ជាតិ
យុវជនមួយក្រុមជិះម៉ូតូឡើងភ្នំឱរ៉ាល់ដោយប្រើរយៈពេល២យប់៣ថ្ងៃ រូបអ្នកមគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់ ពីហ្វេសប៊ុកលោក ឈឺន ឈីម
× ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ យុវជនមួយក្រុមមានគ្នាប្រមាណ៥នាក់បានជិះម៉ូតូឡើងភ្នំឱរ៉ាល់ ដោយប្រើរយៈពេល២យប់៣ថ្ងៃ ដូចការឡើងភ្នំដោយថ្មើរជើងដែរ។ បើតាមលោក ឈឺន ឈីម មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ នេះជាលើកដំបូងដែលភ្ញៀវទេសចរឡើងភ្នំដោយជិះម៉ូតូ។
លោក ឈឺន ឈីម មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ បានប្រាប់ថ្មីៗ២៥ តាមទូរសព្ទថា៖ « នេះជាលើកដំបូងដែលឡើងភ្នំដោយជិះម៉ូតូបែបនេះ ហើយខ្ញុំក៏ភ្ញាក់ផ្អើលដែលប្រើពេលខ្លី ត្រឹម២យប់៣ថ្ងៃប៉ុណ្ណោះ»។ នៅឆ្នាំ២០១៨ ធ្លាប់អ្នកឡើងភ្នំឱរ៉ាល់ដោយជិះឡាន ប្រើពេលរយៈពេលប្រមាណជាង៣០ថ្ងៃ។ រីឯឆ្នាំ២០១៩ មានអ្នកឡើងភ្នំឱរ៉ាល់ដោយជិះកង់ ដោយរយៈពេលដូចគ្នានឹងជិះម៉ូតូផងដែរ។
លោកក៏បានបន្ថែមថា ឡើងភ្នំដោយថ្មើរជើង និងដោយយានជំនិះ វាពិតជាមានភាពខុសគ្នាខ្លាំងណាស់។ ជិះម៉ូតូឡើងភ្នំគឺវាពិតជាពិបាកខ្លាំង ហើយថែមទាំងប្រថុយគ្រោះថ្នាក់ទៀតផង។ កន្លែងខ្លះក៏ត្រូវជិះបាន ហើយខ្លះទៀតក៏ត្រូវលើកម៉ូតូ ទាញខ្សែសណ្ដោងទាំងមនុស្ស និងម៉ូតូ។ ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមយុវជនមួយក្រុមនោះបានប្តេជ្ញានឹងឡើងឲ្យដល់ត្រឹមរយៈពេល២យប់៣ថ្ងៃ។
ការជិះម៉ូតូឡើងភ្នំ ពេលឡើងគឺពិបាកជាងពេលចុះត្រឡប់មកវិញ។ ដោយសារតែភ្នំខ្ពស់ ហើយចោទពេលឡើងត្រូវមានការប្រុងប្រយ័ត្ន សម្រាប់ពីចុះមកវិញគឺមិនសូវមិនពិបាកខ្លាំងដូចពេលឡើងនោះទេ។ ពេលនាំភ្ញៀវទេសចរឡើងភ្នំដោយជិះម៉ូតូនោះ លោក ឈីម មានគ្នា២នាក់ និងភ្ញៀវឡើងភ្នំ៥នាក់ ហើយម៉ូតូដែលជិះឡើងនោះក៏មិនធំដែរ។
ThmeyThmey25 មិនមានលេខទូរសព្ទរបស់ក្រុមយុវជនដើម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងដំណើរតាមម៉ូតូទៅកំពូលភ្នំឱរ៉ាល់របស់ពួកគាត់នោះឡើយ៕
Tag:
ទេសចរណ៍
ភ្នំឱរ៉ាល់ កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com