អន្តរជាតិ
លោកស្រី ស៊ូជី សុំចិត្តប្រជាជនក្នុងស្រុកកុំចាត់ទុកពលករដែលត្រលប់ចូលប្រទេស ជាបន្ទុក និងប្រភពនៃវីរុស Covid-19
× រដ្ឋាភិបាលក្រុងណៃពិដោរ បានសុំចិត្តដល់សាធារណៈក្នុងស្រុកមានទស្សនៈវិជ្ជមានទៅលើពលកររបស់ខ្លួន ដែលធ្វើការនៅបរទេស និងកំពុងតែវិលត្រលប់ចូលមកប្រទេសវិញ ដោយសារតែវិបត្តិវីរុសរាតត្បាត Covid-19។ ក្រុងណៃពិដោរ បានវាយតម្លៃខ្ពស់សម្រាប់ការចូលរួមកសាងប្រទេស និងកំណើនសេដ្ឋកិច្ចដោយសារតែចំណូលរបស់ពលករ ដែលធ្វើការនៅក្រៅប្រទេសទៀតផង។
តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃ៥ មិថុនាកន្លងទៅ បានឲ្យដឹងថា ដោយសារតែ វីរុស Covid-19 បានបណ្តាលឲ្យពលករមីយ៉ាន់ម៉ារាប់ពាន់នាក់បាត់បង់ការងារធ្វើនៅក្រៅប្រទេស ហើយពួកគេ ក៏ត្រូវបង្ខំចិត្តត្រលប់ចូលប្រទេសវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times លំហូរពលករចូលប្រទេសនេះ បានបង្កឲ្យប្រជាជនមីយ៉ាន់ម៉ាក្នុងស្រុកមួយចំនួនមានការព្រួយបារម្ភ និងកើតការសង្ស័យថា ពលករដែលវិលត្រលប់ទាំងនោះ អាចមានផ្ទុកវីរុស Covid-19 ដែលកំពុងតែសម្លាប់ប្រជាជនទូទាំងពិភពលោករាប់ម៉ឺននាក់មកហើយនោះ។ ហើយអ្វីដែលធ្វើឲ្យពលរដ្ឋក្នុងស្រុក ដាក់បន្ទុកខ្លាំងលើពលករនោះគឺ បន្ទាប់ពីរកឃើញថាករណីឆ្លង Covid-19 ភាគច្រើនចុងក្រោយ គឺជាពលករទើបត្រលប់ចូលប្រទេស។
យ៉ាងណាក៏ដោយ លោកស្រី អ៊ុងសាន ស៊ូជី បានគូសបញ្ជាក់ថា គ្រប់ពលករដែលត្រលប់ចូលប្រទេស ត្រូវបានដាក់ឲ្យស្នាក់នៅ ចត្តាឡីស័ក ហើយសម្រាប់អ្នកដែលបានឆ្លងវីរុស រដ្ឋាភិបាល បានត្រួតពិនិត្យសុខភាព និងទទួលបានការសម្រាកព្យាបាលយ៉ាងត្រឹមត្រូវ។ លោកស្រី បានអំពាវឲ្យសាធារណជន មានការពិចារណាឲ្យបានល្អិតល្អន់ចំពោះពលករ ដោយលោកស្រី បន្ថែមថា គ្មាននរណាម្នាក់ដែលចង់ធ្វើការឆ្ងាយពីស្រុកកំណើតរបស់ខ្លួនឡើយ។
ភ្ជាប់ជាមួយនឹងការការពារលើការរើសអើងក្រុមពលករ ប្រមុខដឹកនាំមីយ៉ាន់ម៉ារូបនេះ បានថ្លែងថា ពលករភាគច្រើន ដែលបានវិលត្រលប់ចូលប្រទេសវិញ កន្លងមកបានចូលរួមគាំទ្រការអភិវឌ្ឍប្រទេសជាច្រើន តាមរយៈចំណូល និងលំហូរហិរញ្ញវត្ថុរបស់ពួកគេ។ គ្រាន់តែឆ្នាំ២០១៩ លោកស្រី ស៊ូជី អះអាងថា ថវិកាដែលពលករបរទេសបានផ្ញើតាមរយៈធនាគារ មានរហូតដល់ ១ ពាន់លានដុល្លារ៕
Tag:
មីយ៉ាន់ម៉ា
Covid19
© រក្សាសិទ្ធិដោយ thmeythmey.com