អន្តរជាតិ
មេ​អាល់​កៃ​ដា​ប្រចាំ​អាហ្វ្រិក​ខាងជើង​ស្លាប់​ដោយសារ​ទ័ពបារាំង​
07, Jun 2020 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​កងទ័ព​បារាំង បានសម្លាប់​មេដឹកនាំ​ភេ​វរ​កម្ម​អាល់​កៃ​ដា ប្រចាំ​តំបន់​អាហ្វ្រិក​ខាងជើង នា​អំឡុង​នៃប្រតិបត្តិ​ការ​សឹក​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី ក្បែរ​ព្រំដែន​អាល់​ហ្សេ​រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដែល​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly​។​
 
Adbelmalek Droukdel អាយុ​៥០​ឆ្នាំ ដើមកំណើត​អាល់​ហ្សេ​រី បាន​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​តាំងពី​ឆ្នាំ​១៩៩៣​មក ហើយ​ក្លាយជា​មេដឹកនាំ​ចលនា​ឧទ្ទាម​អាល់​កៃ​ដា (AQIM) ចាប់ពី​ឆ្នាំ​២០០៤ មក​។ មេដឹកនាំ​នេះ បាន​ស្លាប់​នៅ​ទីតាំង​ដែល​ខ្លួន​ប្រើប្រាស់​ដើម្បី​បំផ្ទុះ​គ្រាប់បែក និង​ចាប់ជំរិត​ជនបរទេស​។​
 
​លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​គូសបញ្ជាក់​ពី​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ប្រតិបត្តិការ​នេះ ខណៈ​កន្លងមក ក្រុម​អាល់​កៃ​ដា​ក្រោម​ការដឹកនាំ​របស់ Droukdel បានសម្លាប់​ទាហាន ក៏ដូចជា​ពលរដ្ឋ​នៅ​ក្រុង Sahel និង​ការវាយប្រហារ​នៅ​ឆ្នាំ​២០១៦ ដែល​ឆក់យក​ជីវិត​មនុស្ស​៣០​នាក់​នៅ​បួ​គី​ណា​ហ្វា​សូ​៕
 
 

Tag:
 អាល់​កៃ​ដា
© រក្សាសិទ្ធិដោយ thmeythmey.com