ដោយ៖ ខន ណារី
បាត់ដំបង៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។ តាមរដ្ឋបាលខេត្ត ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។
បើតាមមន្ទីទេសចរណ៍ខេត្តបាត់ដំបង សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ដោយសារនៅទីនោះមានដើមឈើធំៗ ចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង ២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗ ជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។
ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗ គួរជាទីគយគន់។ ទីភ្នំខ្ពស់ៗ អមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា: សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍។
សូមបញ្ជាក់ថានៅសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មានសកម្មភាពកម្សាន្តជាច្រើនដូចជា៖
- ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់។
- ការងូតទឹកជ្រោះកម្សាន្ត
- ការពិសារអាហារប្លែកៗ ក្នុងតំបន់ ដែលចំអិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់
- ការបោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់
- ការទស្សនាហ្វូងមេអំបៅ
- ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ
- ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពីសហគមន៍
- និងការទទួលបាននូវបទពិសោធន៍ថ្មីប្លែកៗ ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត នៃខេត្តបាត់ដំបង៕
ប្រភពរូបថត៖ រដ្ឋបាល និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង