ជាតិ
អាជ្ញាធរ ទុក​ដើមឈើ​ចាំ​ស្នេហ៍ ឲ្យ​នៅ​កណ្តាលផ្លូវ​ទៅ​ឆ្នេរ​អូរត្រេះ និង​អូរ​ឈើទាល ដើម្បី​ទាក់ទាញ​ទេសចរ​
06, Jun 2020 , 8:29 am        
រូបភាព
ទិដ្ឋភាពដើមឈើចាំស្នេហ៍ ថតពីលើ (រូបពីបណ្តាញសង្គម) ។ ក្នុងករណីដឹងប្រភពដើម សារព័ត៌មានថ្មីៗ នឹងដាក់ Credit ជូន
ទិដ្ឋភាពដើមឈើចាំស្នេហ៍ ថតពីលើ (រូបពីបណ្តាញសង្គម) ។ ក្នុងករណីដឹងប្រភពដើម សារព័ត៌មានថ្មីៗ នឹងដាក់ Credit ជូន
ដោយ:
​ភ្នំពេញ​៖ ដើមឈើ​ធំ​មួយ​ដើម និង​ផ្ទាំង​ថ្ម​ដ៏​ធំ ដែល​ស្ថិតនៅ​ចំពាក់​កណ្តាលផ្លូវ​បេតុង​មួយ​ខ្សែ  ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធ​នាម​ឲ្យ​ថា «​ដើមឈើ​ចាំ​ស្នេហ៍ និង សិលា​ចាំ​ស្នេហ៍​» ក្រោយពី​សម្តេច បានធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ទីតាំង​ឆ្នេរសមុទ្រ​រាម​ឆ្ពោះទៅកាន់​ឆ្នេរសមុទ្រ​អូរត្រេះ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។  អាជ្ញាធរ មិន​ដាច់ចិត្ត​កាប់​ដើមឈើ​ចាំ​ស្នេហ៍​និង​ដក​ផ្ទាំង​ថ្ម​ចាំ​ស្នេហ៍ ចេញពី​ផ្លូវ ដោយ​មើលឃើញថា ទិដ្ឋភាព​ដ៏​ប្លែក​ភ្នែក​នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ទៅ​កម្សាន្ត​លេង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

 
 
«​ដើមឈើ​ចាំ​ស្នេហ៍ និង សិលា​ចាំ​ស្នេហ៍​» គឺ​ស្ថិតនៅ​ពាក់​កណ្តាលផ្លូវ​បេតុង​ឆ្ពោះទៅ​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរ​ឈើទាល ដែល​សាងសង់​បាន​៩៥​ភាគរយ​ហើយ ហើយ​ត្រូវបាន​គេ​សាងសង់ឡើង​ដោយ​ពុះ​ជ្រៀក​ភ្នំ ដែលមាន​កម្ពស់​ជាង​២០​ម៉ែត្រ​។ ផ្លូវ​បេតុង​នេះ ជា​ចំណោម​ផ្លូវ​ទាំង​៣៤​ខ្សែ ប្រកបដោយ​ប្រណិត​ភាព ក្នុង​ខេត្ត​ព្រះសីហនុ និង​ទើបនឹង​សាងសង់​រួច​ជា​បណ្តើរៗ ដោយ​ចំណាយ​ថវិកា​៣០០​លាន​ដុល្លារ​។ 
 
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​បេតុង​នេះ ពួកគេ អាច​គយគន់​មើល​ទឹកសមុទ្រ​នៅជាប់​ដៃសមុទ្រ​រាម និង​អាច​គយ​គង់​មើល​ព្រៃ​ប្រឹក្សា​អម​សងខាង​ផ្លូវ​ផងដែរ​។ 
 
​លោក លើកឡើងថា ដើមឈើ​ស្នេហ៍ ជា​ប្រភេទ​ដើម​ជ្រៃត្រាង​មាន​កម្ពស់​១៥​ម៉ែត្រ​ដែលមាន​អាយុកាល​យូរ​ឆ្នាំ​មកហើយ ហើយ​សិលា​ចាំ​ស្នេហ៍ ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ដ៏​ធំ​។ លោក បន្តថា ក្រៅពី​មាន​ដើមឈើ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍ នៅ​សងខាង​ផ្លូវ​ពារ​ពេញ​ដោយ​ដើមឈើ​គ្រប់​ប្រភេទ និង​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ទៀត​។  
 
​លោក​អភិបាលខេត្ត បញ្ជាក់ថា មូលហេតុ​ដែល​មិន​សម្រេច​កាប់​ដើមឈើ និង​ទំ​លុះ​ផ្ទាំង​ថ្ម​ដែល​ស្ថិតនៅ​ពាក់​កណ្តាលផ្លូវ​នេះ ក៏ដោយ​សារ​ចង់​រក្សាទុក​របស់​ដែលមាន​ពី​ធម្មជាតិ ដើម្បី​ជា​គ្រឿង​លម្អ​សម្រាប់​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​កម្សាន្ត​លេង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ 
 
​លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​ក្នុងអំឡុង​ពេលដែល​យើង​រៀបចំ​ទុកដាក់​ហ្នឹង យើង​ឃើញ​មាន​ពលរដ្ឋ​រាល់ថ្ងៃ និង​ជា​កន្លែង ដែល​កុះករ​ច្រើនជាងគេ​នៅតាម​បណ្តោយ​ឆ្នេរ​។ គាត់​មកដល់​កន្លែង​នេះ  គាត់​តែងតែ​ឈប់ ដើម្បី​ថតរូប​ជាមួយនឹង​ដើមឈើ ដើម្បី​ជាការ​ភ្ជាប់​និស្ស័យ​។ ការផ្សារភ្ជាប់​ដែល​យើង​អាច​បញ្ជាក់ថា ដើមឈើ​នេះ​ជា​និមិត្តរូប​នៃ​ឆ្នេរ​ជំទាវ​ម៉ៅ​មួយផ្នែក អ៊ីចឹង​មានន័យថា​អ្នក​ដែល​មកដល់​ឆ្នេរ​ជំទាវ​ម៉ៅ​គឺ​ផ្តិត​យក​រូបថត​ជាមួយនឹង​ដើមឈើ​ចាំ​ស្នេហ៍​»​។  
 
​ថ្វី​ដ្បិត​ផ្លូវ​បេតុង​នេះ​មិនទាន់​បើក​ឲ្យ​ចរាចរ​ជា​ផ្លូវការ ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខ  លោក គួច ចំរើន គ្រោង​ដាក់​បង្គោល​សញ្ញា​ចរាចរ​ណ៍ និង​ចំណាំងផ្លាត ដើម្បី​ឲ្យ​ដឹង​សញ្ញា​នៅត្រង់​កន្លែង​ដើមឈើ​ចាំ​ស្នេហ៍ និង​ផ្ទាំង​ថ្ម​ចាំ​ស្នេហ៍ និង​ដើម្បី​បញ្ចៀស​ការគ្រោះថ្នាក់​ចរាច​រណ៍​នៅពេល​យប់​។ លោក និយាយថា​៖«​ដើមឈើ​ហ្នឹង ខ្ញុំ​កំពុងតែ​គិតគូរ​ដែរ ដើម្បី​ដាក់​ប​ញ្ជាំ​ង​ភ្លើង​បំភ្លឺ និង​ភ្លើង​ហ្វា​លម្អ​»​។ 
 
​អភិបាលខេត្ត​រូបនេះ បន្តថា បច្ចុប្បន្ន លោក​កំពុងតែ​រៀបចំ​ឆ្នេរ​សាធារណៈ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ជា​កន្លែង​ឲ្យ​ភ្ញៀវទេសចរ​ទៅ​លំហែកាយ​ផងដែរ​។ លោក រៀបរាប់ថា​៖«​កាលពីមុន យើង​ពិបាក​នឹង​រក​ឆ្នេរ​សាធារណៈ​ណាស់ ដោយសារ​គ្រប់គ្រង​និង​ប្រើប្រាស់​ដោយ​អ្នកលក់ដូរ​ជា​បុគ្គលៗ អ៊ីចឹង​ដល់ពេល​ភ្ញៀវទេសចរ​មកដល់​កន្លែង​នេះ​គឺ​ត្រូវការ​បង់លុយ ឬ​ចូលទៅ​ទិញ​ម្ហូបអាហារ​បាន​ទើប​ចូលទៅ​អង្គុយ​លំហែ​នៅ​ឆ្នេរ​នោះបាន​។ ឥឡូវនេះ យើង​បាន​គ្រប់គ្រង កន្លងមក យើង​បាន​រំដោះ​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​។  យើង​មាន​ឆ្នេរ​សាធារណៈ​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ ដូច្នេះ​ពលរដ្ឋ​អាចមក​កម្សាន្ត​លេង​ដោយ​គ្មាន​បុគ្គល​ណា​មក​ទារលុយ​កាក់​ទេ​»​។ 
 
​បើតាម​លោក​អភិបាលខេត្ត​ដដែល ខេត្ត​ព្រះសីហនុ នឹងមាន​ស្ពាន​មួយទៀត ឈ្មោះថា​សែន​ត្រជាក់ចិត្ត សម្រាប់​ត​ភ្ជាប់​ពី​ឆ្នេរ​អូរត្រេះ ទៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​នៅ​ថ្ងៃ​ខាងមុខ​។ លោក​បញ្ជាក់ថា ស្ពាន​សែន​ត្រជាក់ចិត្ត​នេះ​កំពុងតែ​ស្ថិតនៅក្រោម​ការសាងសង់​៕ 
 
 
 
 
 
 

Tag:
 ដើមឈើ​ចាំ​ស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com