អន្តរជាតិ
ក្រុមមហាសេដ្ឋី ប្រកាសបរិច្ចាគប្រាក់ជាច្រើនលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ (ពីឆ្វេងទៅស្តាំ) នាយកប្រតិបត្តិ Twitter លោកJack Dorsey, នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg, អតីតកីឡាបាល់បោះ Michael Jordan, និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook
× ផ្តើមចេញពីនាយកប្រតិបត្តិក្រុមហ៊ុន Apple នាយកប្រតិបត្តិក្រុមហ៊ុន Facebook រហូតដល់អតីតអ្នកលេងបាល់បោះដ៏ល្បីល្បាញ លោក Michael Jordan សុទ្ធតែប្រកាសផ្តល់ទឹកប្រាក់ជាច្រើនលានដុល្លារ ដល់សមាគមសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធប្រឆាំងការើសអើងពូជសាសន៍។
ការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅ លោក George Floyd ក្នុងទីក្រុងMinneapolis ដោយសារទង្វើរបស់ប៉ូលិសនាថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យប្រជាជនអាមេរិកជាច្រើនពាន់នាក់ ចូលរួមធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្បែកខ្មៅ និងទាមទារឲ្យសង្គមអាមេរិកឈប់រើសអើងពូជសាសន៍។ ហេតុការណ៍នេះ ធ្វើឲ្យប្រធានាធិបតីព្រមានប្រើប្រាស់កម្លាំងយោធា ដើម្បីទប់ស្កាត់ការតវ៉ារបស់ប្រជាជនអាមេរិក។
ដោយមើលឃើញពីបញ្ហានេះ មហាសេដ្ឋី នាយកប្រត្តិបត្តិ និងកីឡាករបាល់បោះជាដើម បានប្រកាសពីជំហររបស់ខ្លួន និងបរិច្ចាគទឹកប្រាក់ជាច្រើនលានដុល្លារ ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍។ តាមរយៈការសរសេរនៅលើគណនីនៃបណ្តាញសង្គមរបស់ខ្លួន នាថ្ងៃទី១ ខែមិថុនា Mark Zuckerberg បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកសន្យាបរិច្ចាគប្រាក់ ១០លានដុល្លារ សម្រាប់អង្គការណាមួយ ដែលមានយុទ្ធនាការប្រឆាំងការប្រកាន់ពូជសាសន៍។
ចំណែកនាយកប្រតិបត្តិបណ្តាញសង្គមTwitter លោកJack Dorsey ដែលបានសរសេរនៅលើគណនីនៃបណ្តាញសង្គម Twitter របស់ខ្លួនថា លោកបានបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារទៅឲ្យយុទ្ធនាការ « Know Your Right Camp» របស់សកម្មជនសិទ្ធិស៊ីវិល និងជាអតីតកីឡាបាល់ឱប លោកColin Kaepernick សម្រាប់ជាមូលនិធិអប់រំ ការលើកកម្ពស់សិទ្ធិបុគ្គលជាដើម។
ដោយឡែកសម្រាប់នាយកប្រតិបត្តិក្រុមហ៊ុនApple លោក Tim Cook វិញ បានសន្យាថា នឹងផ្តល់ថវិកាមួយចំនួនទៅដល់ក្រុមសិទ្ធិមនុស្ស និងគណៈកម្មាធិការគ្មានប្រាក់ចំណូល ដែលប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ ការពារសិទ្ធិមនុស្ស និងការពារជនងាយរងគ្រោះនៅក្នុងសង្គមអាមេរិកជាដើម។ យ៉ាងណាក៏ដោយ លោក Cook មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលត្រូវបរិច្ចាគនោះទេ។
ក្រៅពីសេដ្ឋីអាមេរិក អតីតកីឡាបាល់បោះ Michael Jordan និងយីហោ Jordan បានប្រកាសពីការបរិច្ចាគទឹកប្រាក់ចំនួន ១០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំសម្រាប់អង្គការមួយចំនួន ដើម្បីធានាពីសមភាពពូជសាសន៍ យុត្តិធម៌សង្គម និងការទទួលបានការអប់រំជាដើម។ នេះបើតាមបញ្ជាក់របស់លោកស្រី Estee Portnoy អ្នកនាំពាក្យMichael Jordan នាថ្ងៃទី៦ ខែមិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com