COVID-19
អន្តរជាតិ
WHO អំពាវនាវឲ្យគ្រប់គ្នាពាក់ម៉ាស់នៅទីសាធារណៈ ខណៈកន្លងមកថា ទាល់តែចាំបាច់ រូបភាព៖ AFP
× អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៥ ខែមិថុនា បានផ្លាស់ប្តូរគោលការណ៍ណែនាំការពាក់ម៉ាស់ជាថ្មី។ តាមរយៈសេចក្តីណែនាំថ្មីនេះ អង្គការសុខភាពពិភពលោក ស្នើឲ្យប្រជាជនទាំងអស់ ពាក់ម៉ាស់នៅទីសាធារណៈ ទើបអាចកាត់បន្ថយករណីឆ្លង ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បាន។
នាពេលកន្លងមក អង្គការ WHO បានណែនាំថា អ្នកជំងឺ គួរតែពាក់ម៉ាស់នៅទីសាធារណៈ ចំណែកមនុស្សធម្មតា មិនចាំបាច់ពាក់ឡើយ។ ប៉ុន្តែនាថ្ងៃទី៥ ខែមិថុនា អង្គការអន្តរជាតិមួយនេះ បានចេញសេចក្តីថ្លែងការណ៍ណែនាំថ្មីមួយ ដោយអំពាវនាវឲ្យប្រជាជនទាំងអស់ ពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19។
គោលការណ៍ណែនាំថ្មីនេះ ធ្វើឡើងបន្ទាប់ពីអង្គការរកឃើញភស្តុតាងវិវដ្តថ្មី។ បើតាមការបញ្ជាក់របស់នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់យ៉ាងដូច្នេះថា នៅក្នុងការរកឃើញភស្តុតាងវិវដ្តថ្មី អង្គការ WHO ផ្តល់យោបល់ឲ្យរដ្ឋាភិបាលប្រទេសមួយចំនួន គួរតែលើកទឹកចិត្តឲ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស់នៅទីសាធារណៈ ដែលមានការរាតត្បាតនៃCOVID-19 ខ្លាំង និងនៅទីកន្លែងដែលពិបាកក្នុងការរក្សាគម្លាតសុវត្ថិភាព។ ក្នុងលក្ខខណ្ឌដែលមិនអាចរក្សាគម្លាតបាននេះ ចាស់ៗវ័យ ៦០ ឬលើសពីនេះ ក៏គួរតែពាក់ម៉ាសដែរ។
ទន្ទឹមគ្នានេះ ស្ថាប័នសុខភាពមួយនេះ បានអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ការពារ ដែលមានបីស្រទាប់ ទើបវាមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយករណីឆ្លងកូរ៉ូណាវីរុសបាន។
យ៉ាងណាក៏ដោយ គោលការណ៍ណែនាំចាស់មួយចំនួន ត្រូវបានអង្គការអន្តរជាតិមួយនេះ រក្សាទុកនៅដដែលដូចជា៖ បុគ្គលដែលមានចេញរោគសញ្ញា COVID-19 គួរតែស្នាក់នៅផ្ទះ ការរក្សាអនាម័យ និងបុគ្គលិកសុខាភិបាលត្រូវតែពាក់ម៉ាស់ជាដើម។ គិតមកត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនា COVID-19 នៅលើពិភពលោកមានចំនួនសរុប ៦,៨លានករណី អ្នកស្លាប់ចំនួនជិត ៤០ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៣,៣លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com