រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ - ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានប្រកាសនៅថ្ងៃនេះថា ស្ថានីយប្រេងឥន្ធនៈ Caltex បានក្លាយជាបណ្តាញស្ថានីយប្រេងឥន្ធនៈ ដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់មធ្យោបាយទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless នៅទីតាំងចំនួន18 របស់ស្ថានីយប្រេងឥន្ធនៈ Caltex ទូទាំងប្រទេស។ ឥឡូវនេះ អតិថិជនទាំងអស់អាចទូទាត់ជាមួយ Visa កាត តាមរយៈបច្ចេកវិទ្យា contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ដោយកាតស្ថិតនៅជាប់នឹងដៃរបស់លោកអ្នកជានិច្ច។
ការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex នឹងផ្តល់នូវបទពិសោធន៍នៃការទូទាត់ប្រាក់ ដ៏លឿនរហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន សម្រាប់អ្នកបើកបរយានយន្ត ដែលមានបំណងចាក់សាំង ឬក៏ទិញទំនិញជាមួយ Visa កាត។ សម្រាប់ Caltex ការទទួលយកការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នឹងធ្វើឲ្យដំណើរការនៃការទូទាត់កាន់តែលឿន ជួយកាត់បន្ថយការរង់ចាំ មិនចាំបាច់ចាកចេញពីយាន្តជំនិះ និងផ្តល់នូវប្រសិទ្ធភាព នៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ខ្ញុំជឿជាក់ថា គ្មាននរណាម្នាក់ចង់រង់ចាំ ដើម្បីទូទាត់ប្រាក់ ក្នុងកំឡុងពេលមានអតិថិជនច្រើន និងមានភាពមមាញឹកនោះទេ ជាពិសេសគឺក្នុងពេលមេឃកំពុងក្តៅ ឬកំពុងភ្លៀងជាដើម។ ជាមួយនឹងការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless ដោយគ្រាន់តែប៉ះកាត ជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម វាពិតជាមានភាពងាយស្រួល និងមានសុវត្ថិភាព រួចលោកអ្នកអាចបន្តដំណើរ បានយ៉ាងឆាប់រហ័ស។ យើងរីករាយក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ដែលនឹងផ្តល់ជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា នូវមធ្យោបាយដ៏ទំនើប និងកាន់តែងាយស្រួល ក្នុងការទូទាត់ប្រាក់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់»។
ក្នុងរយៈពេលពីរខែខាងមុខនេះ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នឹងទទួលបានការផ្តល់ជូនពិសេស នៅស្ថានីយប្រេងឥន្ធនៈ Caltex ទាំង 18ស្ថានីយ ដែលមានការទូទាត់ជាមួយបច្ចេកវិទ្យា Contactless នៅកន្លែងចាក់សាំង ដោយគ្រាន់តែចំណាយចាក់ប្រេងឥន្ធនៈ អស់ចាប់ពី ២០ដុល្លារ ក្នុងវិក័យប័ត្រតែមួយ នឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារភ្លាមៗ។ ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ចុងខែកក្កដា ឬរហូតដល់រង្វាន់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិត នៅតាមសាខាប្រេងឥន្ធនៈ Caltex ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។
លោក Daniel Hwang ប្រធានផ្នែកផលិតផលនៃ ក្រុមហ៊ុន ឈេហ្វរ៉ុន កម្ពុជា លីមីតធីត បានមានប្រសាសន៍ថា៖«នៅស្ថានីយប្រេងឥន្ធនៈ Caltex យើងយកចិត្តទុកដាក់ លើការផ្តល់ជូនអតិថិជន នូវផលិតផល និងសេវាកម្មប្រេងឥន្ធនៈល្អឥតខ្ចោះ។ ហើយផ្នែកមួយដែលយើងគិតគូរផងដែរនោះ គឺការធានា និងផ្តល់ជូននូវការទូទាត់ ដ៏មានប្រសិទ្ធភាព និងងាយស្រួលសម្រាប់អ្នកបើកបរយានយន្ត និងទោចក្រយានយន្ត។ ដូច្នេះ យើងមានសេចក្តីសោមនស្ស ដែលបានសហការ ជាមួយក្រុមហ៊ុន Visa ដើម្បីត្រួសត្រាយផ្លូវ ក្នុងការដាក់ឲ្យមានការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈរបស់យើង នៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់យើង ដែលជាម្ចាស់ Visaកាត អាចចាក់ប្រេងឥន្ធនៈ ហើយទូទាត់បានលឿន និងសុវត្ថិភាព ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាត មិនចាំបាច់ចុះហត្ថលេខា ឬក៏បញ្ចូលលេខកូដសម្ងាត់ (Pin) នោះទេ»។
ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless អាចឲ្យម្ចាស់កាត ទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់របស់ Visa ដែលចេញដោយធនាគារ។ គុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិធំៗ នៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ច ក្នុងពេលប្រតិបត្តិការ។ ហើយម្យ៉ាងវិញទៀត អតិថិជនមិនតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់៥០ដុល្លារ។ ដែលនេះ ជាហេតុឱ្យពួកគេចំណាយពេលតិចតួចបំផុត នៅក្នុងស្ថានីយប្រេងឥន្ធនៈ ហើយអាចបន្តដំណើរពីគោលដៅ A ទៅគោលដៅ B បានកាន់តែលឿន។
ទោះបីសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្ត្រថ្មី ក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សាមួយចុងក្រោយ របស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន មួយភាគបី នៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើកាតទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ប្រើប្រាស់ស្មាតហ្វូន ដើម្បីទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless។
អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា៖«នៅក្រុមហ៊ុន Visa ពួកយើងតែងតែស្វែងរកនូវវិធីសាស្ត្រថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដើម្បីទូទាត់ប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបក្រុមហ៊ុន Visa ផ្ដល់ជូននូវបច្ចេកវិទ្យាទូទាត់ តាមរយៈប្រព័ន្ធ Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ។ ប្រជាជនកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ តាមរយៈរបកគំហើញថ្មីៗ។ ដូច្នេះ ទើបពួកយើងរៀបចំបង្កើនការផ្ដល់សេវាទូទាត់ តាមបច្ចេកវិទ្យាថ្មីៗ នៅតាមទីតាំងកាន់តែច្រើន សម្រាប់អតិថិជនប្រើប្រាស់កាតបាន យ៉ាងមានទំនុកចិត្ត នឹងអាចជួយជំរុញវិស័យទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកនេះ ឲ្យបានកាន់តែទូលំទូលាយនៅក្នុងទីផ្សារ»៕
(អត្ថបទពាណិជ្ជកម្ម)