COVID-19
អន្តរជាតិ
បារាំង៖ ​ចោល​ម៉ាស ឬ​កន្ទុយបារី តាមផ្លូវ នឹងរង​ពិន័យ​រហូតដល់​ជាង​១៥០​ដុល្លារ​
07, Jun 2020 , 5:45 pm        
រូបភាព
ដោយ: ធីតា
នៅ​បារាំង ការ​ចោល​សំរាម​នៅ​ទីសាធារណៈ ក្នុងនោះ​មានដូចជា​ម៉ាស ឬ​កន្ទុយបារី ជាដើម​នោះ នឹង​កើន​ប្រាក់​ពិន័យ​ពី​៦៨​អឺរ៉ូ ទៅ​១៣៥​អឺរ៉ូ (១៥២.៤៤​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បារាំង លោកស្រី Brune Poirson ដែល​ដកស្រង់​ដោយ AFP​។​



​សេចក្តីព្រាងច្បាប់​ដែល​នឹងត្រូវ​ឆ្លង​ការពិភាក្សា​នា​ពាក់កណ្តាល​ខែមិថុនា នេះ បាន​ផ្តោតលើ​ម៉ាស ស្រោមដៃ កន្ទុយបារី រួមទាំង​សំណល់​ផ្សេងទៀត ដែល​ពលរដ្ឋ​និយម​ចោល ទាំង​ភ្លេចខ្លួន និង​ចេតនា​។ ករណី​ពិន័យ​ក៏​អាច​ឡើងដល់​៣៧៥​អឺរ៉ូ ឬ​៧៥០​អឺរ៉ូ ផងដែរ ប្រសិន​ប៉ូលិស​សាកសួរ​ផ្ទាល់មាត់ ហើយ​ក្រោយមក បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

​លោកស្រី Brune Poirson បាន​គូសបញ្ជាក់ថា សំរាម​ភាគច្រើន​ដែល​ចោល​នៅលើ​ដី ជាទូទៅ​តែងតែ​បន្ត​ធ្លាក់ចូល​សមុទ្រ​។ ការ​រាលដាល​កូ​វីដ​-១៩ នា​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មានការ​ចោល​ម៉ាស​ពេញ​ផ្លូវ​ផងដែរ ដែល​តម្រូវ​ឲ្យ​សាធារណជន គិតគូ​ទាំង​សុខភាព​ផ្ទាល់ខ្លួន និង​បញ្ហា​បរិស្ថាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com