អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាពង្រឹងសន្តិសុខ និងការការពារជាតិបន្ថែមទៀត ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងផ្សេងទៀត មកចូលរួមក្នុងពិធីរំលឹកខួបអ្នកស្លាប់ក្នុងសង្រ្គាម នាកន្លែងបញ្ចុះសពជាតិ Daejeon នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ Yonhap
× ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នាថ្ងៃទី៦ ខែមិថុនា បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិ និងសន្តិសុខរបស់ប្រទេស។ ការលើកឡើងរបស់ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ព្រមានដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េខាង (Inter-Korea Liaison Office)។
តាមរយៈសុន្ទរកថានាក្នុងពិធីរំលឹកខួបអ្នកស្លាប់នៅក្នុងសង្គ្រាម លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា សន្តិភាព គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយការបង្កើតសន្តិភាពឲ្យមាននៅលើឧបទ្វីបកូរ៉េនេះទៀតសោត គឺជាការទទួលខុសត្រូវរបស់រដ្ឋ។ ក្នុងន័យនេះ លោកមូន ចង់សំដៅថា រដ្ឋាភិបាល គឺមានតួនាទីសំខាន់ណាស់ ក្នុងការបញ្ចៀសសង្គ្រាម និងបង្កើតសន្តិភាពសម្រាប់ប្រជាជនរបស់ខ្លួន។
យ៉ាងណាក៏ដោយ សន្តិភាពនៅលើឧបទ្វីបកូរ៉េ មិនអាចកើតឡើងបានដោយខ្លួនឯងបានឡើយ ពោលគឺទាល់រដ្ឋាភិបាលចេះការពារខ្លួនជាមុខ។ ថ្លែងនៅចំពោះមុខអ្នកចូលរួមក្នុងពិធីរំលឹកខួប នាទីកន្លែងបញ្ចុះសពជាតិDaejeon ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីការពារសន្តិភាព និងបង្កើតសន្តិភាព រដ្ឋាភិបាល (កូរ៉េខាងត្បូង) នឹងខិតខំប្រឹងប្រឹងឲ្យអស់លទ្ធភាព ក្នុងការធ្វើឲ្យវិស័យការពារជាតិកាន់តែខ្លាំងជាងមុន និងកាន់តែមានសុវត្ថិភាព»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ព្រមានដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដោយសារតែសកម្មភាពបង្ហោះខិត្តប័ណ្ណដោយអ្នកលួចរត់ចេញពីកូរ៉េខាងជើង ចូលក្នុងតំបន់គ្មានយោធា។
សូមបញ្ជាក់ថា ក្រៅពីថ្លែងអំពីការកសាងសន្តិភាពសម្រាប់កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី មូន ក៏បានលើកឡើងពីគុណសម្បត្តិរបស់ប្រជាជនកូរ៉េខាងត្បូងជំនាន់មុខៗ ដែលជួយការពារ និងកសាងប្រទេសឲ្យមានការរីកចម្រើនរហូតមកដល់ថ្ងៃនេះ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com