ជាតិ
អាជីវកម្មទេសចរណ៍ដែលអនុវត្តត្រឹមត្រូវក្នុងកាលៈទេសៈ COVID-19 នឹងទទួលបានបណ្ណបញ្ជាក់គុណភាព...
×
ដោយ៖ ខន ណារី
ភ្នំពេញ៖ ក្នុងកាលៈទេសៈ កូវីដ-១៩ ក្រសួងទេសចរណ៍ ប្រកាសដាក់ឲ្យអនុវត្តនូវវិធានការសុវត្ថិភាព និងក្រមប្រតិបត្តិថ្មីៗ សម្រាប់អាជីវកម្មទេសចរណ៍ធំៗ ចំនួន៤ ដែលក្នុងនោះរួមមាន សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក។ អាជីវកម្មដែលអនុវត្តបានត្រឹមត្រូវក៏នឹងទទួលបានបណ្ណបញ្ជាក់គុណភាព ឬ Label ពីក្រសួងផងដែរ។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រី ថោង ខុន។
ថ្លែងក្នុងពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ដំណាក់កាលវិបតិ្តជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា វិធានការសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីៗ សម្រាប់អាជីវកម្មទេសចរណ៍ធំៗ ចំនួន៤ គឺត្រូវផ្សព្វផ្សាយបញ្ជ្រាបឲ្យមានការអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ លោកក៏បានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត រៀបចំក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា អាជីវកម្មធំៗទាំង៤ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងចូលរួមទប់ស្កាត់ការរីករាលដាលប្រកបដោយប្រសិទ្ធភាពផង នៅពេលមានប្រជាពលរដ្ឋទៅកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍នានា។ លោកបន្តថា «ប្រសិនបើមូលដ្ឋានអាជីវកម្មណាអនុវត្តតាមត្រឹមត្រូវ តាមវិធានសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មរបស់ខ្លួន ក្រសួងទេសចរណ៍នឹងប្រគល់ជូននូវបណ្ណបញ្ជាក់គុណភាពសុវត្ថិភាព ទេសចរណ៍ ឬហៅថា Label សម្រាប់បិទផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមូលដ្ឋានអាជីវកម្មរបស់ពួកគេ»។
បើតាមបញ្ជាក់របស់លោក ថោង ខុន បច្ចុប្បន្នចលនាភ្ញៀវទេសចរក្នុងស្រុកមានការងើបឡើងវិញគួរឲ្យកត់សម្គាល់ ប៉ុន្តែទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនចំពោះបញ្ជានៃការរីករាលដាលជំងឺកូវីដ-១៩នេះឡើយ ពោលគឺត្រូវបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនេះតទៅមុខទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com