​ដើរ​រាប់​ថ្ងៃ​ទាំង​ឈឺចាប់ មុនពេល​ដល់​ទន្លេ​មួយ​ហើយ​ស្លាប់​ទាំង​ឈរ កាលពី​ថ្ងៃទី​២៧ ខែឧសភា​។ 
 
​មែនទែនទៅ អ្នកភូមិ​ក្នុង​តំបន់​នេះ តែង​ប្រើ​ផ្លែឈើ​ដែល​ញាត់​គ្រឿងផ្ទុះ​ឬ​ផាវ​ដើម្បី​ការពារ​ស្រែចម្ការ​ពួកគេ​ពី​ការបំផ្លិចបំផ្លាញ​របស់​សត្វព្រៃ​។ ក្រោយ​កើតហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​ប៉ុន្មាន​ថ្ងៃ​មក រូបភាព​ដំរី​ងាប់​មួយ​ក្បាល​នេះ​ឈរ​ក្នុង​ទន្លេ​ដោយ​មាត់​និង​ដងខ្លួន​ក្នុង​ទឹក ដែល​ប្រហែល​ដើម្បី​បន្ធូរ​ការឈឺចាប់ ត្រូវបាន​គេ​នាំគ្នា​ចែករំលែក​សុសសាយ​លើ​បណ្ដាញ​សង្គម​។ 
 
​ព័ត៌មាន​ចុងក្រោយបង្អស់ ប្រធាន​រដ្ឋមន្ត្រី​នៃ​រដ្ឋ Kerala លោក Pinarayi Vijayan សរសេរ​លើ Twitter នៅ​ថ្ងៃទី​៤ ខែមិថុនា​ថា ការស៊ើបអង្កេត​កំពុងដំណើរការ​ដោយ​ផ្តោតលើ​ជនសង្ស័យ​៣​នាក់​ក្នុងករណី​ឃាតកម្ម​ដំរី​មាន​ផ្ទៃពោះ​នេះ​។ លោក​សង្កត់ធ្ងន់ថា​៖«​យើង​នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង​ដើម្បី​នាំយក​ជនល្មើស​មក​ទទួល​ទោសកំហុស​»​។ យ៉ាងណាមិញ លោក​ពុំ​បញ្ជាក់​ព័ត៌មាន​លម្អិត​ថា​តើ​ជនល្មើស​ទាំង​៣​នាក់​ត្រូវ​ឃាត់ខ្លួន​ហើយ​ឬ​យ៉ាងណាទេ​។ 
 
​ទោះជា​បែបនេះ​ក្តី ប៉ុន្មាន​ម៉ោង​ក្រោយមក មន្ទីរ​ព្រៃឈើ​រដ្ឋ Kerala បានចេញ​សេចក្តីថ្លែងការណ៍​អះអាងថា មនុស្ស​២​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ក្នុងករណី​ឃាតកម្ម​ដំរី​មួយ​ក្បាល​នេះ​។  នេះ​បើតាម​កាសែត​ឥណ្ឌា Free Press Journal ៕
 
 

Tag:
 ឥណ្ឌា​
  ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com