កីឡាជាតិ
ជាតិ
ក្រុមយុវជន​ជ័យ​រាជ បង្កើត​បណ្ណាល័យ​សៀវភៅ ដើម្បី​ផ្សារភ្ជាប់​ល្បុក្កតោ​ជាមួយ​យុវជន​
06, Jun 2020 , 7:59 pm        
រូបភាព
រូបភាពពីជ័យ រាជ កម្ពុជា
រូបភាពពីជ័យ រាជ កម្ពុជា
ដោយ:
​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជ័យ​រាជ​កម្ពុជា នឹង​បង្កើត​បណ្ណាល័យ​មួយ​នៅ​សាលា​គុន​ល្បុក្កតោ​ខេត្តកំពង់ឆ្នាំង ដើម្បី​លើកកម្ពស់​ការអាន និង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​គុន​នៅ​សាលា​នេះ​។ ក្រៅពី​ខេត្តកំពង់ឆ្នាំង ក្រុមយុវជន​នេះ គ្រោង​បង្កើត​បណ្ណាល័យ​នៅតាម​ខេត្ត​ផ្សេងៗ​ជាច្រើន​ទៀត​ទៅ​ថ្ងៃ​អនាគត​។ ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​ជាមួយ​សកម្មភាព​នេះ អាច​បរិច្ចាគ​សៀវភៅ​ផ្សេងៗ​តាមរយៈ​ក្រុមយុវជន​ខាងលើ​។

 
 
​បើតាម​លោក ថុង រិទ្ធី ប្រធាន​លេខាធិការដ្ឋាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា មូលហេតុ ដែល​ក្រុមយុវជន​ជ័យ​រាជ​កម្ពុជា​បង្កើត​បណ្ណាល័យ​នៅ​សាលា​គុន​ល្បុក្កតោ​ខេត្តកំពង់ឆ្នាំង ព្រោះ​ចង់​ផ្សារភ្ជាប់​យុវជន​ជាមួយ​ល្បុក្កតោ​តាមរយៈ​ការអាន​សៀវភៅ​។ ម្យ៉ាងទៀត ចង់​បណ្តុះ​គំនិត​ឲ្យ​សិស្ស​គុន​ទាំងនោះ​ស្រលាញ់​ការអាន​សៀវភៅ បន្ថែម​លើ​ការហ្វឹកហាត់​គុន​ល្បុក្កតោ​។ 


 
«​ទាក់ទង​នឹង​សាលា​គុន​ខេត្តកំពង់ឆ្នាំង ដោយសារតែ​សាលា​គុន​នេះ​គេ​បាន​បង្ហាត់​គុន​ហើយ ខ្ញុំ​មានគំនិត​ចង់​ឲ្យ​ក្មេងៗ​ក្រៅពី​ការហ្វឹកហាត់​កន្លះ​ម៉ោង​ទៅ​១​ម៉ោង​មាន​សៀវភៅអាន ខ្ញុំ​ចង់​បើក​ជា​កូន​បណ្ណាល័យ​សម្រាប់​ក្មេងៗ ឲ្យ​ក្មេង​ហាត់​ហើយ​អាន​សៀវភៅ និង​អាន​អ្វី​ផ្សេងៗ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថុង រិទ្ធី ដែល​បាន​បន្ថែមថា បណ្ណាល័យ​នេះ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០២០​។ 
 
​ប្រធាន​ក្រុមយុវជន​ជ័យ​រាជ​កម្ពុជា​រូបនេះ​បាន​បន្ថែមថា កត្តា​ដែល​ជំរុញ​ឲ្យ​លោក​បង្កើត​បណ្ណាល័យ​នៅ​សាលា​គុន​ខាងលើ បន្ទាប់ពី​លោក​សង្កេតឃើញ​នៅ​សាលា​នោះ​គ្មាន​សៀវភៅ​សម្រាប់​ក្មេងៗ​អាន បន្ទាប់ពី​ពួកគេ​សម្រាក​ពី​ការហ្វឹកហាត់​។ កត្តា​នេះហើយ ទើប​ជំរុញ​ឲ្យ លោក រួមជាមួយ​ក្រុមការងា​រ​ផ្តើម​យុទ្ធនា​ការស្វែងរក​សៀវភៅ​ចាស់ ថ្មី ពី​សប្បុរសជន​នានា ដើម្បី​បង្កើតជា​បណ្ណាល័យ​។​
 
​បណ្ណាល័យ​នេះ មិនមែន​បង្កើតឡើង​សម្រាប់តែ​សិស្ស ដែល​ហ្វឹកហាត់​នៅ​សាលា​គុន​ល្បុក្កតោ​ខាងលើ​ប៉ុណ្ណោះ​ទេ តែ​បើកចំហ​សម្រាប់​កុមារ​ទូទៅ ដែលមាន​បំណង​ចង់​អាន​សៀវភៅ​។ សម្រាប់​លោក ថុង រិទ្ធី ការធ្វើ​បែបនេះ ជា​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ទាក់ទាញ​ក្មេងៗ​ឲ្យ​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​កាន់តែច្រើន​ថែមទៀត​។ ក្រៅពី​គម្រោង​ទី​១​នេះ ក្រុមយុវជន​ជ័យ​រាជ​កម្ពុជា នឹង​បើក​បណ្ណាល័យ​នៅតាម​សាលា​គុន​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​។ 
 
​ប្រធាន​អគ្គលេខាធិការដ្ឋាន​បណ្ឌិត​សភា​ល្បុក្កតោ​រូបនេះ បាន​បញ្ជាក់ថា នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​សិស្ស​ហាត់គុន​ល្បុក្កតោ​ជិត​៦​ពាន់​នាក់ ខណៈ​មាន​សិស្ស​ប្រមាណ​ពី​២០០​ទៅ​៣០០​នាក់​បានមក​ហ្វឹកហាត់​នៅ​សាលា​គុន​ល្បុក្កតោ​ខេត្តកំពង់ឆ្នាំង​៕ 

Tag:
 ល្បុក្កតោ​
  ថុង រិទ្ធី​
  បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com