អន្តរជាតិ
ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ប្រាប់​ពី​ស្ថានភាព​ការសម្ដែង​សិល្បៈ​នៅ​តៃវ៉ាន់ អំឡុងពេល​កូ​វីដ​-១៩
07, Jun 2020 , 9:29 am        
រូបភាព
កញ្ញា Chihyu Lin កំពុង​ធ្វើ​ការ​ងារ​សិល្បៈ​របស់​ខ្លួន​ (រូប​ផ្ដល់​ឱ្យ​)
កញ្ញា Chihyu Lin កំពុង​ធ្វើ​ការ​ងារ​សិល្បៈ​របស់​ខ្លួន​ (រូប​ផ្ដល់​ឱ្យ​)
​ភ្នំពេញ​៖ គិត​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា​នេះ កោះ​តៃវ៉ាន់​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៤៣ នាក់ ដោយ​ជាសះស្បើយ ៤២៩​នាក់ និង​ស្លាប់​៧​នាក់​។ ស្របពេល​មនុស្សម្នា អាច​ចេញទៅ​ធ្វើការ និង​ចេញទៅ​គ្រប់​ទីកន្លែង​បាន ប៉ុន្តែ​រដ្ឋាភិបាល នៅតែ​លើកទឹកចិត្ត​ប្រជាជន​របស់ខ្លួន ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ការពារ​ខ្លួន​ជាប់​ជានិច្ច​។ ទោះជា​យ៉ាងណា ការសម្ដែង​សិល្បៈ​នានា​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ហាមឃាត់ ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ​-១៩​នេះ​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទសម្ភាសន៍ រវាង​កញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា Chihyu Lin ដែលជា​ជនជាតិ​ចិនតៃវ៉ាន់ ពី​កោះ​តៃវ៉ាន់​ដូចតទៅ​៖

 


កញ្ញា Chihyu Lin ដែល​បច្ចុប្បន្ន​កំពុងធ្វើកា​រ​នៅក្នុង​រោង​មហោស្រព​មួយ និង​នៅក្នុង​សារមន្ទីរ​សិទ្ធិ​មនុស្សជាតិ នៅ​កោះ​តៃវ៉ាន់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ថ្នាក់ដឹកនាំ​តៃវ៉ាន់​បាន​ណែនាំ​ឱ្យ​បិទ​រោង​មហោស្រព ប្រហែលជា​ក្នុងអំឡុង​ខែកុម្ភៈ ដោយសារតែ​កូ​វីដ​១៩​។​
 
​កញ្ញា​បន្តថា បន្ទាប់ពី​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ លើ​បុគ្គលិក​ធ្វើការ​ក្នុង​សារមន្ទីរ​មួយ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ឱ្យ​លុបចោល​គ្រប់ការ​សម្ដែង​សិល្បៈ ដែលមាន​មនុស្ស​ចូលរួម​ចាប់ពី​ប្រមាណ​១០០​នាក់​ឡើងទៅ​។ ទោះជា​យ៉ាងណា ស្របពេល​គ្នា​នេះ គេ​នៅតែ​អាច​ដំណើរការ​ការសម្ដែង ឬ​កម្មវិធី​បង្ហាញ​ផលិតផល​សិល្បៈ ក្នុង​គម្រោង​តូចៗ និង​ក្នុង​ទ្រុងទ្រាយ​តូចៗ​បាន​។​
 
​សម្រាប់​កញ្ញា Chihyu Lin ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​កោះ​តៃវ៉ាន់​នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន​តិច​បើ​ធៀប​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួនទៀត ហើយ​អ្នក​ឆ្លង​ទាំងនោះ​ក៏​ជាសះស្បើយ​ច្រើន​ដែរ​។ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​កូ​វីដ​១៩ រដ្ឋាភិបាល​តៃវ៉ាន់​បាន​បង្កើត​ការិយាល័យ​ប្រកាស​អាស​ន្ត​មួយ ដែលមាន​អំណាច​គ្របដ​ណ្ដ​ប់​នៅ​ទូទាំងប្រទេស ដើម្បី​ប្រកាស​ពីបទ​បញ្ជា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​កូ​វីដ​១៩​។ ប្រជាជន​ទាំងអស់ ត្រូវតែ​ធ្វើតាម​សេចក្ដីណែនាំ​របស់​ការិយាល័យ​នេះ​។​
 
​កញ្ញា Chihyu ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងពេល​បច្ចុប្បន្ននេះ ប្រជាជន​តៃវ៉ាន់​អាច​ចេញទៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ ឬ​ចេញទៅ​ដើរ​កម្សាន្ត​នៅ​គ្រប់​ទីកន្លែង​ដែល​ខ្លួន​ចង់ទៅ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​នៅតែ​សង្ឃឹមថា​ប្រជាជន​របស់​ពួកគេ​អាច​ស្នាក់នៅ​ក្នុងផ្ទះ ដើម្បី​ការពារ​ខ្លួន​ពី​កូ​វីដ​១៩​។ 
 
​កញ្ញា​បន្ថែម​ដូច្នេះ​៖«​យើង​អាចឱ្យ​ភ្ញៀវ ឬ​ញាតិមិត្ត​មកលេង​ផ្ទះ​របស់​យើង​បាន ប៉ុន្តែ​ពួកគេ​ត្រូវតែ​ប្រាប់​ភ្ញៀវ​ទាំងនោះ​ឱ្យ​ពាក់​ម៉ាស់ និង​សម្អាត​អនាម័យ​ឱ្យបាន​ល្អ មុននឹង​ចូលក្នុង​ផ្ទះ​»​។​
​បើទោះបីជា​កូ​វីដ​១៩ ហាក់​មិនសូវ​គំរាមកំហែង​ខ្លាំង​លើ​កោះ​តៃវ៉ាន់​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​កញ្ញា Chihyu ដែល​ធ្វើការ​ក្នុង​រោង​មហោស្រព និង​នៅក្នុង​សារមន្ទីរ មាន​ផលប៉ះពាល់​ខ្លះៗ​ដែរ ព្រោះ​ការសម្ដែង​សិល្បៈ​ធំៗ​ត្រូវ​លុបចោល​។ ទោះជា​យ៉ាងណាក៏ដោយ កញ្ញា Chihyu នៅតែ​អាច​បន្តការងារ​របស់​ខ្លួន​បាន ក្នុង​គម្រោង​តូចៗ​៕ 
 
 
 
 

Tag:
 កូ​វីដ​១៩
  តៃវ៉ាន់​
  សិល្បៈ​
  មហោស្រព​
  សារមន្ទីរ​
© រក្សាសិទ្ធិដោយ thmeythmey.com