ជាតិ
​រដ្ឋមន្ត្រី​សាធារណការ​បើកចំហរ​ចំពោះ​កិច្ចសហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​លើ​ការទូទាត់​ថ្លៃ​សេវាសាធារណៈ
06, Jun 2020 , 3:39 pm        
រូបភាព
​ដោយ​៖ ខន ណា​រី​
 
​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​។ ទាំងនេះ​ជាហេតុ​ផល​ចម្បង​ដែល​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​បើកចំហរ​ចំពោះ​កិច្ចសហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​លើ​ការទូទាត់​ថ្លៃ​សេវាសាធារណៈ​។​

 
​នា​ជំនួប​ជាមួយ​តំណាង​ធនាគារ ជេ ត្រា​ល់ រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​៥ ខែម​ថិ​ុ​នា លោក ស៊ុន ចាន់ថុល បាន​អះអាង​ពី​ដំណើរការ​ដ៏​រលូន​លើ​ប្រតិបត្តិ​ការទូទាត់​ថ្លៃ​សេវាកម្ម​សាធារណៈ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ភ្នាក់ងារ​ហិរញ្ញវត្ថុ និង ធនាគារ​ជា​ដៃគូ ដែល​អាច​បង្កា​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​។​
 
​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​បំណង​ចូលរួម​បង្កើត​កិច្ចសហការ​រវាង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​សេវាសាធារណៈ​ឲ្យ​បាន​ឆាប់រហ័ស តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​
 
​លោក ស៊ុន ចាន់ថុល បាន​អះអាងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើកចំហ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា ក្នុងប្រទេស​កម្ពុជា​ដើម្បី​ផ្ដល់​ជម្រើស​ឲ្យ​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ទូទាត់​ថ្លៃ​សេវាសាធារណៈ ចំណេញ​ពេលវេលា និង​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​នានា​ផងដែរ​។ លោក​ក៏បាន​ស្នើ​ទៅ​ភាគី​ធនាគារ​សិក្សា​អំពី​នីតិវិធី និង​បច្ចេកទេស​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការតភ្ជាប់​រវាង​ប្រព័ន្ធ​ទាំងពីរ​៕
 

Tag:
 សេវាសាធារណ​
© រក្សាសិទ្ធិដោយ thmeythmey.com