អន្តរជាតិ
OPEC+ យល់ព្រមកាត់បន្ថយការផលិតប្រេង៩,៧លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ខែកក្កដា រូបភាព៖ Reuters
× អង្គការនៃក្រុមប្រទេសនាំចេញប្រេង និងប្រទេសពាក់ព័ន្ធមួយចំនួន (OPEC+) នៅថ្ងៃទី៦ ខែមិថុនា បានយល់ព្រមកាត់បន្ថយការផលិតប្រេងជិត ១០លានបារ៉ែលក្នុងថ្ងៃរហូតដល់ខែកក្កដា។ ការសម្រេចកាត់បន្ថយចំនួនផលិតប្រេងជាថ្មីបែបនេះ ធ្វើឡើងដើម្បីស្តារតម្លៃប្រេង ដែលបានធ្លាក់ចុះយ៉ាងខ្លាំងបំផុត។
ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការកាត់បន្ថយការប្រើប្រាស់ប្រេងរបស់ប្រទេសនីមួយៗ។ បញ្ហានេះ បានធ្វើឲ្យអង្គការ OPEC+ សម្រេចកាត់បន្ថយការផលិតប្រេងប្រមាណ ៩,៧លានបារ៉ែលក្នុងថ្ងៃ ចាប់ពីខែឧសភា រហូតដល់ដំណាច់ខែមិថុនា។
ដោយមើលឃើញថាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមិនទាន់ល្អ និងកំណើនប្រេងមានកាន់តែច្រើននៅក្នុងស្តុក ក្រុមប្រទេសOPEC រុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀត បានយល់ព្រមកាត់បន្ថយការផលិតប្រេងចំនួន ៩,៧លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែកក្កដា។ រយៈពេលបន្ទាប់ពីនេះ ដល់ដំណាច់ឆ្នាំ២០២០ ក្រុមប្រទេសទាំងអស់ នឹងកាត់បន្ថយការផលិតប្រេងជិត ៨លានបារ៉ែលក្នុងមួយថ្ងៃ និងកាត់បន្ថយ ៦បារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេល ១៦ខែ ដោយចាប់គិតចាប់ពីឆ្នាំ២០២១ទៅ។
តាមលើកឡើងនៅក្នុងកិច្ចប្រជុំតាម Video Conference រដ្ឋមន្ត្រីប្រេងអាល់ហ្សេរី និងជាប្រធានក្រុមប្រទេសនាំចេញប្រេងOPEC លោក Mohamed Arkab បានព្រមានដល់សមាជិកប្រទេស ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំថា ការស្តុកប្រេងសកល អាចកើនឡើងដោយ ១,៥ពាន់លានបារ៉ែល កាត់ត្រឹមចំណុចកណ្តាលនៃឆ្នាំ២០២០នេះ។
ការសម្រេចជុំវិញការកាត់បន្ថយប្រេងលើកចុងក្រោយនេះ គឺមានការបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ ដើម្បីស្តារតម្លៃប្រេងសកលឡើងវីញ។ លោករដ្ឋមន្ត្រីថាមពលរបស់អេមីរ៉ាត់អារ៉ាប់រួម បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន ដោយបន្ថែមថា នេះគឺជាការសម្រេចចិត្តដ៏ល្អ និងជាកិច្ចខិតខំរួមរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីរក្សាតម្លៃប្រេងសកលឲ្យល្អបំផុត៕
សូមបញ្ជាក់ថា អង្គការនៃក្រុមប្រទេសផលិតប្រេងបូក (OPEC+) មានសមាជិក២៤ប្រទេស ដូចជា អាហ្សេរី អង់ហ្គោឡា កុងហ្គោ ហ្គីណេអេក្វាទ័រ ហ្កាបុង អ៊ីរ៉ាក់ អ៊ីរ៉ង់ កូវ៉ែត លីប៉ី នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួមវ៉េណេស៊ុយអេឡា រុស្ស៊ី អាស៊ែបៃហ្សង់ បារ៉ែន ព្រុយណេ កាហ្សាក់ស្ថាន ម៉ាឡេស៊ី ម៉ិកស៊ិក អូម៉ង់ ស៊ូដង់ខាងត្បូង និងស៊ូដង់៕
© រក្សាសិទ្ធិដោយ thmeythmey.com