ពីនេះ ពីនោះ
សុខភាព
ដឹងទេ? ឡេលាបការពារកម្ដៅថ្ងៃ អាចបង្កគ្រោះថ្នាក់ទាំងនេះ
× ទោះបីជាឧស្សាហ៍ប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃញឹកញាប់ក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាផលិតផលនេះអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភមួយចំនួន។ ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ ៖
១. រមាស់រោលកន្ទួលក្រហមលើស្បែក
នេះក៏ព្រោះតែមនុស្សមួយចំនួនមានប្រតិកម្មទៅនឹងសារធាតុគីមីមួយចំនួនដែលរកឃើញនៅក្នុងឡេលាបការពារកម្ដៅថ្ងៃដូចជាសារធាតុរក្សាទុកបានយូរនិងផ្ដល់ក្លិនក្រអូប។ ដូច្នេះដើម្បីជាការប្រសើរមុននឹងលាបឡេការពារកម្ដៅថ្ងៃពេញលើរាងកាយ ចូរសាកល្បងលាបបន្តិចត្រង់ផ្នែកខាងក្នុងនៃដើមដៃខាងលើជាមុនសិននិងរងចាំសម្រាប់រយៈពេល ២៤ ម៉ោងដើម្បីពិសោធន៍ថាតើស្បែកប្រតិកម្មជាមួយនឹងឡេលាបការពារកម្ដៅថ្ងៃណាមួយនោះឬអត់។
២. ពងបែកជុំវិញគល់រោម
ការប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃខុសអាចបង្កអាការៈរមាស់ ឬឡើងពងបែកជុំវិញគល់រោមដោយសារផលប៉ះពាល់នៃសារធាតុគីមីដែលវាមានផ្ទុក។ ដូច្នេះដើម្បីជាការប្រសើរមុននឹងធ្វើការទិញឡេលាបការពារកម្ដៅថ្ងៃ ចូរពិនិត្យឱ្យបានច្បាស់ពីគុណភាពនិងព័ត៌មានលម្អិតនៃផលិតផលសិន។ ហើយក៏ត្រូវប្រាកដផងដែរថាវាសាកសមនឹងប្រភេទនៃស្បែករបស់អ្នក។
៣. រោគមុន
ការលាបឡេការពារកម្ដៅថ្ងៃលើស្បែកមុខអាចជាការប្រថុយធំមួយ។ ទោះជាយ៉ាងណាវាអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ ពិសេសប្រសិនបើអ្នកមានស្បែកដែលងាយនឹងកើតមុន។ ចូរជ្រើសរើសផលិតផលណាដែលសាកសមឥតខ្ចោះជាមួយប្រភេទនៃស្បែករបស់អ្នក ដោយវាមិនបង្កបញ្ហាស្ទះរន្ធញើស ឬរលាកស្បែក។
៤. ហានិភ័យនៃជំងឺមហារីក
តើអ្នកធ្លាប់ដឹងទេថាឡេលាបការពារកម្ដៅថ្ងៃមួយចំណួនអាចបង្កើនហានិភ័យនៃជមងឺមហារីកស្បែកដោយសារសារធាតុគីមី ឬវត្ថុធាតុដើមដែលវាមានផ្ទុក? ដើម្បីជាការប្រសើរចូរជ្រើសរើសផលិតផលប្រភេទណាដែលគ្មានផ្ទុកសារធាតុ Retinyl palmitate ឬ vitamin A palmitate ខណៈដែលវាអាចបង្កមហារីកស្បែកនិងហានិភ័យនៃជំងឺមហារីកសុដន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com