ONE Championship
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
Stamp Fairtex ត្រៀម​រួចជាស្រេច​ដើម្បី​ជួប​កីឡាការិនី​មិនដែល​ចាញ់ Ritu និង Itsuki
06, Jun 2020 , 10:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាការិនី​កំពូល​ថៃ Stamp Fairtex អន្ទះសា​ចង់​ត្រលប់​មកកាន់​សង្វៀន ONE Championship ជាថ្មី ហើយ​រូបគេ​បានដាក់​គោលដៅ​ជួប​គូប្រកួត​ខ្លាំងៗ​ដូចជា​កីឡាការិនី​ឥណ្ឌា Ritu Phogat និង​កីឡាការិនី​ជប៉ុន Itsuki Hirata​។


 
 
​ម្ចាស់​ខ្សែក្រវាត់​ខាងលើ ONE Atomweight Muay Thai World Champion កំពុង​ចំណាយពេល​នៅ​ជាមួយ​គ្រួសារ​ឯ​ខេត្ត​រ៉ា​យ៉ង ប្រទេស​ថៃ តាំងពី​បិទ​ប្រទេស​ដោយសារតែ​មេរោគ COVID-19 នាពេល​កន្លងទៅ​។ អំឡុងពេល​ស្នាក់នៅ​ទីនោះ Stamp បាន​ហ្វឹកហាត់​ជាមួយ​សង្សារ​របស់ខ្លួន Rodtang “The Iron Man” Jitmuangnon ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ដើម្បី​បង្កើន​វិជ្ជា​គុន​របស់ខ្លួន​។​
 
​ក្នុង​គោលដៅ​ដំបូង Stamp ចង់​ប្រជែង​ជាមួយ​កីឡាការិនី​គូប្រជែង​ចាស់ Janet “JT” Todd ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion ដើម្បី​សងសឹក​យក​ខ្សែក្រវាត់​មកវិញ​។ 
 
​កីឡាការិនី​វ័យ​២២​ឆ្នាំ​រៀបរាប់​ឲ្យ​ដឹងថា​៖«​ខ្ញុំ​ចង់​ត្រលប់មក​ហ្វឹកហាត់​ដូច​ធម្មតា និង​អាច​ដណ្ដើម​ខ្សែក្រវាត់​មកវិញ​ពី [Todd]​។ ហើយ​ខ្ញុំ​អាច​បន្ត​ក្ដី​ស្រមៃ​របស់ខ្ញុំ​ក្នុង​គុន​ចម្រុះ​។ ខ្ញុំ​នៅតែ​ចង់បាន​ខ្សែក្រវាត់​លំដាប់​ពិភពលោក​លើ​៣​ប្រភេទ​កីឡា​ផ្សេងគ្នា​»​។ 
 
​ជាមួយគ្នា​នោះ​ក៏មាន​កីឡាការិនី​គុន​ចម្រុះ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ Stamp តេស្ត​សមត្ថភាព​បាន​ក្នុង​ជំនាញ​គុន​ច្រុះ​។ កីឡាការិនី​ជំនាញ​ចំបាប់ Ritu “The Indian Tigress” Phogat និង អ្នកជំនាញ​យូ​ដូ Itsuki “Strong Heart Fighter” Hirata ក៏មាន​ចំណាប់អារម្មណ៍​ចង់​ជួប​កីឡាការិនី​មកពី​ក្លិប​ប្រដាល់ Fairtex ផងដែរ​។ 
 
Stamp រៀបរាប់​បែបនេះ​៖«​ខ្ញុំ​បាន​ជួប Ritu ពីមុន​។ យើង​ប្រកួត​ក្នុង​កម្មវិធី​ដូចគ្នា​។ គេ​ទាប​ជាង​ខ្ញុំ ប៉ុន្តែ​មាឌធំ​ជាង​ខ្ញុំ​។ យើង​មាន​រាងកាយ​ខុសគ្នា​»​។ 
 
Stamp ក៏​និយាយ​អំពី Itsuki ដូច្នេះ​ដែរ ៖«​ចំពោះ Itsuki គេ​ជា​កីឡាការិនី​ប្រកួត​បានល្អ​ក្នុង​ជំហរ​ដេក​លើ​ក្ដារ​រេញ​។ គេ​បានឈ្នះ Rika Ishige កាល​ខែតុលា ប៉ុន្តែ Rika រាង​តូច​ជាង​។  ហើយ Itsuki មានបទពិសោធន៍​គុន​ចម្រុះ​ច្រើនជាង Ritu​។ ខ្ញុំ​គិតថា​ការប្រកួត​រវាង​ខ្ញុំ​និង Itsuki ច្បាស់​ជា​ល្អមើល​និង​រំភើប​ដល់​អ្នកគាំទ្រ​មិន​ខាង​»​។ 
 
​អ្នក​ទាំងពីរ​នេះ​អាច​នឹង​ជួប Stamp ដែល​មិនទាន់​ចាញ់​សោះ​ដូចគ្នា​ក្នុងការ​ប្រកួត​គុន​ចម្រុះ​កន្លងមក​ពោល ឈ្នះ ៤-០​។ Phogat ដែលមាន​កម្ពស់​១៥៦ សង់ទីម៉ែត្រ មាន​មាឌតូច​តែ​បទពិសោធន៍​ច្រើន ប៉ុន្តែ កីឡាការិនី​មកពី​ក្លិប Evolve រូបនេះ​គឺជា​ម្ចាស់​មេដាយមាស Commonwealth Wrestling Championships និង​មាន​ជំនាញ​ចាប់​ដ៏​ល្អ​ដោយ​ប្រើ​ក្បាច់​នេះ​បញ្ចប់​គូប្រកួត​ទាំង​ពីរលើក​របស់ខ្លួន​។ 
 
Hirata ក៏​មិនទាន់​ចាញ់​ដែរ​។ កីឡាការិនី​វ័យក្មេង​មកពី​ជប៉ុន មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​យូ​ដូ ៣ ដាន់​ហើយ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង ឈ្នះ ៧​ដង​ជាប់​គ្នា​មិនដែល​ចាញ់​។  រឹតតែ​ខ្លាំង ! កីឡាការិនី​រូបនេះ​បានបញ្ចប់​គូប្រកួត​រហូត​ឲ្យ​តែ​ហ៊ាន​ឈរ​ប្រកួត​ទល់មុខ​គ្នា​។ 
 
Stamp ក៏បាន​ទទួលស្គាល់​ដែរ​ថា គេ​ត្រូវតែ​អភិវឌ្ឍ​ការប្រកួត​ក្នុង​ជំហរ​ដេក​លើ​ក្ដារ​រេញ​មុនពេល​ឈានទៅ​ជួប​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី “Unstoppable” Angela Lee នា​ថ្ងៃ​អនាគត​។ 
 
​យ៉ាងណាក្ដី​កីឡាការិនី​កំពូល​របស់​ថៃ​មាន​ទំនុកចិត្ត​ថា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​តតាំង​នឹង Phogat និង Hirata ក្នុង​គោលដៅ​បញ្ឈប់​ភាពមិន​ដែល​ចាញ់​របស់​គូប្រកួត​ទាំងពីរ​នេះ​។ 
Stamp សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​ដឹងថា​ខ្ញុំ​មិនទាន់​ល្អ​គ្រប់គ្រាន់​ក្នុងការ​ប្រកួត​ជំហរ​ដេក​លើ​ក្ដារ​រេញ​រាបស្មើ​នោះទេ​។ ដូច្នេះ​មិនទាន់​ជួប Angela ឡើយ​។ ប៉ុន្តែ​សម្រាប់ Ritu ឬ Itsuki ខ្ញុំ​អាច​តតាំង​ទាំងពីរ​។ អត់​បញ្ហា​នោះឡើយ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com